Monday, October 21, 2013

មន្រ្តីពន្លត់អគ្គីភ័យម្នាក់ មិនបានកាត់ទោសអ្វីនោះទេ ក្រោយបើកឡាន កិនជនរងគ្រោះស្លាប់ ដោយអចេតនា

By on 9:17 PM


លោក Steve Wagstaffe ជាមេធាវីមកពីរដ្ឋ Carlifornia សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ចុងសប្តាហ៍ កន្លងទៅនេះ បានអះអាងអោយដឹងថា បុរសដែលជាមន្រ្តីពន្លត់អគ្គីភ័យម្នាក់ មិនត្រូវបានផ្តន្ទាទោស អ្វីនោះទេ ក្រោយពីគាត់បានបើករថយន្តសង្គ្រោះបន្ទាន់ ទៅកិនជនរងគ្រោះ ដែលបានរស់រាន មានជីវិត បន្ទាប់ពីគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana អោយស្លាប់ទៅវិញ ដោយអចេតនា នេះបើយោងតាមការដក ស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស នាំ   មុខ CNN ។

គួរបញ្ជាក់ផងដែរ ការសម្រេចចិត្តយ៉ាងដូច្នេះ​អាចធ្វើទៅបាន ក្រោយពីក្រុមមន្រ្តីជំនាញ បើកការ តាមដានស៊ើបអង្កេតយ៉ាងល្អិតល្អន់ ស្តីពីករណីខាងលើនេះ។ អ្នកវិភាគសាកសពម្នាក់ មកពីរដ្ឋ Carlifornia បានគូសបញ្ជាក់អោយដឹងថា នាង Ye Mengyuan ជាជនជាតិចិន និងជាជនរងគ្រោះ ដែល បានរស់រានមានជីវិតម្នាក់​ ក្រោយពីបានជួបនឹងឧបទ្ទេវហេតុធ្លាក់យន្តហោះ ពោលគឺនាងបានខ្ទាត ចេញពីយន្តហោះ ខណៈពេលដែលបានជួបនឹងឧបទ្ទេវហេតុ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ នៅឯអាកាសយានដា្ឋនអន្តរជាតិ San Francisco International Airport តែជាអកុសល ក្រោយពីនាងបានស្លាប់បាត់បង់ជីវិតទៅវិញ បន្ទាប់ពីមានករណីរថយន្តសង្គ្រោះបន្ទាន់បើកកិន ដោយអចេតនា ខណៈពេលដែលចេញយុទ្ធនាការជួយសង្គ្រោះរបស់ខ្លួន។

គួររំឭកផងដែរថា នាខែនោះ ប្រធាននាយកដ្ឋានផ្នែកសង្គ្រោះបន្ទាន់ពន្លត់អគ្គីភ័យលោក Joanne Hayes-White បានហៅករណីគ្រោះថ្នាក់ខាងលើនេះ ជាសោកនាដកម្មមួយដែលនឹកស្មានមិនដល់ រួចបានធ្វើការសុំអភ័យទោសពីក្រុមគ្រួសារនៃសព ស្តីពីករណីបង្កឡើងដោយអចេតនាមួយនេះ។

គួរបញ្ជាក់ផងដែរថា ជាមួយនឹងករណីជួបឧបទ្ទេវហេតុធ្លាក់យន្តហោះ ខាងលើនេះបានបណ្តាលឱ្យ មនុស្ស ៣ នាក់ស្លាប់បាត់បង់ជីវិត ដោយនៅក្នុងនោះ ច្រើនជាង ១៨០នាក់ផ្សេងទៀត បានទទួលរង របួសធ្ងន់ និងស្រាល៕



ប្រភព៖ CamNews