![]() |
| មេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរ ពេលជួបចរចាគ្នាកាលពីថ្ងៃទី ១៦ កញ្ញាកន្លងទៅ |
ភ្នំពេញៈ ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ បានជំរុញឲ្យគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ គួរចាប់ផ្តើមបើកការចរចាជាថ្មី ដើម្បីដោះស្រាយបញ្ហាជាប់គាំងខាងនយោបាយ ដែលគណបក្សទាំងពីរ មានភាពចម្រូងចម្រាស ទាក់ទងនឹងការបោះឆ្នោតថ្ងៃទី ២៨ ខែ កក្កដា។
បន្ទាប់ពីជំនួបរវាងលោក ហោ ណាំហុង រដ្ឋមន្រ្តី ការបរទេស និងលោក Joachim Baronvon Marschall ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ កាលពីម្សិលមិញ លោក កុយ គួង អ្នកនាំពាក្យក្រសួង ការបរទេស បានប្រាប់អ្នកយកព័ត៌មានថា ទាក់ទងនឹងការបោះឆ្នោតថ្ងៃ ទី២៨ ខែ កក្កដា លោក ហោ ណាំហុង បានប្រាប់លោកឯកអគ្គរដ្ឋទូតថា ដំណើរការបោះឆ្នោតប្រព្រឹត្តទៅយ៉ាងរលូន តាមការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ទោះជាយ៉ាងណា លោក កុយ គួង ក៏បានលើកឡើងផងដែរថា លោកឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ បានស្នើឲ្យគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ បើកការចរចាជាថ្មីទៀតដើម្បីស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបានចំពោះគណបក្សទាំងពីរ។ លោកបានឲ្យដឹងទៀតថា៖ «ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានមើលឃើញផងដែរថា កន្លងមក គណបក្សប្រឆាំង រៀបចំធ្វើមហាបាតុកម្ម ដែលធ្វើឡើងដោយសន្តិវិធី និងជោគជ័យ។ នេះជាសញ្ញាល្អនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ហើយឯកឧត្តមក៏បានថ្លែងថា ឯកឧត្តមសង្ឃឹមថា គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិនឹងជួបគ្នាក្នុងពេលឆាប់ៗដើម្បីដោះស្រាយភាពចម្រូងចម្រាស»។
លោក កុយ គួង បានបន្ថែមថា លោក ហោ ណាំហុង បានប្រាប់លោកឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ ថា គណបក្សប្រជាជន នៅតែបើកទ្វារពិភាក្សាជាមួយនឹងគណបក្សសង្គ្រោះជាតិ ហើយសំណើទាំងអស់របស់គណបក្សសង្គ្រោះជាតិ ត្រូវតែសមហេតុផល និងក្នុងក្របខ័ណ្ឌច្បាប់។
ទន្ទឹមនឹងនេះគណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ចំហមួយកាលពីម្សិលមិញ ដោយបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់ខ្លួន ក្នុងការឈានទៅដល់ដំណោះស្រាយដោយសន្តិវិធី ចំពោះភាពជាប់គាំងខាងនយោបាយនាពេលបច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍របស់គណបក្សបានឲ្យដឹងថា៖ «ដោយគិតអំពីការប្តេជ្ញាមិនចេះងាករ៉េដោយប្រកាន់នូវអហិង្សា គណបក្សសង្គ្រោះជាតិ ជឿជាក់លើការពិភាក្សានិង មជ្ឈត្តកម្ម ដែលជាវិធីតែមួយគត់ ក្នុងការដោះស្រាយជាមួយនឹងដៃគូ ឬគូប្រជែង។ ទោះជាយ៉ាងណា ក្នុងវិធីសាស្រ្តដោយសន្តិវិធីនិងប្រកបដោយសេចក្តីថ្លៃថ្នូរ នេះ យើងរំពឹងថា គណបក្សទាំងអស់ដែលមានជម្លោះបង្ហាញនូវសេចក្តីសុចរិត និងសុឆន្ទៈ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ការពិត និងយុតិ្តធម៌»។
