
ភ្នំពេញ ៖ បុរសម្នាក់បានធ្លាក់ពីលើទូកកម្សាន្តដែលក្រុមហ៊ុនMOBITELជួលសម្រាប់ជប់លៀងបុគ្គលិក ហើយរហូតមកដល់ពេលនេះនៅមិនទាន់រកឃើញសពនៅឡើយ។ ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហានេះដំបូងឡើយមានការបិទបាំងព័ត៌មានពីសំណាក់ម្ចាស់ទូក ក៏ដូចជាបុគ្គលិកក្រុមហ៊ុននោះ លុះក្រោយមកទើបបង្ហើបប្រាប់ តែព័ត៌មាននោះគឺខុសគ្នាទាំងស្រុង ហើយស្ថិតក្នុងភាពអាថ៌កំបាំងទៀតផង។ហេតុការណ៍បុរសម្នាក់ធ្លាក់ពីលើទូកនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣នៅចំណុចទន្លេចតុមុខ មុខផ្សារត្រី។ ជនរងគ្រោះមានឈ្មោះ កែវ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ជាបុគ្គលិកនៅក្រុមហ៊ុន MOBITEL មានទីលំនៅផ្ទះលេខ២៦៤ ផ្លូវ១៤៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុនោះក្រុមហ៊ុនMOBITELបានរៀបចំពិធីជប់លៀងសម្រាប់បុគ្គលិកដោយជួលទូកកម្សាន្តជិះទៅផឹកស៊ីសប្បាយនៅកណ្ដាលទន្លេ។ លុះពេលត្រឡប់មកវិញក៏ស្រាប់តែបុរសរងគ្រោះនោះធ្លាក់ពីលើទូកនោះតែម្ដង ហើយរហូតមកដល់ពេលនេះនៅមិនទាន់រកឃើញសពនៅឡើយ។ ក្រុមគ្រួសារជនរងគ្រោះបន្តថា បញ្ហានៃការស្លាប់របស់បុរសរងគ្រោះស្ថិតនៅក្នុងភាពអាថ៌កំបាំង ព្រោះមានការបិទបាំងព័ត៌មានពីសំណាក់ម្ចាស់ទូកក៏ដូចជាបុគ្គលិកក្រុមហ៊ុន។ លុះក្រោយមកទើបប្រាប់តែស្ថិតក្នុងភាពមិនច្បាស់លាស់ ព្រោះសំដីរវាងម្ចាស់ទូក និង បុគ្គលិកក្រុមហ៊ុនមិនស៊ីសង្វាក់គ្នា ហើយការនិយាយទៀតសោតក៏ស្ថិតនៅក្នុងការលាក់លៀមទៀតផង។
ពាក់ព័ន្ធនឹងបញ្ហានេះម្ចាស់ទូកឈ្មោះ អ៊ី ប្រាហ៊ីម ភេទស្រី អាយុ៦៨ឆ្នាំ សញ្ជាតិខ្មែរឥស្លាម បាននិយាយថា ជារៀងរាល់ឆ្នាំក្រុមហ៊ុនMOBITELតែងតែជួលទូកគាត់សម្រាប់ពិធីជប់លៀងនោះមិនដែលមានបញ្ហានោះទេ ទើបតែថ្ងៃកើតហេតុនោះក៏មានរឿងហេតុដូច្នេះតែម្ដង។ម្ចាស់ទូកបន្តថា បុរសនោះបានលោតពីលើទូកដោយខ្លួនឯង មិនពាក់ព័ន្ធនឹងបញ្ហាទូករបស់គាត់ឡើយ។ ប៉ុន្តែគាត់បានបញ្ជាក់ថា ទូករបស់គាត់មានបញ្ហាផ្នែកខាងស្ដាំដែលបុរសរងគ្រោះធ្លាក់នោះ ប៉ុន្តែគាត់ពុំបានប្រាប់ក្រុមហ៊ុនឲ្យដឹងពីបញ្ហានេះជាមុននោះទេ។ បើតាមសំដីរបស់បុគ្គលិកក្រុមហ៊ុននោះវិញបាននិយាយថា បុរសរងគ្រោះនោះបានមិនបានលោតពីលើទូកនោះទេ ប៉ុន្តែបានបិទបាំងព័ត៌មាន ដោយពុំប្រាប់ពីមូលហេតុនៃការធ្លាក់ទូកនោះទេ គ្រាន់តែបញ្ជាក់ថា ក្នុងពេលបុរសនោះធ្លាក់ពីលើទូកនោះគឺមានបុរសម្នាក់ទៀតបានលោតទៅជួយដែរ តែមិនបានសម្រេចឡើយ ហើយបុរសដែលលោតទៅជួយនោះក៏ត្រូវបានទូកផ្សេងទៀតចុះជួយស្រង់មិនប៉ះពាល់ដល់អាយុជីវិតទេ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរក្រុមគ្រួសារជនរងគ្រោះបានព្យាយាមសួរនាំម្ចាស់ទូក និង បុគ្គលិកក្រុមហ៊ុននោះដែរ តែដំបូងឡើយភាគីទាំងបានព្យាយាមបិទបាំងព័ត៌មានដោយមិនបានបង្ហើបប្រាប់ពីមូលហេតុអ្វីទាំងអស់ សូម្បីតែសមត្ថកិច្ចចុះទៅសួរនាំក៏មិនប្រាប់ពីមូលហេតុនោះដែរ រហូតទាល់តែសមត្ថកិច្ចចេញទៅវិញអស់ទើបបង្ហើបប្រាប់ក្រុមគ្រួសារជនរងគ្រោះតែមានការខ្វែងគំនិតគ្នា ដោយបុគ្គលិកក្រុមហ៊ុននិយាយផ្សេង ម្ចាស់ទូកនិយាយផ្សេង ហើយការប្រាប់ទៀតសោតក៏មានការបិទបាំងព័ត៌មានមានទៀតផង។
ជុំវិញបញ្ហានេះក្រុមគ្រួសារជនរងគ្រោះបានសំណូមពរដល់ភាគីម្ចាស់ទូកក៏ដូចជាបុគ្គលិកក្រុមហ៊ុនប្រាប់ពីមូលហេតុពិតប្រាកដនៃការធ្លាក់ទឹកនេះថាតើបណ្ដាលមកពីបញ្ហាបច្ចេកទេសទូក ឬបញ្ហាផ្សេង និង បានសំណូមពរដល់សមត្ថកិច្ចមេត្តាស៊ើបអង្កេតបញ្ហានេះផង ដើម្បីផ្ដល់យុត្តិធម៌ដល់សពក៏ដូចក្រុមគ្រួសារនៃសពកុំឲ្យមានការមន្ទិលសង្ស័យដូច្នេះ៕

ប្រភព៖ កម្ពុជាថ្មី
