Friday, October 18, 2013

ម៉ូតូ​ធំ​បុក​ម៉ូតូ​សង់​របួស​៣​នាក់​សល់​តែ​ដង្ហើម​ចង្រិត​

By on 1:45 PM
កំពត ​៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​បាន​រង​របួស​ធ្ងន់​ដោយ​សារ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ធំ​បុក​ជាមួយម៉ូតូសង់​សេ​១២៥​យ៉ាង​ពេញ​ទំហឹង​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹកថ្ងៃ​ទី​១៨​ ខែតុលា ​ឆ្នាំ​២០១៣ ​លើ​កំណាត់​ផ្លូវជាតិ​ទៅ​រមណីយដ្ឋាន​ទឹក​ឈូ​ ស្ថិត​នៅ​ក្នុង​ភូមិ​អូរ​តូច​ សង្កាត់​អណ្ដូង​ខ្មែរ​ ក្រុង​កំពត​ ខេត្ត​កំពត​។
បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ ​គេ​បាន​ឃើញ​ម៉ូតូ​សង់​សេ​១២៥​មួយ​គ្រឿង​បើក​ឌុប​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ពី​ត្បូង​មក​ជើង​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ម៉ូតូ​សង់​បាន​បើក​ភ្លើង​ស៊ី​ញ៉ូ​បត់​ចូល​ផ្ទះ ​ខណៈ​ពេល​នោះ​ក៏​មាន​ម៉ូតូ​ធំ​បើកបរ​ដោយ​ជន​ជាតិ​បរទេស​យ៉ាង​លឿន​ពី​ជើង​មក​ត្បូង​ទិស​ដៅ​បញ្ច្រាស​គ្នា​ បាន​វ៉ា​ឡាន​ដឹក​ដី​នៅពីមុខ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ចំ​ពី​មុខ​ពេញ​ទំហឹង​តែ​ម្ដង។​
មន្ត្រី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរ​នេះ​គឺ​បង្ក​ឡើង​ដោយ​សារ​តែ​ម៉ូតូ​ធំ​បុក​ចំ​ពី​មុខ​ម៉ូតូសង់​បណ្ដាល​មនុស្ស​៣​នាក់​របួសធ្ងន់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពត។ ​ចំណែក​ម៉ូតូ​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​វាស់​វែង​រួច​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​រង់ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​តាម​ច្បាប់៕​