Tuesday, October 15, 2013

សល់​២​ថ្ងៃ​ទៀត​ចូល​រោងការ​ស្រាប់តែ​កូនក្រមុំ​រត់​តាម​សង្សារ​បាត់​បន្សល់ទុក​កូន​កំលោះ​​នៅ​ឯ​កា​

By on 2:53 PM
ភ្នំពេញ ៖ នារី​ជា​កម្មករ​កាត់ដេរ​ម្នាក់​បាន​រត់​តាម​សង្សារ​បាត់​មុន​ថ្ងៃ​កំណត់​ចូល​រោងការ​នឹង​មកដល់​នៅ​ថ្ងៃទី​១៧​តុលា​នេះ បើ​ទោះ​បី​បងប្អូន​ខំ​ដើររក ឬ​ទូរ​សព្ទ័​យ៉ាងណាក៏ដោយ​ក៏​មិន​ទាក់ទង​បាន​ដែរ​។ ឯ​គូ​ដណ្តឹង​និង​ក្រុម​គ្រួសារ​ខាង​ប្រុស​មានតែ​ការ សោកស្ដាយ ដោយសារតែ​នាង​ជា​គូ​ដណ្ដឹង​មាន​សម្រស់​ដ៏​ស្រស់​ស្អាត​ម្នាក់​រត់ចោល​បាត់​។ បងប្អូន​ខាង​កូនក្រមុំ​បាន​នាំ​គ្នា​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ទួល​សង្កែ ដើម្បី​ឲ្យ​ជួយ​រក​រូប​នាង​​ផង​ដែរ​​​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣​នេះ​។​​
បើតាម​ឈ្មោះ ឈូក ធា ហៅ សារុន អាយុ​២៤​ឆ្នាំ ត្រូវជា​បងប្រុស​បង្កើត​របស់​នារី​ដែល​រត់ចោល​រោងការ​នោះបាន​និយាយថា ប្អូនស្រី​របស់ខ្លួន​ឈ្មោះ ឈូក ម៉ាលី​ស ហៅ​សារិន អាយុ​១៧​ឆ្នាំ ជា​កម្មករ​កាត់ដេរ​នៅ​រោងចក្រ ស៊ី​ង​ឆាង​ស៊ី​ង សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះជួល ភូមិ​-​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​​ឈ្មោះ ឈូក ធា បានឱ្យដឹង​ទៀតថា ប្អូនស្រី​របស់ខ្លួន​ត្រូវបាន​បងប្រុស​ជីដូនមួយ​ចូល​ស្តីដណ្តឹង ហើយ​គូ​ដណ្តឹង​នេះ​នឹង​ក្លាយជា​គូ​ស្វាមី ភរិយា​នៅ​រយៈពេល​តែ​២​ថ្ងៃ​ទៀត​ខាងមុខនេះ ពោលគឺ ពួកគេ​ត្រូវ​ចូល​រោងការ​នៅ​ថ្ងៃទី​១៧​តុលា​ឆ្នាំ​២០១៣ នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ប៉ុន្តែ​ស្រាប់តែ​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៣ នាង​បាន​វិច​បង្វិច​រត់តាម​សង្សារ​បាត់ស្រមោល​មិនដឹង​ទៅដល់​ទីណា ។ ប្រភព​បន្តថា រយៈពេល​ជាង​២​ខែ​មកហើយ ដែល​ខ្លួន​ដឹងថា​ប្អូនស្រី​របស់ខ្លួន​មាន​ទំនាក់ទំនង ស្នេហា​ជាមួយ​យុវជន​ម្នាក់​ឈ្មោះ សិ​ដ្ឋ អាយុ​២១​ឆ្នាំ ជា​កម្មករ​កាត់ដេរ​នៅ​រោងចក្រ ជាមួយគ្នា ដោយ​ឈ្មោះ​សិ​ដ្ឋ​បាន​ជួល​ផ្ទះ​នៅ​ខាងក្រោយ​វត្ត​ទួល​សង្កែ ភូមិ​-​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ 

ខណៈពេលដែល​បាត់​នាង​ចេញពី​ផ្ទះជួល​ខ្លួន​ក៏បាន​តាមរក​នៅផ្ទះ​ជួល​របស់​ឈ្មោះ​សិ​ដ្ឋ​ដែរ តែ​គេ​បានចេញ​បាត់​ពី​ផ្ទះ​ដូចគ្នា ។ ប្រភព​ខាងលើ​បន្តទៀតថា នាង​និង​គូ​ដណ្តឹង​គឺជា​បងប្អូនជីដូន មួយ​នឹង​គ្នា ហើយ​កន្លងមក​រវាង​ពួកគេ​ទាំង​២​នាក់​មិនដែល​មានរឿង​អ្វី​នឹង​គ្នា​នោះទេ ពោលគឺ​នាង​មិនដែល​ប្រកែក​ពី​បំណង​ចាស់ទុំ​ដែល​បាន​ផ្សំផ្គុំ​ឱ្យ​នាង​បាន​គ្នា​ជា​គូ​អនាគត​នោះទេ ។ តែ​កំហុស​ប្រហែល​មកពី​អ្នក​ទី​៣​នេះ​ដែល​មក​ប្រឡូកប្រឡាក់ បំបែកបំបាក់​ជ្រៀតជ្រែក ចំណងអាពាហ៍ ពិពាហ៍ របស់​ពួកគេ​ទាំង​២​នាក់ ។​

​​ក្រុមគ្រួសារ​របស់​នាង​បាន​អំពាវនាវ​ដល់​នាង​ឈូក ម៉ាលី​ស បើដឹង​ដំណឹង​នេះ​សូម​វិល​ត្រឡប់ មកវិញ​កុំ​ធ្វើបែបនេះ​ទៀត​នាំឱ្យ​ខូច​កិត្តិយស​គ្រួសារ​៕