ក្នុងសេចក្តីថ្លែងការណ៍នោះ គណបក្សសង្គ្រោះជាតិ ក៏បានសង្កត់ធ្ងន់ថា ទាក់ទងនឹងការដោះស្រាយវិវាទនយោបាយបច្ចុប្បន្ន បន្ទាប់ពីការបោះឆ្នោតថ្ងៃទី២៨ ខែ កក្កដា គណបក្សសង្គ្រោះជាតិនឹងបន្តទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងមានតម្លាភាពលើភាពមិនប្រក្រតីជាទូទៅ ដូចបានចោទដោយអ្នកអង្កេតការណ៍ឯករាជ្យជាច្រើននាក់។
សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងទៀតថា៖ «ដំបូង យើងត្រូវរកការពិត ព្រោះមានតែការពិតទេ អាចនាំទៅរកភាពយុត្តិធម៌ ហើយភាពយុត្តិធម៌ចំពោះម្ចាស់ឆ្នោត គឺជាមូលដ្ឋាននៃលទិ្ធប្រជាធិបតេយ្យដែលយើងទាំងអស់គ្នាអះអាងថា កំពុងអនុវត្ត»។
ចំពោះការធ្វើកំណែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគណបក្សសង្គ្រោះជាតិ បានថ្លែងថា ការធ្វើកំណែទម្រង់នេះ ត្រូវផ្អែកលើអនុសាសន៍ពាក់ព័ន្ធដែលចេញផ្សាយកន្លងមក ដោយសហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ និងអង្គការជាតិ និងអន្តរជាតិដូចជា ខុមហ្វ្រែល និង NDI ។ គណបក្សសង្គ្រោះជាតិបានបន្ថែមថា ដើម្បីបង្ហាញនូវការប្តេជ្ញាពិភាក្សា គណបក្សសង្គ្រោះជាតិនឹងទាក់ទងគណបក្សប្រជាជនក្នុងពេលឆាប់ៗ ដើម្បីចាប់ផ្តើមធ្វើការពិភាក្សាឡើងវិញ។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបដិសេធមិនធ្វើការអត្ថាធិប្បាយទេ។
ទោះជាយ៉ាងណា លោក ស ខេង រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា គណបក្សសង្គ្រោះជាតិមិនមានឆន្ទៈពិតប្រាកដដើម្បីចរចាជាមួយនឹង គណបក្សប្រជាជនទេ ខណៈដែលគណបក្សនេះ គឺជាអ្នកតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ លោក ស ខេង បានឲ្យដឹងថា៖ «តាមគំនិតខ្ញុំ យើងគួរទាក់ទងគ្នាដើម្បីមានការព្រមព្រៀងលើហេតុផល គាត់ចង់ឲ្យពិភាក្សាបើកចំហ»។ លោកបានបន្តថា គណបក្សទាំងពីរគួរទាក់ទងគ្នាដើម្បីពិភាក្សាវាប្រសើរជាងគណបក្សសង្គ្រោះជាតិលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ព្រោះពេលភាគីទាំងពីរជួបគ្នា មេដឹកនាំទាំងពីរ អាចសម្រេចលើបញ្ហាដែលកំពុងមាន។
ទាក់ទងនឹងកិច្ចពិភាក្សា នៅក្រៅរដ្ឋសភា លោក ស ខេង បានថ្លែងថា កិច្ចចរចាលើកមុនមិនមែនជាការសម្ងាត់ទេ ព្រោះអ្វីដែលបានលើកឡើងក្នុងកិច្ចចរចាត្រូវបានបង្ហាញប្រាប់សាធារណជនរួចហើយ បន្ទាប់ពីកិច្ចពិភាក្សា។ ជាមួយគ្នានេះ លោក ស ខេង បានថ្លែងថា គណបក្សសង្គ្រោះជាតិ ចង់អូសបន្លាយពេលវេលាយូរដើម្បីលេងល្បែងនយោបាយ ដោយបង្កើតព្រឹត្តការណ៍ច្រើនថែមទៀត។ «ប្រជាជនបោះឆ្នោតឲ្យយើងធ្វើការក្នុងរដ្ឋសភា ដូច្នេះ យើងមិនគួរទុកឲ្យរដ្ឋសភាជាប់គាំងទេ យើងត្រូវដំណើរការរដ្ឋសភា ហើយក្នុងលទិ្ធប្រជាធិបតេយ្យសំឡេងភាគតិច ត្រូវគោរពសំឡេងភាគច្រើន ហើយសំឡេងភាគច្រើន ត្រូវគិតពីសំឡេងភាគតិច ពេលខ្លះ យើងក៏ត្រូវយកសំឡេងភាគតិចមកអនុវត្តផងដែរ»។
កាលពីថ្ងៃ អង្គារ លោក សម រង្ស៊ី បាននិយាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ជំនួបចរចាជាថ្មី រវាងគណបក្សទាំងពីរ អាចនឹងត្រូវធ្វើឡើងក្នុងសប្តាហ៍នេះ៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍

