
ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា នៅពេលឆាប់ៗនេះ ព្រឹទ្ធសភាអាមេរិក នឹងចេញជាដំណោះស្រាយថ្មីមួយទៀត ឫហៅថា ញតិ្តគាំទ្រជំហររបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងទាមទារយុត្តិធម៌ ក្នុងនាមជាម្ចាស់ឆ្នោត។
ការថ្លែងអះអាងរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើតាមរយៈបទសម្ភាសន៍ជាមួយបណ្ដាញផ្សាយព័ត៌មានអន្តរជាតិជាខេមរភាសាចំនួនពីរ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
នៅក្នុងបទសម្ភាសន៍នេះ លោក សម រង្ស៊ី បានថ្លែងអះអាងថា ព្រឹទ្ធសភាអាមេរិក នៅឆាប់ៗនេះ នឹងសម្រេចជាញត្តិ ឫដំណោះស្រាយមួយជុំវិញស្ថានភាពមិនប្រក្រតី ដែលផ្ទុះឡើងតាមរយៈការបោះឆ្នោតសភា ថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ។
លោក សម រង្ស៊ី បញ្ជាក់ថា ញត្តិរបស់ព្រឹទ្ធសភាអាមេរិក ករណីនយោបាយនៅកម្ពុជា ពិតជាមានន័យ និងមានប្រសិទ្ធភាព ចំពោះប្រទេសកម្ពុជា។ លោកបន្តថា ញត្ដិរបស់ព្រឹទ្ធសភាអាមេរិក ប្រាកដនឹងធ្វើឲ្យរដ្ឋាភិបាលអាមេរិក កាន់តែមានការយកចិត្តទុកដាក់ថែមទៀត លើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប្រធានគណបក្សសង្គ្រោះជាតិ អះអាងទៀតថា នៅក្នុងដំណើរទស្សនកិច្ចទាំងនៅអឺរ៉ុប និងអាមេរិក ដើម្បីស្វែងរកអន្តរាគមន៍ ពីសហគមន៍អន្តរជាតិធំពីរនេះ បានទទួលជោគជ័យ ដោយអ្នកតំណាងរាស្ត្រ និងអ្នកការទូតរបស់អាមេរិក និងអឺរ៉ុប បានបញ្ជាក់ការគាំទ្រជំហររបស់គណបក្សសង្គ្រោះជាតិជុំវិញការទាមទារយុត្តិធម៌ម្ចាស់ឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ៕
ប្រភព៖ VOD
