
ខេត្តកណ្ដាល ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងបរិវេណវត្ដកៀនស្វាយក្រៅ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ ក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សាកសពជនរងគ្រោះមិន ត្រូវបានស្គាល់អត្តសញ្ញាណទេ តែមានភិនភាគដូចនេះ ស្លៀកពាក់ខោខូវប៊យ អាវខូវប៊យ មានវ័យប្រហែលជាង៤០ឆ្នាំ សប្បុរស កម្ពស់ប្រហែល១,៦០ម៉ែត្រ ។
តាមសម្ដីប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុរូបគាត់បានឌុបកូនទៅសាលា ពេលមកដល់ចំណុចជិតដើមគគីរខាងកើតវត្ដឃើញមានអាវខូវប៊យទុកនៅចិញ្ចើមផ្លូវលើរបងចេតី ។ ដោយមានការសង្ស័យក៏សម្លឹងរកមើលតំបន់ជុំវិញអាវនោះ ស្រាប់តែឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងព្រៃរបោះក្បែរចិញ្ចើម ផ្លូវបង្កការភ្ញាក់ផ្អើលទាំងព្រឹក ។
ប្រជាពលរដ្ឋធ្លាប់ឃើញជនរងគ្រោះបានឱ្យ ដឹងដែរថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ជនរងគ្រោះបានផឹកស្រាស្រវឹងតាំងពីព្រឹក រហូតដល់ល្ងាច ស្រាប់តែព្រឹកឡើងឃើញដេកស្លាប់ក្នុងព្រៃតែម្ដង ។
ករណីនេះសមត្ថកិច្ចសង្ស័យថា ជនរងគ្រោះស្លាប់ដោយសារផឹកស្រា ហើយខ្យល់គ តែមិនដឹងថា តាំងពីពេលណា នោះទេ ៕
ប្រភព៖ KhmerOnlineNews
