Friday, October 18, 2013

លោ​ក ​សម រង្ស៊ី​៖ សហគមន៍​អន្តរជាតិ​ស្វាគមន៍​ការស្វែងរក​យុតិ្ដធម៌​ជូន​ពលរដ្ឋ​ម្ចាស់ឆ្នោត​​

By on 12:58 PM

មេដឹកនាំ​បក្សប្រឆាំង​ដែល​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដោយ​​បាន​​ឆ្លង​កាត់​​ការធ្វើដំណើរ​នៅ​អឺរ៉ុប និង​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា សហគមន៍​អន្តរជាតិ​ បាន​គាំទ្រ​ជំហរ​របស់​លោក ក្នុង​ការស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ដែល​លោក​ហៅថា ការលួចបន្លំ​សន្លឹកឆ្នោត កើតមាន​ជា​ប្រព័ន្ធ​នៅក្នុង​ការបោះឆ្នោត​សភា​ កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា​។
​ថ្លែង​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន បន្ទាប់​ពី​បេសកម្ម​របស់លោក​បញ្ចប់​នៅ​អឺរ៉ុប​ និង​អាមេរិក​នៅ​ថ្ងៃនេះ ​លោក​ សម ​រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍ថា រដ្ឋាភិបាល​ និង​សភា​នៅ​ក្នុង​ប្រទេស​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក ​រួមទាំង​ប្រទេស​ជាច្រើន​ទៀត បាន​គាំទ្រ​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​​​​ជាតិ ក្នុង​ការទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ឯករា​ជ្យមួយ​ ពី​ភាពមិនប្រក្រតី​នៃ​ការលួចបន្លំ​សន្លឹក​ឆ្នោត​។ លោក​បាន​បញ្ជាក់ទៀតថា សហភាព​អឺរ៉ុប​ និង​​​​ប្រទេស​ដទៃ​ទៀត បាន​សម្តែង​នូវ​មន្ទិលសង្ស័យ​នៃ​លទ្ធផ​ល​បោះឆ្នោត​នេះ​។​
​លោក ​សម រង្ស៊ី​ កាលពី​សប្តាហ៍​មុននេះ បាន​ឆ្លងកាត់​ប្រទេស​អង់គ្លេស បារាំង និង​ប្រទេស​បែលហ្សិក នៅ​គ្រានោះ លោក​បាន​ជួប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​នៃ​សហគមន៍​អឺរ៉ុប​។​
​តាម​សេចក្តីរាយការណ៍ ​មាន​អ្នកតំណាងរាស្ត្រ សហគមន៍​អឺរ៉ុប ប្រមាណ​ជិត​១០០​នាក់ បាន​គាំ​ទ្រ​ជំហរ​របស់​លោក ដែល​ទាមទារ​ឲ្យមាន​យុតិ្តធម៌​សម្រាប់​​​​ម្ចាស់​ឆ្នោត​ប្រជាជន​កម្ពុជា ។ លោក ​សម រង្ស៊ី​ កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​ជួប​ជាមួយ​អនុ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក William Burn​ ផង​ដែរ​។ នៅក្នុង​ជំនួប​នោះ លោក​បាន​ពិភាក្សា​ជាច្រើន​ពី​បរិបទ​​នយោបាយ​​នៅ​​កម្ពុជា ហើយ​នៅ​ក្នុង​នោះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ លោក​ស្រី ជែន សា​គី​(Jen PsaKi) បាន​ប្រាប់​អ្នកសារព័ត៌មាន​អន្តរជាតិ​ជាច្រើន​ថា សហរដ្ឋអាមេរិក​នៅ​តែ​មានជំនឿថា ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា​ទាំងអស់ និង​ស្វែង​រក​ដំណោះស្រាយ បន្តទៀត​ដើម្បី​បង្កើត​យន្តការ​ឯករាជ្យ​មួយ ស៊ើបអង្កេត​លទ្ធផល​បោះ​ឆ្នោត ដែល​ប្រឈមមុខ​ និង​ភាពចម្រូងចម្រាសនេះ​។
​លោកស្រី​បញ្ជាក់​ថា​ សហរដ្ឋអាមេរិក​មានជំនឿថា ភាគី​ទាំង​២ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បញ្ចប់​ការខ្វែងគំនិត​គ្នា តាម​រយៈ​​ការដោះស្រាយ​ដោយ​សន្តិវិធី​។​
​លោក​ សម រង្ស៊ី​ គ្រោង​នឹង​ត្រលប់មក​ប្រទេស​បារាំង​វិញ​នៅ​សប្តាហ៍​នេះ ហើយ​លោក​ក៏គ្រោង​ត្រលប់មក​ប្រទេស​កម្ពុជា វិញ​ដើម្បី​ឲ្យទាន់​នៃ​ការ​ធ្វើ​មហា​​បាតុ​កម្ម​រ​បស់​​គណបក្ស​លោក​នៅ​ថ្ងៃ​ទី​២៣ ​ខែតុលា សប្តាហ៍​ក្រោយនេះ​៕
ប្រភព៖ VOD