
ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានស្លាប់ បន្ទាប់ពីត្រូវដើមឈើដួលរលំសង្កត់លើ កាលពីវេលា ម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី៣០ តុលា ២០១៣ នៅក្នុងព្រៃរបស់ក្រុមហ៊ុន ប៊ិញហ្វឿក ព្រំប្រទល់ជាប់ ខេត្តក្រចេះនិងមណ្ឌលគិរី ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជ័យ សំប៊ុន ហៅ អា៧៩ អាប៉ែក អាអូន អាយុ៣៤ឆ្នាំ ជាអ្នកស៊ី ឈ្នួលកាត់ឈើឱ្យថៅកែឈ្មោះម៉ៅ ក្រុមហ៊ុនប៊ិញហ្វឿក១ មានទីលំនៅកំណើតស្រុកពញាក្រែក ខេត្តកំពង់ចាម ។
សាក្សីបានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុជនរងគ្រោះ បានទៅកាត់ឈើដូចសព្វមួយដង ខណៈដើមឈើដាច់ ហើយទ្រេតនិងរលំនោះ ជនរងគ្រោះក៏ភ្ញាក់ ហើយរត់ចេញឱ្យឆ្ងាយពីដើមឈើ ដែលដួល តែសំណាងអាក្រក់ ពេលជនរងគ្រោះកំពុងតែរត់ ក៏ជាន់កាំបិត បណ្តាលឱ្យរត់លែងរួច ពេលនោះមែកដើមឈើបានវាត់មកចំពោះ ផ្នែកខាងស្តាំធ្លាយហូរឈាមកក្លាក់ ។
សាក្សីបន្តថា ភ្លាមនោះមិត្តភក្តិ ដែលនៅក្បែរកន្លែងកើតហេតុ បាននាំជនរងគ្រោះ មកសង្គ្រោះនៅ មន្ទីរពេទ្យ តែដោយសារផ្លូវឆ្ងាយ ហើយថែមទាំងលំបាកទៀតនោះ ជនរងគ្រោះបានដាច់ខ្យល់ ស្លាប់នៅលើរថយន្តតែម្តង ៕
ប្រភព៖ កោះសន្តិភាព
