កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជា១០០នាក់ នៅព្រឹកថ្ងៃសុក្រនេះ បានចាប់ផ្តើមបំបែកការជួបជុំក្រុមយុវជនស្ម័គ្រចិត្តនៅវត្តភ្នំ ខណៈយុវជនទាំងនោះ គ្រោងធ្វើសកម្មភាពដង្ហែញត្តិរកយុត្តិធម៌ដល់ជនរងគ្រោះនៅលើស្ពានក្បាលថ្នល់។
ក្រុមយុវជនស្ម័គ្រចិត្តជាង១០០នាក់ នៅព្រឹកថ្ងៃសុក្រនេះ វេលាម៉ោង៨ ចាប់ផ្តើមសកម្មភាពដង្ហែញត្តិទៅតុលាការ តាមការគ្រោងទុក ដើម្បីទាមទារយុត្តិធម៌ជូន ជនរងគ្រោះនៅស្ពានក្បាលថ្នល់ ដែលបានស្លាប់ និងរងរបួស កាលពីខែកញ្ញា ដោយសារការប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ច។ក្រុមយុវជនដែលមកពីគ្រប់មជ្ឈដ្ឋាន បានជួបជុំគ្នានៅរមណីយដ្ឋានវត្តភ្នំ ដើម្បីដង្ហែញត្តិដែលមានស្នាមមេដៃប្រមាណជា៣០០ ទៅដាក់សាលារាជធានីភ្នំពេញ។
នៅម៉ោងវេលាម៉ោងជិត៩ព្រឹក កម្លាំងសមត្ថកិច្ច បានប្រតិបត្តិការបំបែកក្រុមយុវជនទាំងនោះ។ ការប្រមូលផ្តុំនោះ សហគមន៍ដីធ្លី អ្នកបឹងកក់ ក៏មានវត្តមាននៅទីនោះដែរ។ កម្លាំងសមត្ថកិច្ច ក៏បានប៉ះទង្គិចគ្នាបន្តិចបន្តួចជាមួយប្រជាសហគមន៍បឹងកក់ផងដែរ។
កាលពីថ្ងៃទី១៥ខែតុលាកន្លងទៅ ប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធរួមមានកងរាជអាវុធហត្ថ និងនគរបាល បានប៉ះទង្គិចគ្នារួមតាំងមានផ្ទុះអាវុធទៀតផង។ ក្នុងការប៉ះទង្គិចនោះ បណ្តាលឲ្យប្រជាពលរដ្ឋមួយរូបឈ្មោះ ម៉ៅ សុខចាន់ បានស្លាប់ រួមនឹងប្រជាពលរដ្ឋ និង កងកម្លាំងប្រដាប់អាវុធមួយចំនួនបានរងរបួស ហើយសមត្ថកិច្ចបានចាប់មនុស្ស ៦នាក់ឃុំខ្លួន។ការប៉ះទង្គិចនេះ បានកើតឡើងចំថ្ងៃទីមួយដែលគណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្ម ប្រឆាំងនឹងលទ្ធផលបោះឆ្នោតនីតិកាលទី៥។
សាលារាជធានីភ្នំពេញ បានបដិសេធសំណើរការជួបជុំរបស់ក្រុមយុវជនជួបជុំ និងដង្ហែញត្តិទាមទារយុត្តិធម៌ដល់ជនរងគ្រោះ ដែលបានស្លាប់នៅស្ពានក្បាលថ្នល់ ដោយអះអាងថា ស្នើសុំយឺតពេល។
ក្រុមយុវជនស្ម័គ្រចិត្តនេះ បានដាក់សំណើកាលពីថ្ងៃទី១១ ខែតុលា តែសាលារាជធានីភ្នំពេញ បានបញ្ជូនត្រឡប់មកវិញ ដោយហេតុថា ខុសបែបបទរដ្ឋបាល។ នៅថ្ងៃទី១៦តុលា ក្រុមយុវជនស្ម័គ្រចិត្តនេះ ដាក់សំណើម្តងទៀត តែសាលារាជធានីភ្នំពេញ នៅតែបដិសេធអនុញ្ញាតឲ្យមានការការជួបជុំ និងហែក្បួននេះ។ តែក្រុមយុវជនស្ម័គ្រចិត្ត ប្រកាសថា នៅតែរក្សាជំហរទាមទារឲ្យគោរពសិទ្ធិមនុស្ស និងដង្ហែញត្តិដែលមានស្នាមមេដៃប្រមាណជា៣០០ ទៅដាក់សាលារាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែតុលានេះ៕
ប្រភព៖ VOD
