![]() |
| ប្លង់គំរូអាកាសយានដ្ឋានអន្តរជាតិLong Thanh |
អាកាសចរណ៍ស៊ីវិលវៀតណាម CAAV ប៉ុន្មានម៉ោងមុននេះបានឲ្យដឹងថា ខ្លួនគ្រោងសាង សង់ប្រលានយន្តហោះ ៤ បន្ថែមទៀត ក្នុងកញ្ចប់ទឹកប្រាក់ប្រហែល ៨,១ពាន់លានដុល្លារ អាមេរិក ដែលអាចដឹកជញ្ជូនអ្នកដំណើរអន្តរជាតិរហូតដល់ទៅជាង ១០០លាននាក់ និងទំនិញរាប់ម៉ឺនតោនក្នុងមួយឆ្នាំៗ។
ការដ្ឋានជើងហោះហើរទាំងបួននោះ ត្រូវបានសារព័ត៌មានវៀតណាមណិត រាយការណ៍ ថាមានអាកាសយានដ្ឋានអន្តរជាតិLong Thanh ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃខេត្ត Dong Nai។ ដោយឡែកអាកាសយានដ្ឋានអន្តរជាតិ ៣ផ្សេងទៀតមាន Chu Lai, Quang Ninh និងCam Ranh។
គម្រោងរយៈពេល ១០ឆ្នាំដើម្បីជួយសម្រួលការដឹកទំនិញ និងទាក់ទាញអ្នកទេសចរណ៍អន្តរជាតិទាំង ៤ខាងលើនេះ នឹងចាប់ផ្ដើមបើកការដ្ឋានចាប់ពីឆ្នាំ ២០១៥ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២៥ខាងមុខ។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម ដដែលបានសង្កត់ធ្ងន់ទៀតថា មិនត្រឹមតែផែនការពង្រីកវិសាលភាពជើងហោះហើរដែនអាកាសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែប្រទេសនេះ ក៏ប្រកាសទៀតថាគេនឹងបើកយានដ្ឋានជួសជុល និងថែទាំយន្តហោះដោយខ្លួនឯង យ៉ាងយូរត្រឹមឆ្នាំ២០២០។
យោងតាមលិខិតដែលចេញផ្សាយដោយនាយករដ្ឋមន្ត្រីវៀតណាម ចុះថ្ងៃទី ៨ មករា ២០០៩ បានសរសេរថា ត្រឹមឆ្នាំ ២០២០ វៀតណាមគួរតែមាន អាកាសយានដ្ឋានយ៉ាងហោច ២៦ ដែលក្នុងនោះ ១០អាកាសយានដ្ឋាន សម្រាប់ជើងហោះហើរអន្តរជាតិ ៕
ប្រភព៖ Sabay

