
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរលួចគាស់ផ្ទះ និងលួចសម្ភារយ៉ាងសកម្មនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានប្រជាពលរដ្ឋព័ទ្ធស្ទាក់ចាប់បាន ខណៈដែលកំពុងធ្វើសកម្មភាពប្រុងទ្រព្យសម្បត្ដិ ហើយក៏បានស្វាគមន៍ម្នាក់មួយដៃ មួយជើងសល់ដង្ហើមចង្រិត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ នៅចំណុចក្រុម១៤ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យដែលប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃ មួយជើងមានឈ្មោះ ង្វៀន កុងថាញ់ អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរនិងទីលំនៅមិនពិតប្រាកដ ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ កន្លងមកនៅក្នុងភូមិត្រញំងឈូក ប្រជាពលរដ្ឋតែង តែបាត់ទ្រព្យសម្បត្ដិជាច្រើន មានដូចជា ចាន ឆ្នាំង ខោអាវ ម៉ូតូ កង់…។ ដោយមានការបាត់បង់សម្ភារៈ និងទ្រព្យសម្បត្ដិជារឿយៗបែបនេះ ពួកគាត់ក៏បានដាក់វេនគ្នាយាម រហូតនៅយប់កើតហេតុក៏ប្រទះនឹងជនសង្ស័យធ្វើសកម្មភាពលួចគាស់ផ្ទះ ប្រជាពលរដ្ឋបំណងចូលលួច ពួកគាត់ក៏នាំគ្នាព័ទ្ធស្ទាក់ចាប់បាន ហើយវាយម្នាក់មួយដៃ មួយជើងសល់ដង្ហើមចង្រិត ទើបប្រគល់ទៅឱ្យសមត្ថកិច្ច ។
បច្ចុប្បន្នជនរងគ្រោះត្រូវឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្ដ ៕

ប្រភព៖ កំណើតថ្មី
