
កណ្តាល៖ ដោយមានការចង្អុលបង្ហាញពី លោក ផៃ ប៊ុនឈឿន អភិបាល ខេត្តកណ្តាល និងជាគណៈបញ្ជាការឯកភាពខេត្ត និងមានការ ណែនាំបន្ថែមពីលោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើនស្នងការនគរបាល ខេត្តកណ្តាល ធ្វើយ៉ាង ណាលុបបំបាត់ឲ្យខាងតែបាននូវ ល្បែងស៊ីសង និងគ្រឿងញៀន នៅក្នុងមូលដ្ឋាននោះ ហើយ ដោយមានការ រាយការណ៍ពី ប្រជាពលរដ្ឋក្នុង មូលដ្ឋានថា មានផ្ទះលួចលាក់ ដាំរុក្ខជាតិញៀន និងបើកល្បែងស៊ីសងនោះ ដោយខុសច្បាប់ នោះទើប លោក លន់ សុផាត ស្នងការរង ដឹកនាំកម្លាំង នគរបាលខេត្ត ចុះទៅបង្រ្កាប ជាក់ស្តែង ឃាត់ខ្លួនបានស្រ្តីម្នាក់ នាំយកមកកាន់ ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅកាន់ តុលាការឲ្យចាត់ការ ទៅតាមផ្លូវច្បាប់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ថិត នៅក្នុងភូមិស្រែរាំង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ បើយោងតាម របាយការណ៍របស់ នគរបាលបានឲ្យដឹងថា ស្រ្តីដែលត្រូវឃាត់ខ្លួននោះមាន ឈ្មោះ លឹម ស្រីមុំ ភេទស្រី អាយុ៤៣ឆ្នាំ មានមុខរបរមេផ្ទះ រស់នៅក្នុង ភូមិ-ឃុំ កើតហេតុខាងលើ មានប្តីឈ្មោះ ជៀប ជឹម អាយុ៤៧ឆ្នាំ មានកូន២នាក់ រស់នៅក្នុងបន្ទុក។
របាយការណ៍បន្តថា ដោយមានការរាយការណ៍ ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន កម្លាំងនគរបាលខេត្ត សហការជាមួយ កម្លាំងនគរបាលស្រុក ធ្វើការស្រាវជ្រាវ ឃើញថា ផ្ទះជនសង្ស័យខាងលើ មានដាំរុក្ខជាតិ ញៀន(កញ្ឆា) នឹងបើកលេងល្បែង ស៊ីសងដោយ ខុសច្បាប់ ទើបដាក់កម្លាំង ចុះទៅ បង្រ្កាប់តែម្តងទៅ ប៉ុន្តែឃាត់ខ្លួនបានតែស្រ្តី ជាប្រពន្ធនោះទេ រីឯប្តីជាអ្នកដាំនោះរត់គេចខ្លួន។
របាយការណ៍បន្តថា កញ្ឆាដែលត្រូវ បង្រ្កាបនោះមាន កូនកញ្ឆា១ ថ្នាលទំហំ១ម៉ែត្រ គុណ និង ១ម៉ែត្រកន្លះ និងកញ្ឆាដើមធំ ដែលមានកម្ពស់ ចាប់ពីកន្លះម៉ែត្រទៅ១ម៉ែត្រកន្លះ មានចំនួន៥២ដើម បន្ទាប់ពីបង្រ្កាបបាន ហើយនោះ ក៏សុំយោបល់ពី ព្រះរាជអាជ្ញា ដើម្បីបង្កើត គណៈកម្មការ១ ដុតកំទេចចោលនៅនឹងកន្លែង។ ក្នុងនោះដែរក៏បង្ក្រាបល្បែស៊ីសងដោយខុសច្បាប់ ដូចជាបៀរ អាប៉ោង ខ្លាឃ្លក ដោយសារផ្ទះ ជនសង្ស័យមានការបើកល្បែង ស៊ីសងដោយ ខុសច្បាប់ផងដែរ។
គួរបញ្ជាក់ថា ការចុះបង្ក្រាបល្បែងស៊ីសង និងកន្លែងដាំដុះរុក្ខជាតិញៀន របស់កម្លាំងនគរបាល ខេត្តនេះ គឺជាការអនុវត្តន៍ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺ ភូមិ-ឃុំមានសុវត្ថិភាព ពីព្រោះភូមិ ឃុំមានសុវត្ថិភាព លុះត្រាណាតែគ្មាន ល្បែងស៊ីសង និងគ្រឿងញៀន៕




ប្រភព៖ ដើមអម្ពិល
