Monday, October 21, 2013

រូបភាព​បាតុកម្ម​បាន​​រីកដុះដាល​​​កាន់តែ​ច្រើន​ឡើង

By on 9:32 PM


ជាការពិត​ណាស់​នៅ​រយៈពេល​ចុងក្រោយ​នេះ ការ​ផ្ទុះឡើង​នូវ​បាតុកម្ម កូដកម្ម ឬ​ការជួបជុំ​របស់​ប្រជាពលរដ្ឋ និង​កម្មករ ពិតជា​កើត​ឡើង​ច្រើន គួរ​ឲ្យកត់សម្គាល់​។

ជាក់ស្ដែង​គ្រាន់តែ​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា​នេះ​មាន​ផ្ទុះ​កូដកម្ម​ទាមទារ លក្ខខណ្ឌ​ការងារ​ពី​សំណាក់​ក្រុម​កម្មករ​រោងចក្រ​SL និង​នៅ​ថ្ងៃ​ដដែល​ដែរ​នេះ​ក៏​មាន​ក្រុម​បណ្ដាញ​ពហុ​វិស័យ​ក៏​បាន​ជួបជុំគ្នា ដើម្បី​បង្ហាញ​ក្ដី​កង្វល់​របស់​ពួកគេ​ផងដែរ​។ 

​អ្នកតាមដាន​ស្ថាន​ការ​សង្គម​នៅ​កម្ពុជា លោក​កែម ឡី បានលើកឡើង​ថា ការ​ផ្ទុះឡើង​នូវ​បាតុកម្ម កូដកម្ម ឬ​ការជួបជុំ​របស់​ប្រជាពលរដ្ឋ និង​កម្មករ​​មាន​ការ​កើនឡើង​នេះ​កើតឡើង​ដោយសារ មាន​ការគាបសង្កត់​ច្រើន​ ប្រជាពលរដ្ឋ​មាន​ការ​យល់ដឹង​ច្រើន អំពី​សិទ្ធិ​ធ្វើបាតុកម្ម កូដកម្ម ឬ​ការ​ជួបជុំ​របស់ខ្លួន​បញ្ហា​សង្គម​កើតឡើង​ច្រើន និង​មិន​មាន​ដំណោះស្រាយ​ជាដើម​។

យ៉ាងណាក៏ដោយ​លោក​កែម ឡី អ្នក​អ្នកតាមដាន​ស្ថាន​ការ​សង្គម​នៅ​កម្ពុជា​រូបនេះ​បាន​ផ្ដល់​អនុសាសន៍​ខ្លះៗ ទៅ​រដ្ឋាភិបាល​ដូចជា រដ្ឋាភិបាល​ត្រូវ​ច​ចារ​គ្នា​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​បង្កើត​យន្ដការ​រដ្ឋសភា និង​មាន​ការសម្របសម្រួល​ខាង​ផ្នែក​នយោបាយ​។

រដ្ឋាភិបាល​ត្រូវ​ជំរុញ​យន្ដការ​ដោះស្រាយ​បញ្ហា​ពិតប្រាកដ ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​ដៃ​អភិវឌ្ឍ​។ និង​ម្យ៉ាងទៀត រដ្ឋាភិបាល គួរ​ផ្ដល់​សិទ្ធិ​បញ្ចេញមតិ​ពេញលេញ​ដល់​ប្រជា​ល​រដ្ឋ​ជាដើម​។

គួរបញ្ជាក់​ថា គណបក្សប្រឆាំង គឺ​គណបក្ស​សង្គ្រោះជាតិ​គ្រោង​ធ្វើបាតុកម្ម​រយៈពេល​ ៣ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣​តុលា ដល់​​ថ្ងៃ​ទី​២៥ តុលា ដើម្បី​​​ទាមទារ​រក​យុត្ដិធម៌​ជូន​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​ឲ្យបាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ១៩៩១​។

ដោយឡែក​សហជីព​កម្មករ​របស់​លោក​ជា មុន្នី ក៏បាន​អំពាវនាវ​កម្មករ​រោងចក្រ​នៅ​ទូទាំង​ប្រទេស​ធ្វើ​កូដកម្ម​ផ្អាក​ការងារ​រយៈពេល​ពីរ​ថ្ងៃ​ផងដែរ ដើម្បី​រក​យុត្ដិ​តំណាង​កម្មករ​ដែល​កំពុង​ជាប់ពន្ធនាគារ និង​ទាមទារ​តម្លើង​ប្រាក់ខែ​ជូន​កម្មករ​ឲ្យបាន​ ១៥០​ដុល្លារ​​ជា​​ដើម​៕



ប្រភព៖ វាយោ