
រាជធានីភ្នំពេញ ៖ ស្នូរកាំភ្លើងបានលាន់ឮរំពងទាំងកណ្តាល ដែលជាសមិទ្ធិផលនៃការធ្វើសកម្មភាពប្លន់ បានបន្សល់ទុកជូនសមត្ថកិច្ច និងបង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលសាទរក្នុងការងារដែលប្លន់បានជោគជ័យ ។ ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីម៉ោង ១១ និង២០ នាទីថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅផ្សារឯករាជ្យ២ តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន។ នារីរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ថាវ ស្រីលីន អាយុ ២៤ឆ្នាំ ជានិស្សិតស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូស្កុបពីពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1BY-2898 តាមបណ្តោយផ្លូវវេងស្រេង លុះដល់ផ្សារឯករាជ្យ២ ជាចំណុចកើតហេតុនោះ នារីរងគ្រោះបានចតម៉ូតូបម្រុងចូលទៅក្នុងផ្សារជួបបងប្អូន។ ពេលនារីរងគ្រោះឈប់ម៉ូតូភ្លាម ស្រាប់តែក្រុមចោរពីនាក់ ជិះម៉ូតូស្មាស់ ប្រដាប់ដោយកាំភ្លើងខ្លី បានមកភ្ជង់គំរាមប្លន់យកម៉ូតូតែម្តង។ គ្រានោះមានប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ ប្រុងចូលជួយផងដែរ តែត្រូវក្រុមចោរបាញ់គំរាមពីរគ្រាប់រួចជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចបានទៅដល់កន្លែងកើត បានរកឃើញសម្បកគ្រាប់កាំភ្លើងកា៥៩ ដែលក្រុមចោរបន្សល់ទុក ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរជនរងគ្រោះ ដើម្បីជាពន្លឺដើម្បីកំណត់មុខសញ្ញាក្រុមចោរប្លន់ទាំងអស់នេះ៕
ប្រភព៖ កំណើតថ្មី
