
ខេត្តកំពង់ស្ពឺ ៖ ឃាតករដែលសម្លាប់នារី វ័យក្មេងម្នាក់ ដោយរឹតកនឹងខ្សែមួក ត្រូវសមត្ថ កិច្ចវែកមុខ និងឃាត់ខ្លួនបានហើយ កាលពីថ្ងៃ ទី២៥ តុលា នៅក្នុងឃុំស្រង់ ស្រុកគងពិសី ហើយជនដៃដល់នោះ ក៏ជាមិត្តប្រុសរបស់នារី រងគ្រោះផងដែរ។
លោកអនុសេនីយ៍ឯក ទុយ ថេន អធិការរង នគរបាលស្រុកគងពិសី បានឱ្យដឹងថា ឃាតករ ដៃដល់គឺជាសង្សារ របស់នារីរងគ្រោះ ឈ្មោះ សឹម ចណ្ណារ៉ា អាយុ២២ឆ្នាំ មានទីលំនៅ ភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ។ ជននេះបានឆ្លើយសារភាពថា មូលហេតុដែលគេ សម្លាប់នារីជាសង្សារ ដោយសារកាលពី ៣ខែកន្លងមក ខ្លួននិងនារីរងគ្រោះបានស្រឡាញ់គ្នា ហើយនាងបានបោកប្រាស់ខ្លួន ដោយឱ្យជូនទៅភ្នំពេញ គំរោងស៊ីដាច់ម៉ូតូខ្លួន ម៉ាកឌ្រីមសេ១២៥ ស៊េរី២០១២ និងប្រាក់ដុល្លារប្រមាណ ១០០០ដុល្លារ ឱ្យសង្សារចាស់នាង ទើបខ្លួនមានគំនុំ សម្លាប់បែបនេះ ។
ប្រភពបន្តថា កាលពីថ្ងៃទី២៣ តុលា ២០១៣ នាងចុំ យូ (នារីរងគ្រោះ) បានទូរស័ព្ទឱ្យខ្លួនទៅជួប នៅចំណុចភូមិស្រែមាន់ ដោយឃើញឱកាសល្អ ខ្លួនក៏នាំនាងទៅជើងភ្នំអាចម៍ទីទុយក្រេប រសជាតិស្នេហ៍ ហើយក៏ច្របាច់ក និងរឹតកនាងដោយខ្សែមួក ស្លាប់ហើយខ្លួនក៏ត្រឡប់មកផ្ទះវិញ ។
សូមបញ្ជាក់ថា នារីវ័យក្មេងម្នាក់ ត្រូវបានក្មេងគង្វាលគោ និងអ្នករកឃ្មុំប្រទះឃើញដេកស្លាប់ នៅក្បែរជើងភ្នំអាចម៍ទីទុយ ស្ថិតក្នុងភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី កាលពីវេលាម៉ោង១០ និង២៥នាទីព្រឹកថ្ងៃទី២៤ តុលា ២០១៣ ៕
ប្រភព៖ កោះសន្តិភាព
