Wednesday, October 16, 2013

លោក ចេវ ហាក់ ផ្តល់​គន្លឹះ​ក្នុង​ការ​ឈប់​ភ្លើងស្តុប​ពេល​យប់​ដោយ​សុវត្ថិភាព

By on 11:00 AM

131016_10b

ភ្នំពេញ៖ លោក​វរសេនីយ៍ត្រី ​ចេវ ​ហាក់ ​អនុប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោគ​ផ្ដល់​ការ​ណែនាំ​ខ្លះ​ចំពោះ​បញ្ហា​ការ​ឈប់​ភ្លើងស្តុប​ពេល​យប់​ដោយ​សុវត្ថិភាព។
លោក​និយាយ​ថា​ចំពោះ​សុវត្ថិភាព​ចរាចរណ៍​ការ​គោរព​ច្បាប់​គឺជា​ការងារ​ដែល​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ធ្វើ​មិន​ថា​ជា​ពេល​ថ្ងៃ ឬ​ពេល​យប់​នោះ​ទេ​ព្រោះ​ភ្លើងសញ្ញា​និង​ស្លាកសញ្ញា​ចរាចរណ៍​ដែល​មាន​នៅ​លើ​ដងផ្លូវ​គឺ​អ្នក​ប្រើប្រាស់​ទាំងអស់​ត្រូវ​តែ​គោរព​ជា​ដាច់​ខាត។
លោក​ពន្យល់​ថា​៖ «ជា​ទូទៅ​ខណៈ​ពេល​ភ្លើង​ពណ៌​លឿង​លោត​ភ្លឹបភ្លែត​នៅ​ពេល​យប់​យើង​អាច​បន្ដ​ដំណើរ​ទៅ​បាន​ដោយ​ត្រូវ​តែ​ប្រុងប្រយ័ត្ន។​ប៉ុន្ដែ​បើ​សិន​ជា​ភ្លើង​ក្រហម​ឬ​ភ្លើង​ខៀវ​អ្នក​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ដាច់ខាត​ត្រូវ​តែ​គោរព​»។
លោក​បាន​បន្ថែម​ថា​កាលណា​យើង​មិន​ឈប់​ពេល​ភ្លើងស្ដុប​គឺ​ប្រឆាំង​នឹង​អ្នក​មកពី​ទិស​ម្ខាង​ទៀត​ដែល​កំពុង​ធ្វើ​ដំណើរ​ដោយ​មាន​ភ្លើង​ខៀវ​អនុញ្ញាត​ហើយ​វា​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដែល​កើតឡើង​ពី​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​ស្លាកសញ្ញា​និង​ភ្លើងសញ្ញា។
តាម​ការ​សង្កេត​ផ្ទាល់ លោក​យល់​ឃើញ​ថា​៖ «ចរាចរណ៍​ពេល​យប់​និង​ពេល​ថ្ងៃ​មាន​ភាព​ខុស​គ្នា​ដោយសារ​តែ​អ្នក​បើកបរ​ភាគច្រើន​បើក​ល្បឿន​លឿន​ហើយ​ចរាចរណ៍​នៅលើ​ដងផ្លូវ​នានា​នៅ​ពេល​យប់​មិន​សូវ​មាន​ភាព​មមាញឹក​ដូច​ពេល​ថ្ងៃ​»។
សម្រាប់​រូប​លោក​ផ្ទាល់ និង​នគរបាល​ចរាចរ​ដទៃ​ទៀត​ត្រូវ​មាន​ប្ដូរវេន​គ្នា​យាមល្បាត​ពេល​យប់​នៅ​តាម​ផ្លូវ​សំខាន់​ៗ​ដែល​មាន​ការ​កកស្ទះ​ចរាចរណ៍​ឬ​ក៏​នៅ​កន្លែង​ដែល​ឧស្សាហ៍​មាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​។
ចំណែកឯ​នៅ​ផ្លូវ​តូច​មិន​មាន​ប្រចាំការ​នៅ​ពេល​យប់​ដល់​ទៀបភ្លឺ​ទេ។
លោក​បាន​បង្ហាញ​ទិន្នន័យ​ខាង​ការិយាល័យ​ថា​៖ «យោងតាម​តួលេខ បាន​ឲ្យ​ដឹង​ថា​អ្នក​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​យុវវ័យ​មាន​អាយុ​ចាប់​ពី​១៥​ដល់​២៩​ឆ្នាំ​ដែល​ខ្ពស់​ទៅ​ដល់​លើស​៥០​ភាគរយ​ក្នុង​ចំណោម​អ្នក​រងគ្រោះ​ទាំងអស់​ដោយ​ហេតុ​ថា​បច្ចុប្បន្ន​យុវជន​មួយ​ចំនួន​ពុំ​មាន​សុជីវធម៌​ក្នុង​ការ​បើកបរ ឡើយ​»។
លោក​បាន​បញ្ជាក់​ថា​ការ​សេពគ្រឿង​ស្រវឹង​ក៏​ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែរ។​សូម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទោះបី​នៅពេល​យប់​ឬ​ពេល​ថ្ងៃ​ក៏​ដោយ។
ជា​ចុងក្រោយ​លោក​បាន​អះអាង​ថា​៖ ​«យុវជន​គឺជា​ឆ្អឹងខ្នង​របស់​ប្រទេស​ជាតិ​បើ​ប្អូន​ៗ​មិន​គោរព​ច្បាប់​តើ​ប្អូន​ៗ​ទៅ​ទ្រទ្រង់​ប្រទេស​ជាតិ​យ៉ាង​ម៉េច​? ប្អូន​ៗ​គួរ​ធ្វើ​ជា​គំរូ​ក្នុង​ការ​គោរព​ច្បាប់​និង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ឈ្មោះ​ថា ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ក្នុង​សង្គម​មាន​ច្បាប់​»៕