Wednesday, October 16, 2013

គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ពី​កំណែទម្រង់​ការបោះឆ្នោត នាពេលខាងមុខ​

By on 10:34 AM
ភ្នំពេញ៖ គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ ស្តីពី កំណែទម្រង់​ការបោះឆ្នោត នាពេលខាងមុខ​។ សេចក្តីថ្លែងការណ៍​របស់​បក្ស​កាន់អំណាច ដែល​បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​តុលា​នេះ បាន​លើកឡើង​នូវ​ជំហរ និង​ការប្តេជ្ញា​ចិត្ត ៥ ចំណុច ដើម្បី​កែ​ទម្រង់​ការ​បោះឆ្នោត នាពេលខាងមុខ ស្រប​តាម​គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។​

សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា ចុះ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៣ ដែល​បាន​ផ្សព្វផ្សាយ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣ បានប្រកាស​នូវ​ជំហរ និង​ការប្តេជ្ញាចិត្ត​របស់​ខ្លួន ក្នុង​ការកែទម្រង់ការ​បោះឆ្នោត នាពេលខាងមុខ ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដូចខាងក្រោម​៖

១-​ស្នើធ្វើវិសោធនកម្ម​ច្បាប់ និង​នីតិរដ្ឋ​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ជាអាទិ៍ ច្បាប់​ស្តីពី​ការបោះឆ្នោត ច្បាប់​ស្តីពី​គណបក្សនយោបាយ បទបញ្ជា និង​នីតិវិធី នៃ​ការបោះឆ្នោត ដើម្បី​ធានា​ដល់​ការកែលម្អ​ឲ្យ​កាន់តែ​សុក្រឹត​ថែម​ទៀត នូវ​ដំណើរការ​នៃ​ការបោះឆ្នោត​។​

២-​ស្នើ​ឲ្យមាន​ក្របខណ្ឌគតិយុត្តិ​មួយចំនួន​ថែមទៀត ដើម្បី​បន្ត​លើកកម្ពស់​សុចរិត​ភាព និង​តម្លាភាព នៃ​ដំណើរការ​បោះឆ្នោត ជាអាទិ៍ ការស្នើ​សេចក្តីព្រាងច្បាប់ ស្តីពី ថវិកា​គណបក្សនយោបាយ ច្បាប់​នានា និង​លិខិត​បទដ្ឋាន​មួយចំនួនទៀត ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​។​ល​។​

៣-​ក្នុង​ដំណើរការ​កំណែទម្រង់​ខាងលើនេះ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់​គោលការណ៍​បើកចំហ និង​ទទួលយក​មក​សិក្សា នូវ​អនុសាសន៍​នានា ទាំង​ជាតិ និង​ទាំ​អន្តរជាតិ ទាក់ទង​នឹង​ការបោះឆ្នោត​។​

៤-​យន្តការ​សមស្រប​មួយ អាច​នឹង​ត្រូវ​បង្កើតឡើង ដើម្បី​សិក្សា​ស្រាវជ្រាវ​បង្កើតឲ្យបាន​ក្រប​ខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

៥-​ក្រប​ខណ្ឌ​កំណែទម្រង់​ដ៏​មាន​សារៈសំខាន់​នេះ ត្រូវធ្វើតាមរយៈអង្គការនីតិប្រតិបត្តិ និង​នីតិបញ្ញត្តិ​។​

​សេចក្តីថ្លែងការណ៍ ស្តីពី​កំណែទម្រង់​ការបោះឆ្នោត នាពេលខាងមុខ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់ថា ធ្វើឡើង ផ្អែក​លើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​នានា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​យោង​តាម​ស្ថានការណ៍​ជាក់ស្តែង​ក្រោយ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងទៅ និង​យោង​តាម​ជំនួប​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣​។​
​ ​
​ចុងបញ្ចប់ នៃ​សេចក្តីថ្លែងការណ៍ គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ចំពោះ​សហគមន៍​ជាតិ និង​អន្តរជាតិ សូមមេត្តា​បន្ត​គាំទ្រ​ដំណើរការ នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និង​នីតិរដ្ឋ រួមចំណែក​ដល់​បុព្វហេតុ​ផ្សះផ្សារ បង្រួបបង្រួម​ជាតិ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា ជា​បន្ត​ទៀត​៕​

ប្រភព៖ CEN