Thursday, October 17, 2013

ឆ្កែឆ្កួត ១ក្បាល ខាំមន្ដ្រីអគ្គិសនី និង ប្រជាពលរដ្ឋ ១០នាក់ នៅសង្កាត់ ឡាបានសៀក

By on 10:50 PM


រតនគីរី ៖ យ៉ាងហោចណាស់មនុស្ស ១០នាក់ ក្នុងនោះមានទាំងមន្ដ្រីអគ្គិសនីផង ត្រូវបាន ឆ្កែឆ្កួត១ក្បាល ខាំជាបន្ដបន្ទាប់ កាលពីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ រហូតដល់ព្រឹកថ្ងៃទី ១៧ខែតុលា ស្ថិតនៅ ចំណុចផ្សេងៗគ្នាក្បែរ សាលាបឋមសិក្សា សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ក្នុងភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុងពោលនៅក្បែរផ្ទះម្ចាស់ឆ្កែតែម្ដង។

លោក ឡេង សុខឃីម មន្ដ្រីបម្រើការ ងារ នៅអង្គភាពអគ្គិសនីខេត្ដរតនគីរី បាន និយាយថា នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី ១៧ ខែតុលា ខណៈដែលរូបលោក និងក្រុម ការងារចំនួន ២-៣នាក់ ចុះទៅត្រួតពិនិត្យ មើល កាប៊ីនភ្លើង ស្រាប់តែត្រូវឆ្កែ១ក្បាល ពណ៌ខ្មៅ រាងតូច ល្មមហក់ មកខាំកំភួនជើង របស់លោក ហើយភ្លាមៗនោះ រូបលោក និងក្រុមការងារ បានវាយឆ្កែនោះរត់ទៅ មុខបាត់ ។ មួយសន្ទុះក្រោយមក លឺសូរ ប្រជាពលរដ្ឋផ្សេងទៀត និយាយតៗគ្នាថា ឆ្កែខាង លើគឺខាំគេខាំឯង ពោលបើបានជួប ហើយ គឺច្បាស់ជាដេញខាំ ។ ដោយសារតែ ខ្លាចបង្កគ្រោះថ្នាក់ កាន់តែខ្លាំង ប្រជាពល រដ្ឋ និងអាជ្ញាធរមូលដ្ឋានបាននាំគ្នាវាយឆ្កែ នោះ រហូតដល់ងាប់តែម្ដងទៅ ។

បើតាមសមត្ថកិច្ចមូលដ្ឋាន ម្ចាស់ឆ្កែ ឈ្មោះ ធឹម ខែត ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុ ។ ម្ចាស់ឆ្កែ បាននិយាយ ឱ្យដឹងផងដែរថា កាលពីយប់ ថ្ងៃទី១៦ ខែតុលា គាត់បាន ដាក់បាយឱ្យវា ស៊ីធម្មតាដូចសព្វមួយដង ហើយពុំមាន ឃើញសភាពប្លែកអ្វីនោះទេ ប៉ុន្ដែ ក្នុងរយៈ ពេល២-៣ថ្ងែកន្លងមកនេះ គាត់បានឃើញ ឆ្កែរបស់គាត់ដោយញី ហើយមានឆ្កែផ្សេង ទៀតមក ខាំវា ។

នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៣ នេះ គេបានឃើញជនរងគ្រោះ ប្រមាណ ១០នាក់ ទៅ ដាកពាក្យបណ្ដឹង នៅកន្លែងសមត្ថកិច្ច ដើម្បីឱ្យជួយរកខុសត្រូវ ប៉ុន្ដែ មិនទាន់ដឹងលទ្ធផល នៅឡើយ ទេ ៕


ប្រភព៖ ដើមអម្ពិល