![]() |
| កញ្ញា សេង ធារី អ្នកជំនាញខាងកិច្ចការច្បាប់និងសិទ្ធិមនុស្សអន្តរជាតិ |
ធារី សេង ទទួលបានបរិញ្ញាបត្រច្បាប់មកពី សាកលវិទ្យាល័យ Georgetown ក្រុង វ៉ាស៊ីនតោន ជាសាលារបស់លោក Bill Clinton អតីតប្រធានាធិបតេយ្យ សហរដ្ឋ អាមេរិក ជាសាលាមានជំនាញផ្នែកនយោបាយអន្តរជាតិ។ កញ្ញា ធារី សេង បានធ្វើកិច្ចការជាច្រើនអំពីសង្គមក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់តំបន់អាស៊ាន ទាក់ទិនទៅនឹងកិច្ចការច្បាប់ និងសិទ្ធិមនុស្ស។ ធារី មានបទពិសោធការងារផ្នែកច្បាប់ភាគច្រើន នៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ី។ នាងកើតនៅរាជធានីភ្នំពេញ នៅដើមឆ្នាំ ១៩៧១។ នាងមានអាយុ ៤ ឆ្នាំ នៅពេលខ្មែរក្រហមឡើងកាន់អំណាចក្នុងឆ្នាំ ១៩៧៥។ ធារី សេង បានពិក្សាអំពីបទពិសោធផ្ទាល់ពីការងារផ្នែកច្បាប់ នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្នជាមួយលោក កៃ គឹមសុង ដោយសម្លឹងត្រឡប់ក្រោយ ក្នុងរយៈ ២០ ឆ្នាំ កន្លងទៅ និងសម្លឹងមើលទៅអនាគតនៃប្រទេសកម្ពុជាតាមរយៈសំណួរ-ចម្លើយ អំពីការគោរពច្បាប់ និងការគោរពសិទ្ធិមនុស្សដូចខាងក្រោម៖
តើនៅកម្ពុជា មានការអនុវត្តច្បាប់បទដ្ឋាននានាបានពេញលេញ ខ្វះខាត ឬល្អប្រសើរយ៉ាងណាទៅ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ?
ក្នុង រយៈពេល ២០ ឆ្នាំ តាំងពីយើងបានតាត់តែង និងអនុម័តច្បាប់រដ្ឋធម្មនុញ្ញ ក្នុងសម័យ អ៊ុនតាក់ មក យើងឃើញថា វាមានភាពប្រសើរច្រើន បើយើងនិយាយឲ្យទូលំទូលាយ ហើយភាពប្រសើរកើតឡើងដោយសារការដាក់សម្ពាធ ពីប្រជាពលរដ្ឋ ដែលដឹកនាំដោយសង្គមស៊ីវិល និងគណបក្សប្រឆាំង នៅក្នុងការជំរុញ។
ឧទាហរណ៍ នៅក្នុងច្បាប់ទាក់ទិនពលកម្ម យើងហៅថា Labor Law ទាក់ទិននឹងកម្មករ តាមរោងចក្រ យើងបានទទួលជំនួយបច្ចេកទេសច្រើនពីអន្តរជាតិ ក្នុងការមើលខុសត្រូវ អំពីលទ្ធភាពតាមដានអំពីសិទិ្ធ។ បើអ៊ីចឹង នេះជាភាពប្រសើរចំពោះប្រជាជាតិទាំងមូល។ ប៉ុន្តែអ្វីជាបញ្ហា ហើយអ្វីដែលខ្ញុំមានការព្រួយបារម្ភគឺ គុណភាព នៅក្នុងដំណើរការអនុវត្តច្បាប់។ ចំពោះខ្ញុំ ខ្ញុំយល់ឃើញថា ការអនុវត្តនេះ មានភាពយឺតយ៉ាវច្រើន វាគួរតែរីកចម្រើនលើសពីបច្ចុប្បន្ននេះ ពិសេសក្នុងផ្នែកច្បាប់។ បើឲ្យជ្រៅជាងនេះ យើងឃើញថា ដៃម្ខាងរីកចម្រើន តែដៃម្ខាងទៀតមានបញ្ហា នោះគឺការមិនគោរពសិទ្ធិមនុស្ស។ ឧទាហរណ៍ ការជួញដូរមនុស្ស ស្ត្រីនិងកុមារ បញ្ហារំលោភនិងរឿងអាសអាភាស បានក្លាយជាបញ្ហាសង្គមយ៉ាងធ្ងន់ធ្ងរ។ ចំពោះប្រទេសខ្មែរយើងមកពីការអនុវត្តច្បាប់ដើរមិនទាន់បញ្ហា ដែលកំពុងរីកផុសផុលឡើងលឿនជាងច្បាប់ទៅទៀត។ ក្រៅពីនេះយើងមានបញ្ហាអន្តោប្រវេសន៍ពីប្រទេសជិតខាងផងពី ជនបរទេស ដែលច្រើនតែប្រើប្រទេសយើងជាទីលាក់ខ្លួននៅក្នុងការប្រព្រឹត្តអំពើអាក្រក់។ មានករណីច្រើនទៀតដូចជា ការបណ្ដេញប្រជាពលរដ្ឋចេញពីផ្ទះសម្បែង បញ្ហាដីធ្លី និងការកាប់បំផ្លាញព្រៃឈើជាដើម។
តើរដ្ឋាភិបាល និងរដ្ឋសភា មានដែលរំលោភបំពានច្បាប់ណាមួយ ដែលខ្លួនបានចែង និងអនុម័ត ក្នុងបណ្ដាអាណត្តិកន្លងមកទេ?
