Friday, October 18, 2013

យាយ ក្រពើ ថា នាយក​រដ្ឋ​មន្ត្រី ស៊ីញ៉េឲ្យ លី យ៉ុងផាត់ ចំណេញ​ជាង $៥០០លាន

By on 1:08 PM
131018_09
កម្លាំ​ង​របស់​អាជ្ញាធរ​រាជធានី​កំពុង​រុះរើ​សំណង់​លើដី​ដកហូត​ពី​យាយក្រពើ នៅ​សង្កាត់​ភ្នំពេញថ្មី
ភ្នំពេញៈ លោក​ស្រី ឈិន សុគន្ធារី ហៅ​យាយ ក្រពើ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន ឡាយីម៉ិច ហូលឌីង គ្រុប បាន​អះអាង កាល​ពី​ម្សិលមិញ​ថា ដោយ​សារ​តែ​ការ​ចុះ​ហត្ថលេខា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាត់​ដី​បឹង​ឲ្យ​ក្រុមហ៊ុន​ឯកជន ក្រោម​ស្លាក​ដើម្បី​សាង​សង់​ពហុកីឡដ្ឋាន មរតក តេជោ ធ្វើ​ឲ្យ​លោក ឧកញ៉ា លី យ៉ុងផាត់ ជា​ម្ចាស់​ក្រុមហ៊ុន​នេះ​ចំណេញ​ប្រាក់​ជាង ៥០០ លាន​ដុល្លារ​អាមេរិក​ពី​ការ​រំលោភ​យក​ដី​កម្មសិទ្ធិ​ឯកជន​ក្រុមហ៊ុន របស់​គាត់​ដែល​ជា​ដី​គោក​មិន​មែន​ជា​បឹង​ជាង ៣៤ ហិកតា និង​ដី​របស់​ប្រជា​ពលរដ្ឋ​រងគ្រោះ​ផ្សេងៗ​ទៀត ស្ថិត​នៅ​ក្នុង​សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែន​សុខ រាជធានី ភ្នំពេញ។
តាម​អ៊ីមែល​ផ្ញើ​មក ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញ​អ្នក​ស្រី សុគន្ធារី អះអាង​ថា ការ​ដក​ហូត​យក​ដី​ក្រុមហ៊ុន​គាត់ ៣៤ ហិកតា​នេះ គឺ​គ្មាន​តម្រូវការ​ដើម្បី​ប្រយោជន៍​សាធារណៈ​ឡើយ គឺ​ដក​ហូត​យក​ពី​ក្រុមហ៊ុន​គាត់​ដែល​កាន់​កាប់​ស្រប​ច្បាប់​យក​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ទៀត សម្រាប់​លក់​យក​ចំណេញ​កប់​ក្ដោង។ អ្នក​ស្រី​ថា បច្ចុប្បន្ន​ដី​ជា​កម្មសិទ្ធិ​របស់​គាត់ និង​របស់​ប្រជាជន​រងគ្រោះ​ដទៃ​ទៀត ដែល​បាន​ដក​ហូត​តាម​អនុក្រឹត្យ​លេខ ១០១ អនក្រ.បក ចុះ​ថ្ងៃ ទី១០ ខែ កក្កដា ឆ្នាំ ២០១២ នោះ​ត្រូវ​គេ​លក់​បន្ដ​ឲ្យ​ទៅ​ក្រុមហ៊ុន​បុរី ពិភព​ថ្មី ហើយ​ដែល​បុរី ពិភព​ថ្មី​កំពុង​សង់​ផ្ទះ​ល្វែង វីឡា ផ្សារ​ទំនើប ជា​ប្រយោជន៍​ឯកជន​សុទ្ធ​សាធ។
អ្នក​ស្រី សុគន្ធារី បន្ត​ថា ចាប់​ពី​ការ​ដក​ហូត​ដី​គាត់​និង​មាន​ចំណារ​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ឲ្យ​ចាប់​ខ្លួន​គាត់ ពលរដ្ឋ​ដែល​មាន​ដី​នៅ​ជិត​ដី​ក្រុមហ៊ុន​គាត់​មាន​ការ​ភិត​ភ័យ ហើយ​ក៏​បាន​នាំ​គ្នា​លក់​ដី​ឲ្យ​ទៅ​លោក ឧកញ៉ា លី យ៉ុងផាត់ ក្នុង​តម្លៃ ៧០ ដុល្លារ ក្នុង​មួយ ម៉ែត្រ​ក្រឡា។
