
ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសខណ្ឌទួលគោកធ្វើការឃាត់ខ្លួន ក្នុងខណៈពេលដែលយុវជនម្នាក់ធ្វើសកម្មភាពដោះយកស្លាកលេខនិងចង្កៀងម៉ូតូបាន៥គ្រឿង នៅតាមកន្លែងផ្ញើ កង់ ម៉ូតូនៅវិទ្យាល័យជា ស៊ីមសន្ធរម៉ុកដាក់ក្នុងកាបូបបំរុងគេចខ្លួននោះ។
ប៉ូលិសបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នេះបានកាលពីរសៀលថ្ងៃទី២៥ ខែតុលាវេលាម៉ោង២និង៣០នាទីនៅក្នុងវិទ្យាល័យជា ស៊ីមសន្ធរម៉ុក ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ជនសង្ស័យម្នាក់នេះត្រូវបានសមត្ថកិច្ចប៉ូលិសប្រាប់អោយស្គាល់ឈ្មោះ ឃួង គឹមហូត ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវបេតុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះជាសិស្សសាលាជា ស៊ីមសន្ធរម៉ុកមានចំនួន៥នាក់ ហើយស្លាកលេខនិងចង្កៀងម៉ូតូដែលចោរដោះយកទាំងនោះក៏ត្រូវបានប៉ូលិសដកហូតប្រគល់ជូនជនរងគ្រោះវិញ អស់ ហើយដែរ។
មន្ត្រីប៉ូលិសខណ្ឌទួលគោកបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៥នាក់ដែលជាសិស្សសាលាសន្ធរម៉ុកបានជិះម៉ូតូ៥គ្រឿងគឺម៉ាកហុងដា សេ១១០ ប្រើប៉ិច២គ្រឿងពណ៌ក្រហមនិងពណ៌ខ្មៅ២គ្រឿង ព្រមទាំងម៉ូតូគុប១គ្រឿងមកផ្ញើនៅកន្លែងផ្ញើម៉ូតូក្នុងបរិវេណសាលានេះ ហើយក៏បាននាំគ្នាចូលរៀនអស់។ លុះដល់ម៉ោងកើតហេតុក៏ស្រាប់តែជនសង្ស័យម្នាក់នេះស្លៀកពាក់បន្លំជាសិស្សសាលាចូលទៅធ្វើសកម្មភាពដោះយកស្លាកលេខម៉ូតូបាន៤ម៉ូតូនិង ចង្កៀងម៉ូតូគុប១ដាក់ក្នុងកាបូបតែម្តង ប៉ុន្តែក្នុងសកម្មភាពនោះត្រូវបានក្រុមសន្តិសុខឃើញទាន់ក៏បានធ្វើការឃាត់ខ្លួនប្រគល់អោយប៉ូលិសចាត់ការទៅតាមច្បាប់តែម្តង៕
ប្រភព៖ កម្ពុជាថ្មី
