Wednesday, October 16, 2013

អាជ្ញាធរ​ខ្មែរ និង​ថៃ ប្រឈមមុខ​ដាក់គ្នា រឿង​ជួសជុល​ផ្លូវ​ក្បែរ​ព្រំដែន​​

By on 11:03 AM


អាជ្ញាធរ​ខ្មែរ និង​ថៃ នៅ​ព្រឹក​ថ្ងៃ​ចន្ទ បាន​ប្រឈមមុខ​ដាក់គ្នា ដោយ​ភាគី​ខ្មែរ​ចោទប្រកាន់​ជនជាតិ​ថៃ​ថា បាន​លួច​ចូល​ជួស​ជុល​​ផ្លូវ​នៅ​លើ​ទឹកដី​ខ្មែរ​ដោយ​ខុស ច្បាប់ នៅ​តំបន់​ច្រក​ព្រំដែន​កម្ពុជា-​ថៃ ក្នុង​ខេត្ត​ឧត្តមានជ័យ​។​
​ប្រជាពលរដ្ឋ​អ្នកសារព័ត៌មាន​របស់​VOD ប្រចាំ​ខេត្ត​ឧត្តរមានជ័យ លោក លី ណាម រាយការណ៍​ថា​​កាលពី​យប់​ថ្ងៃ​ទី​១៣ ឈានចូល​ថ្ងៃ​ទី​១៤ ខែតុលា ភាគី​ថៃ បាន​បិទ​ច្រក​ព្រំដែន​ខ្មែរ-​ថៃ ហើយ​លួច​ដឹក​គ្រឿងចក្រ​ចូល​មក​ខ្មែរ​នៅពេល​យប់ ដោយ​​​ហេតុផល​ថា​ជួសជុល​ផ្លូវ​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​​​នៅ ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ព្រៃ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ នៅ​ច្រក​ព្រំដែន​ខ្មែរ​ថៃ ដែល​គេ​ហៅថា ច្រក​ជាំ​ស្រងាំ​។​
​លោក លី ណាម បន្តថា ភាគី​កម្ពុជា បាន​អះអាង​ថា ការជួសជុល​ផ្លូវ​របស់​ភាគី​ថៃ​នៅ​កម្ពុជា ហួស​ព្រំដែន ដែល​ឈាន​ដល់​តំបន់ហាមឃាត់​។ លោក​បន្​តថា ទីប្រឹក្សា​របស់​នាយករដ្ឋមន្ត្រី និង​ជា​អគ្គ​មេបញ្ជាការរង​កង​ទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទិស​ទី​៤ លោក ជា ម៉ន នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា វេលា​ម៉ោង​៩ បាន​ទៅ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ ដោយ​​មាន​ទាហាន​ខ្មែរ​ប្រមាណ ៥០​នាក់ បាន​ចរចា ហើយ​ភាគី​ថៃ​សម្រេច​ត្រឡប់​ទៅ​វិញ​។​
បន្ទាប់ពី​ហេតុការណ៍​នេះ បានបញ្ចប់ ស្ថានភាព​នៅ​តំបន់​នោះ មាន​សភាព​ធម្មតា ហើយ​អ្នកទេសចរ​ជាតិ និង អន្តរជាតិ បា​ម​ធ្វើដំណើរ​ឆ្លងកាត់​ច្រក​ព្រំដែន​​ជា​ធម្មតា​។​
​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ភាគី​កម្ពុជា បាន​តវ៉ា និង​ស្នើឲ្យ​អាជ្ញាធរ​ថៃ បញ្ឈប់​ការជួសជុល​ផ្លូវ​នៅ​តំបន់​ក្បែរ​ព្រំដែន​។​កាសែត​​បន្តថា ការងារ​ផ្លូវ​ជួសជុល​នោះ មាន​ប្រវែង​៤០០​ម៉ែត្រ​នៃ​ផ្នែក​ព្រំដែន​ថៃ និង​១០០​ម៉ែត្រ​ពី​ប៉ុស្តិ៍​គយ​​របស់​កម្ពុជា​៕
ប្រភព៖ VOD