អ្នក​ស្រី​អះអាង​ថា៖ «លោក ឧកញ៉ា លី យ៉ុងផាត់ ប្រមូល​ទិញ​ដី​ពី​ប្រជា​ពលរដ្ឋ​ទាំង​នោះ​បាន​ប្រមាណ​ជាង ១០០ ហិកតា​ថែម​ទៀត។ ដូច្នេះ​ដី​គាត់​សរុប​មាន​ជាង ២០០ ហិកតា ទាំង​ដី ទិញ​ថោកៗ និង​ដី​បាន​ទទេ​តាម​រយៈ​អនុក្រឹត្យ​ខាង​លើ គាត់​លក់​បាន​ចំណេញ​ជាង ៥០០ លាន​ដុល្លារ​អាមេរិក។ ឧកញ៉ា លី យ៉ុងផាត់ បាន​លក់​ដី​នេះ​ក្នុង​តម្លៃ​ជិត ៣០០ ដុល្លារ​អាមេរិក ក្នុង​មួយ ម៉ែត្រ​ក្រឡា។ ដោយ​ឡែក​ដី​ក្រុមហ៊ុន​នាង​ខ្ញុំ នៅ​ជាប់​ផ្លូវ​កៅស៊ូ​ខាង​មុខ​មាន​តម្លៃ​ដល់​ទៅ ៥០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា។ ទឹក ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​បាន​មក​ដោយ​មិន​បាច់​ប្រឹង នេះ មិន​ដឹង​ជា​គាត់​យក​ប៉ុន្មាន​មក​ដាក់​ជា​ប្រយោជន៍​ជាតិ​ទេ ព្រោះ​អ្វីៗ ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​តម្លាភាព​ទាល់​តែ​សោះ។
ពាក់​ព័ន្ធ​នឹង​ការ​កាន់​កាប់​ដី ៣៤ ហិកតា​ដែល​អនុក្រឹត្យ​កាត់​យក​នេះ​អ្នក​ស្រី ឈិន សុគន្ធារី ពន្យល់​ថា គាត់​បាន​ទិញ​តាំង​ពី​ឆ្នាំ ១៩៩៩ ម៉្លេះ មាន​លិខិត​ផ្ទេរ​សិទ្ធិ​និង​មាន​ការ​ទទួល​ស្គាល់​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​បាន​បង់​ពន្ធ​ប្រចាំ​ឆ្នាំ ២០១១ ជូន​រដ្ឋ​រួច​ទៀត​ផង។ លោក​ស្រី​ថា បើ​យោង​តាម​លិខិត​លេខ ៦៩៩ ធទឧ ចុះ​ថ្ងៃ ទី០៣ ខែ មេសា ឆ្នាំ ២០១២ របស់​គណៈកម្មាធិការ​កំណត់​ផ្ទៃ​ទីតាំង​បឹង​បួ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្រ្តី​សម្រេច​និង​ការ​កំណត់​ផ្ទៃ​បឹង ពោងពាយ គឺ​តម្រូវ​ការ​ចាំបាច់​សម្រាប់​អាង​ស្តុក​ទឹក​មាន​ត្រឹម​តែ ៥៣,៣១ ហិកតា​ប៉ុណ្ណោះ ហើយ​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​ឯកភាព​តាម​ចំណារ​ចុះ​ថ្ងៃ ទី០៩ ខែ មេសា ឆ្នាំ ២០១២ ឃើញ​ថា ដី​របស់​គាត់ គឺ​មិន​ស្ថិត​នៅ​ក្នុង​តំបន់​អាង​ស្តុក​ទឹក​របស់​រដ្ឋ​នោះ​ឡើយ។