យើង ឃើញថា រដ្ឋាភិបាលបានរំលោភបំពានច្រើន។ ឧទាហរណ៍ គ.ជ.ប នៅពេលថ្មីៗនេះ យើងបានឃើញជាក់ស្ដែងតាមរយៈសំណួររបស់លោកថា គាត់មិនបានគោរពវិធានផ្ទៃក្នុង ក្នុងការបើកសវនាការឲ្យត្រឹមត្រូវដើម្បីស្ដាប់ពាក្យបណ្ដឹងពី អ្នកបោះឆ្នោត និងគណបក្សសង្គ្រោះជាតិដែរទេ? ប្រហែលពីមុន គាត់បានបំពានច្រើន ដែលយើងមិនបានដឹង តែនៅក្នុងសម័យបណ្ដាញសង្គម រីកចម្រើន (Social Media) យើងអាចដឹងអំពីបញ្ហានេះ។
គេមើលឃើញថា រដ្ឋាភិបាលហាក់មានអំណាចខ្លាំងក្លាជាងស្ថាប័នជាតិធំៗ ៣ ទៀតមាន រដ្ឋសភា ព្រឹទ្ធសភាតុលាការ និងស្ថាប័នសារព័ត៌មាន ក្នុងអាណត្តិកន្លងមក។ តើសម្រាប់អាណត្តិ ទី៥ នេះ រាជរដ្ឋាភិបាល អាចបន្តត្រួតត្រាលើស្ថាប័នដទៃដូចអាណត្តិកន្លងមកទេ?
ចា! រដ្ឋាភិបាលថ្មីនេះ ជារដ្ឋាភិបាលដែលកំពុងជួបប្រទះអស្ថេរភាព ហើយកំពុងប្រឈមមុខ អំពីសំណួរច្បាប់ថា គាត់ស្របនឹងធម្មនុញ្ញឬអត់? នេះជាសំណួរដែលយើងកំពុងសួរចំពោះរដ្ឋាភិបាលដែរ។ អ៊ីចឹង ថាតើដំណោះស្រាយគួរតែប្រើច្បាប់ឬរកផ្លូវចរចា? គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានចិត្តស្ងប់ ក្នុងមួយកម្រិត។ អ្វីក៏ដោយ យើងមិនអាចធ្វើល្អឥតខ្ចោះបានទេ ហើយក៏គ្មានប្រទេសណាមួយអាចអនុវត្តច្បាប់បានពេញលេញដែរ។ ប៉ុន្តែអ្វីដែលយើងចង់បានឲ្យប្រសើរនៅក្នុងកម្រិតមួយ ដែលសង្គមដែលមានប្រជាពលរដ្ឋភាគច្រើនដែលគាត់គិតថា គាត់អាចទទួលបាន។ នៅក្នុងសភាពការណ៍នយោបាយឥឡូវនេះ យើងឃើញថា ប្រជាពលរដ្ឋភាគច្រើន គាត់អត់ទាន់ទទួលបានទេ ចំពោះរដ្ឋាភិបាលថ្មីនេះ ដែលគាត់គិតថា អធម្មនុញ្ញ ឬអត់ទាន់មានភាពតទល់គ្នាឲ្យមានតុល្យភាពអំណាច ជាមួយគណបក្សប្រឆាំង ហើយស្ថាប័នផ្សែងៗទៀត។ ខ្ញុំថាមានអំណាច ទី ៥ ទៀតគឺអំណាចពលរដ្ឋ នេះជាសភាពការណ៍ថ្មី ដែលយើងមិនដែលបានឃើញកាលពីមុន យើងអាចដឹងថ្មីៗនេះ អំណាចប្រជាពលរដ្ឋ ជាអំណាចខ្លាំង ហើយគាត់បានអនុវត្តអំណាចហ្នឹងមែន នៅក្នុងការតវ៉ា។ ចំពោះខ្ញុំការតវ៉ារបស់ប្រជាពលរដ្ឋឥឡូវនេះ ជាការសង្ឃឹម និងជាការលើកទឹកចិត្តរបស់ខ្ញុំ នៅក្នុងន័យថា គាត់កំពុងបញ្ចេញកម្លាំងរបស់គាត់ត្រឹមត្រូវជាប្រជាពលរដ្ឋ (citizen)។ ពីមុនមកបងប្អូនខ្មែរយើង ជាមនុស្សដែលគេបង្ក្រាប ឬជាមនុស្សដែលទទួលរងគ្រោះ ប៉ុន្តែឥឡូវ យើងកំពុងប្រើអំណាចរបស់យើងជាពលរដ្ឋ ដែលជាម្ចាស់របស់រដ្ឋធម្មនុញ្ញហើយជាផ្លូវច្បាប់ពលរដ្ឋជាម្ចាស់ នៃតំណាងរាស្ត្ររបស់យើង ពីព្រោះពួកគាត់តំណាងឲ្យយើង ដែលពីមុនមកពួកគាត់បានដើរតួជាម្ចាស់យើង។ បើអ៊ីចឹងការផ្លាស់ប្តូរក្នុងផ្នត់គំនិតនេះ ជាការរីកចម្រើនក្នុងលទ្ធិប្រជាធិបតេយ្យ។
