Friday, November 1, 2013

ថៅកែ​យានដ្ឋាន​ផ្ញើរថយន្ត​ត្រូវកូន​ឈ្នួល​ធ្វើឱ្យ​ចត់​មាត់ លួច​រថយន្ត​ឡិច​ស៊ីស និង​សោមួយ​ចង្កោម​ទារ​ 1.500$

By on 1:20 PM


រាជធានីភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ីសពណ៌ ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2N-9655 មួយគ្រឿង ម្ចាស់យកទៅផ្ញើនៅយានដ្ឋាន ឈួ 
លឹមហ៊ាង ដែលមានទីតាំងផ្ទះលេខ១០១ ផ្លូវ លេខ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ត្រូវបានអ្នកយាមលួចយក រួមជាមួយនឹង កូនសោរប្រមាណជាង២០ កាលពីថ្ងៃទី៣ តុលា កន្លងមកនេះ ហើយជំរិតទារប្រាក់ ចំនួន ១.៥០០ដុល្លារ ជាថ្នូរនឹងការប្រគល់កូនសោរ ទាំងនោះ ។

ទោះបីជាយ៉ាងណា ម្ចាស់ឃ្លាំងផ្ញើរថយន្តនោះ មិនព្រម ហើយបានតាមរករថយន្តឃើញ នៅក្នុងភូមិគោល ឃុំក្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងប្តឹងសមត្ថកិច្ចដកហូតរថយន្តបញ្ជូនមកកាន់ អធិការដ្ឋានខណ្ឌទួលគោក ដើម្បី ដោះស្រាយជាមួយម្ចាស់រថយន្ត ។ ចំណែកចោរដែលលួចរថយន្តនោះរួមទាំងកូនសោ ដែលលួច ទៅពុំទាន់រកឃើញនៅឡើយទេ ដោយសារតែគេចខ្លួនបាត់ ។ ទោះជាបែបនេះក្តី ប៉ូលិសនិយាយថា ជនជាប់ចោទនោះត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ។ ម្ចាស់រថយន្តដែលចោរលួចយកទៅ ហើយរកឃើញវិញនោះឈ្មោះ ជួន មិថុនា ភេទប្រុស អាយុ៣១ឆ្នាំ ជាសិល្បករ មានទីលំនៅផ្ទះ លេខ១៣ ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ តាមស្ត្រីឈ្មោះ ឈួ វួចទៀង អាយុ ៥៥ឆ្នាំ មានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជាម្ចាស់យានដ្ឋានផ្ញើរថយន្តយីហោ ឈួ លឹមហ៊ាង ឱ្យដឹងថា រថយន្តម៉ាកឡិចស៊ីស ធុន RX300 ត្រូវបានអ្នកយាមឃ្លាំងរបស់គាត់ឈ្មោះ ចាន់ សុផាន ភេទប្រុស អាយុ៤៥ឆ្នាំ លួចយកទៅបាត់កាលពីយប់ថ្ងៃទី៣ តុលា ឆ្នាំ២០១៣ រួមជាមួយកូនសោរថយន្តដែលគេយកមកផ្ញើ១កញ្ច្រែងទៀត ដែលមានចំនួនជាង២០កូនសោ។
ស្ត្រីរូបនោះបន្តទៀតថា នៅពេលលួចរថយន្ត និងកូនសោទៅបាត់នោះ ជននោះបានទូរស័ព្ទមក ជំរិតទារប្រាក់ពីគាត់ចំនួន១.៥០០ដុល្លារ ជាថ្នូរនឹងកូនសោ ហើយឱ្យគាត់ផ្ញើប្រាក់តាមវីង តែគាត់ ពុំព្រម ។ លុះនៅថ្ងៃទី២៦ តុលា ក្រុមគ្រួសាររបស់គាត់តាមរកឃើញរថយន្តនៅផ្ទះឈ្មោះ សាំង សុខេង នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ និងបានអះអាងថា ឈ្មោះ ចាន់ សុផាត ជាមិត្តភក្តិ យកទៅផ្ញើដោយដោះស្លាកលេខចេញ ហើយក៏ប្តឹងសមត្ថកិច្ចដកហូត កាលពីថ្ងៃទី៣០ តុលា នាំមក កាន់អធិការដ្ឋានខណ្ឌទួលគោក ដើម្បីដោះស្រាយ ។ តាមព័ត៌មានឱ្យដឹងថា ម្ចាស់រថយន្តបានឱ្យ ម្ចាស់ ឃ្លាំងជួយធ្វើស្លាកលេខ និងជួយជួសជុលឡើងវិញ ព្រោះរថយន្តត្រូវបានជននោះ ដោះស៊ីគ្រឿងអស់មួយចំនួន ៕