លោក ជា សាវាន អាយុ ៦២ ឆ្នាំ ជា​មន្រ្តី​អប់រំ​ចូល​និវត្តន៍​ក្រីក្រ​រស់​នៅ​តំបន់​នោះ បាន​ឲ្យ​ដឹង​ថា​គាត់​បាន​ទិញ​ដី​មួយ​កន្លែង​ទំហំ ១ ហិកតា នៅ​ក្នុង​ឆ្នាំ ១៩៨៩ រួច​ហើយ​បាន​សាង​សង់​ផ្ទះ​ទំហំ ៦ ម៉ែត្រ​គុណ ៧ ម៉ែត្រ​នៅ​លើ​ដី ដែល​បច្ចុប្បន្ន​មាន​ទីតាំង​នៅ​ផ្ទះ​លេខ ៣៦៩ ផ្លូវ ១៩២៨ ក្នុង​ភូមិ ពោងពាយ សង្កាត់ ភ្នំពេញ ថ្មី ខណ្ឌ សែន​សុខ និង​បាន​រស់​នៅ​និង​អាស្រ័យ​ផល​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ ១៩៨៩ រហូត​មក មាន​រយៈ​ពេល​ជាង ២៣ ឆ្នាំ​ហើយ។
លោក​បាន​បន្ត​ថា ចាប់​តាំង​ពី​សាលា​រាជធានី​ភ្នំពេញ បាន​រំលោភ​បំពាន​និង​កាត់​យក​ដី​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​គាត់​ទំហំ ៣៥ ម៉ែត្រ​គុណ ៧០,២០ ម៉ែត្រ​ចូល​ជា​សម្បតិ្ត​រដ្ឋ ពី​ឆ្នាំ ២០១២ រហូត​មក​ទល់​ពេល​នេះ សាលា រាជធានី​ភ្នំពេញ មិន​ទាន់​បាន​ដោះស្រាយ​គោល​នយោបាយ​ឬ​សង​ជំងឺ​ចិត្ត​អ្វី​ឲ្យ​គាត់​ឡើយ អាជ្ញាធរ​រាជធានី​ហាក់​ដូចជា​ចង់​លេប​ត្របាក់​ឬ​ប្លន់​យក​ដី​របស់​គាត់​ឆៅៗ​តែ​ម្តង​។ លោក​ក៏​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី អាណិត​មេត្តា​ពិនិត្យ​និង​សម្រេច​ជា​ថ្មី អំពី​កាត់​ដី​គាត់​ដែល​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ចេញ​ពី​អនុក្រឹត្យ​លេខៈ ១០១ អនក្រ.បក នោះ និង​សុំ​ឲ្យ​សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ពិនិត្យ ចាត់​វិធានការ​និង​ដាក់​ទណ្ឌកម្ម ទៅ​លើ​មន្ត្រី​ខិល​ខូច ពុករលួយ​ថ្នាក់​ក្រោម ដែល​ឃុប​ឃិត​និង​ធ្វើ​របាយ​ការណ៍​ភូត​កុហក​នាយក​រដ្ឋ​មន្រ្តី​ឲ្យ​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​ខាង​លើ​នេះ ដើម្បី​ស្តារ​កិត្តិយស​និង​កិត្តិនាម​របស់​ថ្នាក់​ដឹក​នាំ និង​បង្កើន​ភាព​ជឿ​ទុក​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ចំពោះ​រដ្ឋាភិបាល​ឡើង​វិញ។
លោក បញ្ជាក់​បន្ថែម​ថា តាម​ការ​ស្រាវជ្រាវ​របស់​លោក​ផ្ទាល់ យ៉ាង​ហោច​មាន​ប្រជាជន​រងគ្រោះ​ជាង ១០ គ្រួសារ ដែល​បាន​បាត់បង់​ដី​កម្មសិទ្ធិ​ប្រមាណ​ជាង​ពាក់​កណ្តាល​នៃ​ផ្ទៃ​ដី​សរុប​របស់​ខ្លួន ដែល​បណ្តាល​ពី​ការ​កំណត់​ក្នុង​អនុក្រឹត្យ​លេខៈ ១០១ អនក្រ.បក (ទំហំ​ជាង ៧០ ហិកតា) ឥឡូវ​ដី​ទាំង​អស់​នោះ​ត្រូវ​សាលា​រាជធានី​ភ្នំពេញ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​យក​ទៅ សង់​ផ្ទះ​ល្វែង​ឬ​វីឡា​លក់ ដែល​មិន​ដើម្បី​ប្រយោជន៍​សាធារណៈ​យ៉ាង​ចេញ​មុខ​ទៀត​ផង។
លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ លីកាដូ ថ្លែង​ថា​ការ​កាត់​ដី​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ពលរដ្ឋ​ដាក់ ក្នុង​អនុក្រឹត្យ​ឬ​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​នៅ​ក្នុង​ភូមិ ពោងពាយ ឬ បឹង បាយាប ខណ្ឌ សែន​សុខ នេះ បាន​រំលោភ​ទៅ​លើ​សិទ្ធិ​រស់នៅ​និង​ការ​សង់​លំនៅឋាន​របស់​ប្រជា​ពលរដ្ឋ។
លោក​បន្ត​ថា៖ «ប្រសិន​បើ​រាជ​រដ្ឋាភិបាល​ត្រូវ​ការ​វិនិយោគ​ដី​នៅ​ទី​នោះ ឬ ត្រូវ​ការ​ដី​កម្មសិទ្ធិ​របស់​គាត់​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​នោះ រដ្ឋាភិបាល​គួរ​មាន​គោល​នយោបាយ​ដោះ​ដូរ​ដី ឬ ផ្តល់​សំណង​ដល់​ពួក​គាត់​ឲ្យ​បាន​សមរម្យ។
រដ្ឋាភិបាល​មិន​អាច​កាត់​ដី​ពលរដ្ឋ​ស្រប​ច្បាប់​ដាក់​ចូល​ក្នុង អនុក្រឹត្យ ឬ​ជា​សម្បត្តិ​សាធារណៈ ដោយ​មិន​ទូទាត់​សំណង​ឬ​ផ្តល់​សំណង​គោល​នយោបាយ​ជា​មុន​ឡើយ។
លោក អំ សំអាត បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ​របស់ លីកាដូ កន្លង​មក​រាជ​រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ចេញ​អនុក្រឹត្យ​កំណត់​ព្រំ​ដី សម្រាប់​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​និង​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ផ្សេងៗ និង​បាន​ប៉ះពាល់​ដី​កម្មសិទិ្ធ​ស្រប​ច្បាប់​របស់​ប្រជា​ពលរដ្ឋ ជាច្រើន​ដែរ។ ប៉ុន្តែ​រដ្ឋាភិបាល​ក៏​បាន​ធ្វើ​ការ​កែ​សម្រួល​អនុក្រឹត្យ​ព្រម ទាំង​ប្រគល់​ដី​កម្មសិទ្ធិ​នោះ ជូន​ប្រជា​ពលរដ្ឋ​វិញ​ផង​ដែរ។
អ្នក​តំណាង​រាស្ត្រ កែប ជុតិមា អតីត​អភិបាល​រាជធានី​និង​លោក លឹម គានហោ រដ្ឋ​មន្រ្តី​ក្រសួង ធនធាន​ទឹក​និង​ឧតុនិយម​មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ម្សិលមិញ៕