Monday, November 4, 2013

ចាប់ខ្លួន​ប៉ូលិស​ ក្រសួង​មហា​ផ្ទៃ​ម្នាក់​ បញ្ជូន​ទៅ​តុលាការ ពាក់​ព័ន្ធ​ប្រើ​អំពើ​ហិង្សា​ ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា ​លើ​ទ្រព្យ​សម្បត្តិ​ អ្នក​ដទៃ

By on 9:23 AM
រាជធានីភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី៣១ តុលា ២០១៣ បានចាប់បញ្ជូន មន្ត្រីប៉ូលិស ក្រសួងមហាផ្ទៃម្នាក់ ទៅកាន់សាលាដំបូង រាជធានី ពាក់ព័ន្ធប្រើអំពើហិង្សា ធ្វើឱ្យខូចខាត ដោយចេតនា លើទ្រព្យសម្បត្តិអ្នកដទៃ។
មន្ត្រីប៉ូលិសដែលត្រូវចាប់បញ្ជូនទៅតុលាការឈ្មោះជា ចាន់ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ បម្រើការងារ នៅអង្គភាពនាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ ក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ ២២០០AB ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
ដើមចម នៃការចាប់ខ្លួន មន្ត្រីប៉ូលិសរូបនោះ យោងតាមដីកា សន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ របស់តំណាងអយ្យការ សាលាដំបូង រាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ឧសភា ២០១៣ ។
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ ២០១៣ លោកច័ន្ទ រ៉ាពិសិដ្ឋ ជាមេធាវី បានបើក រថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ តាមបណ្តោយផ្លូវមុនី្នរ៉េត ពីច្រមុះជ្រូកស្ថានីយប្រេងឥន្ធនៈ សូគីម៉ិចស្ទឹងមានជ័យសំដៅចូលរាជធានីភ្នំពេញ។ លុះរថយន្តលោកមេធាវី បើកមកដល់ ចំណុច ភូមិដំណាក់ធំស្រាប់តែឈ្មោះជា ចាន់ណារ៉ា បានបើករថយន្តម៉ាកកាមរីបាឡែន១គ្រឿង ដេញ តាមបំបុកពីក្រោយ និងកៀររថយន្តលោកច័ន្ទ រ៉ាពិសិដ្ឋ ឱ្យឈប់។ ពេលរថយន្តលោកមេធាវី ឈប់ភ្លាមឈ្មោះជា ចាន់ណារ៉ា បានស្ទុះឡើង ទៅឈរ លើក្បាលរថយន្ត លោកមេធាវី ដោយបានកាច់ផ្លិតទឹក វាយបំបែកកញ្ចក់រថយន្ត មេធាវីបណ្តាលឱ្យមានការ ភ្ញាក់ផ្អើល ដល់អ្នក ដំណើរទៅចោមរោមមើលរហូតមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោង។
ពេលវាយបំបែកកញ្ចក់ រថយន្តមេធាវីហើយ ឈ្មោះជា ចាន់ណារ៉ា បានហក់ចុះទៅយកកាំភ្លើង ខ្លី១ដើមពីក្នុងរថយន្តរបស់ខ្លួន រួចដើរសំដៅ ទៅរកលោកមេធាវី ពេលនោះត្រូវបាន នគរបាលទៅ ទាន់ក៏ចាប់ខ្លួនឈ្មោះជា ចាន់ណារ៉ា នាំទៅកាន់ស្នាក់ការ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹង មានជ័យ។ នៅពេលទៅដល់ ស្នាក់ការនគរបាល ឈ្មោះជា ចាន់ណារ៉ា បានព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ច ចាប់បានមកវិញ។ តែការឃាត់ខ្លួននោះមិនបានមួយដង្ហើមចង្រិតផង ក៏មានអន្តរាគមន៍ដោះលែងទៅវិញបាត់។
មូលហេតុដែលឈ្មោះជា ចាន់ណារ៉ា បើករថយន្តបំបុករថយន្តរបស់លោកមេធាវីដោយសារ ឃើញអតីតប្រពន្ធ និងកូនស្រី២នាក់ កំពុងជិះក្នុងរថយន្ត លោកមេធាវី ដែលនាងបានពឹងពាក់ ឱ្យការពារក្តី ក្នុងសំណុំរឿង លែងលះដើម្បីបែងចែកទ្រព្យសម្បត្តិ៕