
កំពង់ស្ពឺ ៖ ហាងម៉ាស្សាចំនួន២កន្លែង ដែលលួចលាក់បម្រើសេវាផ្លូវភេទ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ខេត្តកំពង់ស្ពឺឆ្មក់ចូលបង្ក្រាបឃាត់ខ្លួនស្ត្រីបម្រើផ្លូវភេទ៨នាក់ និងថៅកែស្រីម្នាក់ បញ្ជូនទៅកាន់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តដើម្បីសំណុំរឿងតាមនីតិវិធីច្បាប់។
ការចុះបង្ក្រាបកន្លែង ជួញដូរផ្លូវភេទជ្រកក្រោមស្លាកយីហោ ម៉ាស្សានេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៥នេះ នៅទីតាំងចំនួន២កន្លែង ទី១. ត្រង់ចំណុចមុខ វិទ្យាល័យសុខា ផល្លី ស្ថិតក្នុងភូមិក្រាំងពលទេព ទី២. ស្ថិតក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ ដែលដឹកនាំកំលាំងដោយលោក ម៉ុត ដារា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្ត កំពង់ស្ពឺ, លោកចាន់ ដា មេបញ្ជាការរង ជានាយសេនាធិការប៉េអឹមខេត្ត ព្រមទាំងសមត្ថកិច្ចមូលដ្ឋានផងដែរ។
មន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា ថៅកែហាងម៉ាស្សាចំនួន២កន្លែង ដែលលួចលាក់ជួញដូរផ្លូវភេទនោះ មានឈ្មោះប៉ិច ម៉ាច ភេទស្រី អាយុ៣៧ឆ្នាំ បានជួលផ្ទះទាំង២កន្លែងខាងលើ ដើម្បីបើកហាងម៉ាស្សា កោសជប់ ប៉ុន្តែបានធ្វើសកម្មភាពល្មើស លួចលាក់បម្រើសេវាផ្លូវភេទទៅវិញ។ ប្រភពបន្តថា កន្លែងម៉ាស្សានេះ បានបើកអាជីវកម្ម ជាច្រើនខែកន្លងមកហើយ ប៉ុន្តែមិនបានចាប់អារម្មណ៍ដោយសារតែមានការសង្ស័យទើបសមត្ថកិច្ចជំនាញដាក់កម្លាំងសម្ងាត់ ចូលទៅធ្វើការស៊ើបអង្កេត ច្បាស់លាស់ ក៏សុំយោបល់ពី លោកកែវ សុធាព្រះរាជអាជ្ញា តុលាការខេត្តកំពង់ស្ពឺ ឆ្មក់ចូលធ្វើការបង្ក្រាបតែម្តង។
មន្ត្រីប៉េអឹមបានបន្តថា ការងារបង្ក្រាបនេះ ធ្វើតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ និងបញ្ជាកម្លាំងផ្ទាល់ដោយលោក ម៉ុត ដារា ព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្ត មានការសហការជាមួយអាជ្ញាធរ មូលដ្ឋានផងដែរ។ ប្រភពបន្តថា ក្នុងប្រតិបត្តិការនោះ កម្លាំងចម្រុះឃាត់ខ្លួនស្ត្រីបម្រើសេវាផ្លូវភេទចំនួន៨នាក់ ថៅកែស្រីម្នាក់ឈ្មោះប៉ិច ម៉ាច ហើយរុករកឃើញមានសោមអនាម័យ ប្រើប្រាស់រួចជាច្រើន សោមមិនទាន់បានប្រើ មួយចំនួន ទូរស័ព្ទ៦គ្រឿង គ្រឿងអលង្ការ និងបញ្ជីកត់ត្រាភ្ញៀវដែលបានចូលម៉ាស្សា វ៉ៃសិច និងរថយន្តម៉ាកតាកូម៉ាមួយគ្រឿងទៀតផងដែរ។
ក្រុមសមត្ថកិច្ចចម្រុះបានបញ្ជាក់ថា ទីតាំងហាងម៉ាស្សាទាំង២កន្លែងនោះ ដែលមានស្ត្រីឈ្មោះប៉ិច ម៉ាច មើលការខុសត្រូវនោះ មានលោកនាយទាហានពាក់សក្តិ៤ម្នាក់ជាអ្នកកាង មានឈ្មោះជុំ សាអន បម្រើការងារនៅអង្គភាពកងពលតូចពិសេសឆត្រយោង911 ។ ជុំវិញករណីនេះកម្ពុជាថ្មីមិនអាចទំនាក់ទំនងសុំការបំភ្លឺ ពីលោកជុំ សាអននោះបានឡើយ។
បច្ចុប្បន្នក្រុមមន្ត្រីចម្រុះដែលដឹកនាំ ដោយលោកម៉ុត ដារា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កំពង់ស្ពឺ កំពុងតែបន្តការឆែកឆេររកមើលវត្ថុតាង ព្រោះសង្ស័យអាចមានពាក់ព័ន្ធករណីផ្សេងទៀត។ ចំពោះនារីបម្រើសេវាផ្លូវភេទ និងថៅកែស្រី ត្រូវបានសមត្ថកិច្ច នាំខ្លួនទៅកាន់បញ្ជាការដ្ឋាន ប៉េអឹមខេត្តដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់ ហើយមន្ត្រីយោធាដែលកាងបានគេចខ្លួនបាត់៕


ប្រភព៖ កម្ពុជាថ្មី
