ខេត្ដសៀមរាប ៖ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៣កម្លាំងនគរបាលស្រុកស្វាយលើ និងរដ្ឋបាលព្រៃឈើបានបង្ក្រាបចាប់ឡានយីឌុបដឹកឈើខុសច្បាប់ចំនួន២គ្រឿងនៅទល់មុខចម្ការកៅស៊ូ ក្រែក ក្នុងភូមិអង្កាញ់ ឃុំ-ស្រុកស្វាយលើ ខេត្ដសៀមរាប ដែលគេដឹងថា ឈើខុសច្បាប់ទាំង២រថយន្ដនេះជារបស់ឧកញ៉ស្រ៊ុន ម៉េងលាង ដែលជាអ្នករកស៊ីឈើដ៏ធំក្នុងស្រុកត្រពាំងប្រាសាទដែលមានទីលំនៅស្រុកមេមត់ខេត្តកំបង់ចាម ហើយក្នុងគោលបំណងលោតឆត្រ័ទៅខេត្ដកំពង់ចាមនិងបន្តទៅប្រទេសវៀតណាម។

អធិការនគរបាលស្រុកស្វាយលើលោកអនុសេនីយ៏ឯក វ៉ន គា បានឲ្យដឹងថា ឡានទាំងពីរគ្រឿងនេះគឺដឹកឈើចេញពីស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ក្នុងបំណងឆ្ពោះទៅកាន់ខេត្តកំពង់ចាមនិងបន្តទៅភ្នំពេញ ឬទៅវៀតណាម ។ ឡានយីឌុបទាំងពីរគ្រឿងនោះទី១ពាក់ស្លាកលេខកំពង់ចាម 3A-1704 បើកបរដោយឈ្មោះ ងួន ដា ប្រុសអាយុ ១៨ ឆ្នាំ ទីលំនៅភូមិកៀន ស្វាយ ក្រុងភ្នំពេញ ។ ទី២ពាក់ស្លាកលេខក្រុងព្រះសីហនុ 3A-0878 នៅពេលឃាត់រថយន្តអ្នកបើកបររត់គេចខ្លួនបាត់។
លោកអធិការបានបន្ដថា រថយន្ដដឹក ឈើខុសច្បាប់ខាងលើនេះក្នុង១គ្រឿង យ៉ាងហោចណាស់ផ្ទុកឈើ៤០ម៉ែត្រគូប ដែលសមត្ថកិច្ចមុនដំបូងសង្ស័យថាជា ឈើរបស់ឈ្មោះ “អាយួន” ប៉ុន្ដែរូបគេ ដឹងថា សមត្ថកិច្ចឃាត់រថយន្ដក៏គេច ខ្លួនបាត់ ហើយរដ្ឋបាលព្រៃឈើក៏បានយក រថយន្ដទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើ ស្រុកស្វាយលើ ។
ប្រភពពីក្រុមឈ្មួញឲ្យដឹងទៀតថា ឡានដឹកឈើទាំងពីរគ្រឿងនោះ មាន១គ្រឿង ជារបស់ឧកញ៉ា ស្រ៊ុន ម៉េងលាង ដែលជាថៅកែ ឈើគ្រញូងដ៏ធំមួយ នៅខេត្តកំពង់ចាម។ ប្រភពពីក្រុមឈ្មួញនៅទីនោះនិយាយ ថា កន្លងទៅឧកញ៉ា ស្រ៊ុន ម៉េងលាង តែងតែបានដឹកឈើលេខ២បង្កប់ឈើ គ្រញូងចេញពីស្រុកត្រញំងប្រាសាទ ខេត្ដ ឧត្ដរមានជ័យឆ្ពោះទៅកាន់ខេត្ដកំពង់ចាមបន្តទៅវៀតណាម ហើយឧកញ៉ារូបនេះមានមុខរបររកស៊ីឈើគ្រញូងជាយូរមកហើយ ដែល សមត្ថកិច្ចមិនទាន់បានបង្ក្រាប ។
ករណីបង្ក្រាបរថយន្ដយីឌុប ដឹកឈើខុសច្បាប់របស់ឧកញ៉ាស្រ៊ុន ម៉េងលាង អាចជាការលោតឆត្រមិន បង់ឱ្យសមត្ថកិច្ចតាមផ្លូវនិងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ទើបក្លាយទៅ ជារឿងបង្ក្រាប ហើយសមត្ថកិច្ចក៏មិន លាក់លៀមពីមេឈ្មួញឧកញ៉ាស្រ៊ុន ម៉េងលាង នេះថែមទៀត ។

គួររំលឹកថា ការដឹកជញ្ជូនបទល្មើសព្រៃឈើ គ្រប់រូបភាព ចូលមកកាន់ក្រុងសៀមរាប និងឆ្លងកាត់ ក្នុង អំឡុងពេលចាប់ពីដើមឆ្នាំ២០១៣ គឺមានសភាពផុសផុលយ៉ាងខ្លាំង តែការទប់ស្កាត់ហាក់មានភាពកំសោយ។ មិនដឹងថា សមត្ថកិច្ចជំនាញ មិនដឹងឬ ជាការត្រូវរូវ ជាមួយឈ្មួញនោះឡើយ៕
ប្រភព៖ កំណើតថ្មី
