
រាជធានីភ្នំពេញ ៖ ឃាតកម្មដែលកើតឡើងដោយសារភាពប្រចណ្ឌ បានធ្វើឲ្យបុរសម្នាក់ក្លាយឃាតកសម្លាប់ប្រពន្ធខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃ ។ អំពើសាហាវយង់ឃ្នងដែលស្វាមីលើកកាំបិតចាក់ និងអារ.ក សម្លាប់ភរិយាខ្លួននេះបានកើតឡើងកាលព្រឹកថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ នៅលើផ្ទះជួលលេខ១២១៥បេ ស្ថិតក្នុងភូមិ ឬស្សី១ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ។
ប្តីចិត្តអប្រីយ៍ឫស្យាម្នាក់នេះ ត្រូវបានគេស្គាល់ឈ្មោះ អាន សឿន អាយុ ៣៣ឆ្នាំ ។ ចំណែកស្ត្រីជនរងគ្រោះដែលដេកស្លាប់ក្នុងថ្លុកឈាមនោះមានឈ្មោះ ប៉េង ចិន្តា អាយុ ២៥ឆ្នាំ ។ អ្នកទាំងពីររស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពសមត្ថកិច្ចនៅមិនទាន់អធិប្បាយអ្វីនៅឡើយទេ ព្រោះកំពុងតែសាកសួរសាក្សី នៅជុំវិញកន្លែងកើតហេតុ។ តែបើតាមប្រជាពលរដ្ឋបានអះអាងថា គ្រួសារនេះឧស្សាហ៍កើតជម្លោះអំពើ ហិង្សា ដោយសារប្តីសង្ស័យភរិយារបស់ខ្លួន ជានារីម៉ាស្សាលួចមានសហាយស្មន់ជាមួយ មន្ត្រីថ្នាក់ ឧត្តមសេនីយ៍ ខណៈបុរសជាប្តីទៅធ្វើការនៅប្រទេសថៃ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនូវភស្តុតាងផ្សេងៗ ដែលពាក់ព័ន្ធដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់មកធ្វើការផ្តន្ទាទោសតាមច្បាប់ ៕


ប្រភព៖ កំណើតថ្មី