តើកត្តាអ្វីខ្លះ ដែលបណ្ដាលឲ្យមានការផ្លាស់ប្តូរយ៉ាងលឿន ហើយចំឡែកទៀតដែលជារឿងមិននឹកស្មានដល់ថាពលរដ្ឋកម្ពុជា បែរជាគិតចង់ផ្លាស់ប្ដូរបែបនេះទេ ពីព្រោះថា គណបក្សប្រជាជនឈ្នះដល់ទៅ ៩០ កៅអីកាលពីអាណត្តិ ទី៤?
ចា! មានកត្តាច្រើនដែលបូកសរុបទៅធ្វើឲ្យយើងឃើញភាពអស្ចារ្យនៅក្នុង រង្វង់ប៉ុន្មានខែនេះ។ ពិសេសក្នុងអំឡុងពេលបោះឆ្នោតអាណត្តិ ទី៥ នេះ ដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ ខ្ញុំគិតថា មិនមានអ្នកណានឹកស្មានដល់ទេ អ្វីដែលប្រជាពលរដ្ឋខ្មែរ បានបញ្ចេញមតិបញ្ចេញកម្លាំង បញ្ចេញភាពក្លាហានរបស់គាត់ នៅក្នុងការដឹងនិងយល់និងអនុវត្តសិទិ្ធរបស់ពួកគាត់។ កត្តាមានច្រើនក្នុងនោះមានកម្លាំងយុវជនមាន ៧៥ ភាគរយ មានអាយុក្រោម ៣០ ឆ្នាំ ក្នុងចំណោមពលរដ្ឋជាង ១៤ លាននាក់។ មនុស្សមានអាយុក្រោម ៣០ ឆ្នាំ ពួកគេមិនដែលជួបប្រទះផ្ទាល់របបខ្មែរក្រហមទេ ចំពោះបងប្អូនយើងរួមនឹងខ្ញុំ ដែលបានជួបប្រទះផ្ទាល់របបខ្មែរក្រហម យើងមានការបាក់ស្បាត យើងមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ដែលធ្វើឲ្យយើងអស់សង្ឃឹមច្រើន ធ្វើឲ្យយើងមានភាពភ័យខ្លាចក្នុងកម្រិតមួយធ្ងន់ធ្ងរ។ ដូច្នេះ យុវវជនដែលមាន ៧០ ភាគរយ មិនមានជំងឺបាក់ស្បាតដូចឪពុកម្តាយគាត់ទេ។ ម្យ៉ាងយើងបានទទួលឥទ្ធិពលច្រើនពីពិភពលោក ដែលកំពុងមានទំនោរទៅរកការបង្ហាញសិទិ្ធទាមទារ និងហ៊ានប្រឈមមុខនឹងអំណាចផ្តាច់ការនៅក្នុងប្រទេសពួកគេ។ យើងក៏ឃើញថា បណ្ដាញសង្គម មានសារៈសំខាន់មែនទែន រួមនឹងបច្ចេកវិទ្យាទូរស័ព្ឌផងដែលអាចថតរូបផងហើយបង្ហោះភ្លាមៗផង រួមទាំងភាសាអង់គ្លេស ដែលជាភាសាបណ្ដាញ ហ្វេសប៊ុក និងការរីកចម្រើនរបស់អក្សរហ្វុន យូនីកូដ ដែលក្លាយជាភាសាគេអាចសរសេរបាននៅក្នុងប្រព័ន្ធ ហ្វេសប៊ុក របស់ ក្រុមអ្នកប្រើប្រាស់។
ធារី! បញ្ហាបណ្ដាញសង្គម (ហ្វេសប៊ុក) នៅប្រទេសមួយចំនួន បាននាំគ្រោះដល់ប្រទេសជាតិ ដោយបង្កើតឲ្យមានបដិវត្តន៍ផ្កាម្លិះ។ តើយុវជនខ្មែរយើងអាចនឹងឈានដល់កម្រិតអាក្រក់នោះឬទេប្រសិនបើបណ្ដោយឲ្យពួកគាត់ប្រើប្រាស់ប្រព័ន្ធទំនើបនោះ ដោយសេរីដូចសព្វថ្ងៃ?
