Friday, October 18, 2013

សមាជិក​សភា​អាមេរិក​​យល់ព្រម​​​​បោះឆ្នោត​អនុម័ត​លើ​​​ច្បាប់​​ខ្ចី​ប្រាក់​​​​

By on 2:04 PM
លោក​Harry Mason Reid​ ប្រកាស​ពី​ការ​ព្រមព្រៀង​​លើ​ការ​អនុម័ត​ច្បាប់របស់​សមាជិកសភា​

ភាព​ជាប់​គាំង​លើ​​​ការ​​អនុម័ត​​​ច្បាប់​​ថវិកា​ជាតិ​បស់​អាមេរិកដ៏​ចម្រូងចម្រាស​បាន​ធូរស្រាល​ឡើងវិញ​​ហើយ​ បន្ទាប់​ពី​សមាជិក​សភា​មក​ពី​គណបក្ស​​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​​ប្រកាស​ពី​ការ​ព្រមព្រៀង​​​មួយ​លើ​ការ​អនុម័ត​ច្បាប់នេះ​កាល​ពី​ថ្ងៃ​ពុធ ​ម្សិលមិញ។

ការ​​​​អនុម័ត​នេះ​​មាន​ន័យ​ថា នឹង​​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​​អាច​កំណត់​ដំឡើង​​​​​កម្រិត​​ប្រាក់បំណុល​សាធារណៈ​​​ក្នុង​ការ​ខ្ចី​ប្រាក់​ដែល​មាន​រហូត​ដល់​ខែ​កុម្ភៈ​ឆ្នាំ​២០១៤​ខាងមុខ សម្រាប់​បើក​ប្រាក់ខែ​ជូន​បុគ្គលិក​រាប់​ម៉ឺន​នាក់​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​កន្លងមក។  ​​​​​

ប្រភព​ពី​សេតវិមាន​​​បាន​ឲ្យ​ដឹង​​ថា លោក​​​អូបាម៉ា​បាន​អបអរសាទរ​ចំពោះ​​លទ្ធផល​នេះ ដោយ​ជំរុញ​ឲ្យ​សមាជិក​សភា​ទាំង​អស់​ត្រូវ​​ផ្ដល់​ការ​អនុម័ត​​ឲ្យ​លឿន​​បំផុត និង​មាន​​ទំនួលខុសត្រូវ​​ខ្ពស់​ ដើម្បី​​​ឲ្យ​​រដ្ឋាភិបាល​​​​​អាច​ទម្លុះ​ភាព​ទាល់ច្រក​បាន​លើ​​ភាព​ជាប់​គាំង​​នៃ​ការ​​អនុម័ត​​​ច្បាប់​ប្រាក់​បំណុល ដែល​​បាន​អូស​បន្លាយ​អស់​​​រយៈ​ពេល​ ២​សប្ដាហ៍​មក​នេះ។

ប្រសិន​បើ​​សភា​អាមេរិក​អាច​​អនុម័ត​តាម​ការ​គ្រោងទុក​មាន​​នោះ រដ្ឋបាល​លោក​អូបាម៉ា​នឹង​អាច​ខ្ចី​ប្រាក់​​បន្ថែម​ពី​ស្ថាប័ន​​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ខណៈ​ដែល​ទឹកប្រាក់​នៅ​ក្នុង​ដៃ​​មាន​ត្រឹមតែ​ ៣០​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​​​នេះ​វា​​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​ការ​ចំណាយ​ទូទៅ​​​​របស់​រដ្ឋ​នៅ​ពេល​បច្ចុប្បន្ន៕

ប្រភព៖ Sabay