
ខេត្តពោធិ៍សាត់ ៖ រថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿង ខណៈពេលកំពុងបើកបរ ស្រាប់តែ របូតកង់ក្រោយខាងស្តាំ អូសឆូតផ្លូវខូចអស់ ប្រហែល ១០០ម៉ែត្រ ប៉ុន្តែមិនបណ្តាលឱ្យ ក្រឡាប់ គ្រោះថ្នាក់ដល់អ្នកដំណើរ ដែលជិះក្នុង រថយន្តនោះទេ ។
ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង៨ និង២៥នាទីព្រឹកថ្ងៃទី១៧ តុលា ២០១៣ ស្ថិត ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុក ក្រគរ ។ រថយន្តក្រុងដែលរបូតកង់នេះ ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 3B 4359 ធ្វើដំណើរពីលិចទៅកើត មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ហើយក៏មិនដឹងថា ជារបស់ ក្រុមហ៊ុនណាដែរ ព្រោះភ្លាមៗនោះគេបានបកឈ្មោះក្រុមហ៊ុនចេញ និងព្យាយាមលាក់ពី អ្នកសារព័ត៌មានទៀតផង ។
ប្រជាពលរដ្ឋសំណូមពរឱ្យស្ថាប័ន មានសមត្ថកិច្ចរឹងបន្តឹង ដល់ក្រុមហ៊ុនដឹកអ្នកដំណើរ ក៏ដូចរថយន្តឈ្នួលគ្រប់ប្រភេទ មេត្តាត្រួតពិនិត្យរថយន្តឱ្យបានត្រឹមត្រូវ មុននឹងចេញដំណើរ ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ៕


ប្រភព៖ កោះសន្តិភាព