បញ្ហា អសន្តិសុខឬអស្ថិរភាព ជាការព្រួយបារម្ភទូទៅមួយ ប៉ុន្តែការផ្លាស់ប្តូរឈានទៅរកសង្គមប្រសើរជាងបច្ចុប្បន្ន ក៏ចាំបាច់ដែរពីព្រោះអ្វីដែលនៅតែដដែល វាមិនអាចមានអ្វីប្រសើរឡើយ។ ប្រសិនបើយើងចង់ឲ្យមានការកែទម្រង់ គឺត្រូវតែមានជម្លោះមួយដែលនឹងនាំមកនូវផលវិជ្ជមាន សម្រាប់សង្គមជាតិ ហេតុដូច្នេះហើយ ខ្ញុំមិនខ្លាចនឹងមានជម្លោះទេ ពីព្រោះជម្លោះដោយប្រាជ្ញា វាជាជម្លោះនៅក្នុងល្បែងប្រជាធិបតេយ្យ។ យើងត្រូវមានវប្បធម៌ ក្នុងការឯកភាព និងមិនឯកភាព ពីព្រោះមនុស្សម្នាក់ៗ មានការគិតខុសគ្នា។ យើងជំរុញឲ្យមនុស្សប្រើភាសាជជែកគ្នា ជាជាងប្រើប្រាស់អាវុធក្នុងការដណ្ដើមឈ្នះ។ ពួកយើងដែលជាសង្គមស៊ីវិល និងគណបក្សប្រឆាំងគ្មានអាវុធទេ ហើយយើងជំរុញឲ្យប្រើប្រាស់ភាសាសន្តិភាពនិងសម្រុះសម្រួល។ ខ្ញុំសូមសរសើរគណបក្សសង្គ្រោះជាតិ នៅក្នុងការរៀបចំប្រជុំដោយអហិង្សាដោយចង់បញ្ជាក់ថា នេះជាវិធីដែលគេប្រើប្រាស់ក្នុងល្បែងនយោបាយ។
តើអ្វីទៅ ដែលធ្វើឲ្យ ធារី សប្បាយចិត្តជាងគេ ហើយអ្វីទៅដែលធ្វើឲ្យ ធារី មិនពេញចិត្តទាល់តែសោះ នៅក្នុងសង្គមយើងនាពេលបច្ចុប្បន្ននេះ?
មានរឿងធ្វើឲ្យខ្ញុំ ស្រក់ទឹកភ្នែក នៅពេលខ្ញុំគិតឡើងវិញ អំពីអ្វីដែលបានកើតឡើង ក្នុងពេលថ្មីៗកន្លងទៅនេះ។ ចំពោះយុវជន និងពលរដ្ឋយើង ពិសេសពេលយើងឃើញថា ពួកគាត់ហ៊ានបង្ហាញសេចក្តីក្លាហានរបស់គាត់ ពិសេសគឺពួកគាត់បានលក់មាន់ លក់ទា យកកម្រៃសម្រាប់ធ្វើដំណើរមកចូលរួមធ្វើបាតុកម្មអហិង្សា។ នេះជាការឆ្លុះបញ្ចាំង អំពីឆន្ទៈនៅក្នុងជម្រៅចិត្តដ៏អស្ចារ្យមែនទែន ហើយអ្វីដែលធ្វើឲ្យខ្ញុំមានកម្លាំងនៅក្នុងកិច្ចការ ដែលលើកទឹកចិត្តខ្ញុំ គឺជាសេចក្តីក្លាហានរបស់ប្រជាពលរដ្ឋខ្មែរយើងដែលបានបង្ហាញមហាសាមគ្គីយ៉ាងទូលំទូលាយក្នុងសភាពប្រឈមគ្រោះថ្នាក់ចំពោះគាត់៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍

