រាជធានីភ្នំពេញ ៖ ឌ្រីមលែនឌ៍ជាកន្លែងកម្សាន្តនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែវាក៏ជាកន្លែងដែលសម្បូរគ្រោះថ្នាក់ផងដែរ។ ជាក់ស្តែងកាលពីថ្ងៃទី០៣ សីហា ឆ្នាំ២០១៣ បុរសម្នាក់ត្រូវបានស្លាប់ដោយសារឆក់ខ្សែរភ្លើង នៅក្នុងមណ្ឌលកំសាន្តឌ្រីមលែនឌ៍ ប៉ុន្តែសន្តិសុខ និងម្ចាស់មណ្ឌលកំសាន្តនេះបានព្យាយាមលាក់បាំងមិនឲ្យអ្នកយកព័ត៌មានដឹងទេ។ ហើយពេលនេះគេក៏មិនទាន់ដឹងថា ជនរងគ្រោះទទួលបានសំណង ឫដោះស្រាយបែបណាពីម្ចាស់មណ្ឌលកំសាន្តនោះទេ ។
សូមបញ្ជាក់ថានេះមិនមែនជាករណីលើកដំបូង ឫក៏លើកចុងក្រោយនោះ ជាក់ស្តែង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ មានស្រ្តីម្នាក់បានធ្លាក់ពីលើឧបករណ៍កម្សាន្ត (ទ្វីនទ្វីសស្ទ័រ) នៅមណ្ឌលកំសាន្ត ឌ្រីមលែនឌ៍នេះ ខណៈស្ត្រីរូបនេះកំពុងជិះកម្សាន្តជាមួយមិត្តភក្តិបម្រើការងារជាមួយគ្នា ហើយដាច់ខ្សែក្រវាត់សុវត្ថិភាពធ្លាក់មកក្រោម បណ្តាលឲ្យបាក់ឆ្អឹងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ស្រ្តីរងគ្រោះដែលបាត់បង់ជីវិត ដោយគ្រោះថ្នាក់នេះ ត្រូវបានគេស្គាល់ ឈ្មោះគឹម គង្គា អាយុ៣៣ឆ្នាំមានស្រុកកំណើតនៅភូមិព្រះពន្លា ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជាបុគ្គលិក បម្រើការងារនៅអង្គការ អាហ្ស៊ូន ស៊ីណា ដែលមានទីតាំងស្ថិតនៅភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅមុនពេលកើតហេតុស្ត្រីរងគ្រោះ និងមិត្តភក្តិរួមការងារ មានទាំងជនបរទេសនៅក្នុងអង្គការអង្គការ អាហ្ស៊ូន ស៊ីណា បាននាំគ្នាមកកម្សាន្តនៅក្នុងមណ្ឌល ឌ្រីមលែនឌ៍។ ស្ត្រីរងគ្រោះនិងស្រ្តីម្នាក់ទៀត ដែលគេមិនស្គាល់ឈ្មោះបានឡើងជិះឧបករណ៍ កម្សាន្តទ្វីនទ្វីសស័្ទរ ហើយខណៈដែលកំពុងជិះ ក៏របើកទ្វា ធ្លាក់ស្រ្តីរងគ្រោះមកក្រោម ប៉ុន្តែស្ត្រីម្នាក់ទៀតដែលជិះជាមួយពុំបានធ្លាក់នោះទេ គ្រាដែលនៅម្ខាងមានសុវត្ថិភាព។
អ្វីដែលគួរឲ្យកត់សំគាល់ នៅក្នុងករណី ធ្លាក់ស្ត្រីរងគ្រោះពី ឪបករណ៍កម្សាន្តបណ្តាលឲ្យស្លាប់យ៉ាងវេទនានេះ អ្នកគ្រប់គ្រងមណ្ឌលកម្សាន្តមួយនេះបានព្យាយាមលាក់បាំងព័ត៌មាន សូម្បីតែសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក៏អ្នកគ្រប់គ្រងនៅមណ្ឌលកំសាន្តឌ្រីមលែនឌ៍នេះមិនអនុញ្ញាត ឲ្យចូលធ្វើកំណត់ហេតុផងដែរ។ មិនតែប៉ុណ្ណោះអ្នកគ្រប់គ្រង និងថៅមណ្ឌលកំសាន្តមួយនេះ បានប្រឹងប្រែងពន្យល់ក្រុមគ្រួសារស្ត្រី រងគ្រោះកុំឲ្យនិយាយផ្តេសផ្តាសប្រាប់ដល់អ្នកការសែតទៀតផង។
ក្រៅពីមានមនុស្សស្លាប់ដោយសារការជិះឧបករណ៍កំសាន្ត ខ្សែរភ្លើងឆក់ និងដោយមូលហេតុផ្សេងៗ នៅក្នុងមណ្ឌលកំសាន្តឌ្រីមលេនឌ៍នេះ គេ ក៏ឃើញមានដូចជាចោរលួច ឆក់ ជាដើម។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ម្ចាស់កំសាន្តនេះព្យាយាមលាក់ មិនឲ្យអ្នកការសែត ឫក៏សមត្ថកិច្ចដោះស្រាយឡើយ។ដូចឆ្នេះចំពោះអ្នកដែលចូលទៅដើរកំសាន្តនៅក្នុងមណ្ឌលកំសាន្តខាងលើនេះ សូមប្រុងប្រយ័ត្នផង ដើម្បីសុវត្ថិភាពខ្លួនឯង ពីការជួបប្រទះនូវហេតុការអាក្រក់ៗដូចជនរងគ្រោះខាងលើ កុំឲ្យសប្បាយក្លាយជាទុក ព្រោះថាមើលទៅកន្លែងកំសាន្តមួយនេះដូចជាមិនមានសុវត្ថិភាពសោះ ៕
ជនរងគ្រោះស្លាប់នៅក្នុងមណ្ឌលកំសាន្តឌ្រីមលែនឌ៍
ប្រភព៖ កំណើតថ្មី




