Thursday, October 17, 2013

មនុស្ស ៤៩នាក់បានស្លាប់ ក្នុងហេតុការណ៏ធ្លាក់យន្តហោះឡាវ នៅទន្លេមេគង្គ

By on 9:49 PM
យោងតាមសារព័ត៌មាន bangkokpost របស់ប្រទេសថៃ បានឲ្យដឹងថា យន្តហោះរបស់ក្រុម ហ៊ុនអាកាសចរណ៏ឡាវ Lao Airlines បានធ្លាក់ នៅមុនពេលចុះចត នៅឯប្រលានយន្តហោះ Pakse Airport កាលពីថ្ងៃពុធ ទី១៦ ខែតុលា កន្លងទៅនេះ និងបណ្តាលឲ្យមនុស្សចំនួន ៤៩នាក់ស្លាប់។
ប្រភពដដែលបានបន្តទៀតថា យន្តហោះប្រភេទ ATR-72  ដែលបានផ្ទុកអ្នកដំណើរចំនួន ៤៤នាក់ និងសមាជិកក្រុមយានិក ចំនួន ៥នាក់ (សរុប ៤៩នាក់) បានចេញដំណើរពីប្រលានយន្តហោះ Wattay Airport នៃរាជធានី Vientiane ប្រទេសឡាវ នៅម៉ោង ២ និង ៤៥នាទីរសៀល ហើយ បាន ជួបប្រទះគ្រោះថ្នាក់និងធ្លាក់ចូលទៅក្នុងទន្លេមេគង្គ នៅម៉ោង ៤ល្ងាច នៅមុនពេលចុះចតក្នុង ខេត្តចំប៉ាសាក់។
បើតាមសម្តីមន្រ្តីប៉ូលីស បានប្រាប់ឲ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៏ឡាវ Lao Airlines នេះ បានធ្លាក់នៅកោះ Don Khong ស្ថិតក្នុងស្រុក Phonethong នៃខេត្តចំប៉ាសាក់ ក្បែរ ប្រលានយន្តហោះ Pakse Airport ខណៈបម្រុងនឹងចុះចតនៅទីនោះ។
បើតាមសម្តីមន្រ្តីក្រសួងការងារ និងដឹកជញ្ជូន របស់ប្រទេសឡាវ បានប្រាប់ឲ្យដឹងថា ខណៈ ពេលយន្តហោះកំពុងបម្រុងនឹងចុះចត ទៅក្នុងប្រលានយន្តហោះ Pakse Airport ស្រាប់តែជួប ប្រទះនឹងអាកាសធាតុដ៏អាក្រក់បំផុត បន្ទាប់មកយន្តហោះក៏បានធ្លាក់ចូលទៅក្នុងទឹក ទន្លេមេគង្គតែម្តង ហើយភ្លាមៗនោះមិនមានពត៌មានពីអ្នកនៅរស់ឡើយ។
យ៉ាងណាមិញ អត្តសញ្ញាណជនរងគ្រោះដែលបានស្លាប់ ចំនួន ៤៤នាក់ ត្រូវបានប្រកាស នៅថ្ងៃកើតហេតុដដែល នៅវេលាម៉ោង ៩យប់ ដោយក្នុងនោះមានអ្នកដំណើរ ជាជនជាតិថៃ ចំនួន ៥នាក់ អូស្រ្តាលី ៥នាក់ កូរ៉េ ៣នាក់ បារាំង ៧នាក់ អាមេរិកម្នាក់ ចិនម្នាក់ តៃវាន់ម្នាក់ កាណាដាម្នាក់ និងជនជាតិវៀតណាមចំនួន ២នាក់៕
ប្រភព៖ Khmerload