![]() |
| ពស់វែកមួយក្បាលត្រូវវ៉ៃងាប់ និងមួយក្បាលទៀតនៅក្នុងការុង នៅក្នុងផ្ទះជនរងគ្រោះម្សិលមិញ |
ភ្នំពេញៈ ប្រជាពលរដ្ឋមួយគ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ ៣ គ្រួសារ នៅសង្កាត់ បឹងកក់ ១ ខណ្ឌ ទួលគោក ដែលមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនមានអំណាច ហើយបានបដិសេធមិនព្រមចាកចេញពីដីផ្ទះដែលខ្លួនបានរស់នៅ ៣០ ឆ្នាំ មកហើយនោះ ត្រូវបានគេយកពស់វែកដាក់ក្នុងការុងទៅបោះចូលឲ្យលូនប្រសាច ក្នុងផ្ទះ កាលពីយប់រំលងអធ្រាត្រម្សិលមិញ។ នេះបើតាមស្ត្រីម្ចាស់ផ្ទះ ដែលបានហៅទង្វើនេះថាជាការប៉ុនប៉ងសម្លាប់មួយពូជដោយប្រើពស់វែកឲ្យចឹក។
អ្នកស្រី ម៉ក់ សៀរហ៊ូ អាយុ ៥១ ឆ្នាំ បានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា កាលពីវេលាម៉ោង ១ និង ៤៥ នាទី រំលងអធ្រាត្រ ម្សិលមិញ គេឃើញក្មេងទំនើង កាងឲ្យក្រុមហ៊ុន ឃុន សៀ បានយកសត្វពស់វែកដំបូក ដាក់ការុងប្រមាណ ៣ ក្បាលមកលែងបោះឲ្យចូលតាមចន្លោះបង្អួចផ្ទះរបស់អ្នកស្រី។ អ្នកស្រីបន្តថា នៅពេលឮសំឡេងអ្វីមួយធ្លាក់ចូលក្នុងផ្ទះ អ្នកស្រី និងប្តីរបស់អ្នកស្រី បានភ្ញាក់ពីដំណេក ហើយរកមើលក៏ឃើញបុរសម្នាក់ ដែលស្នាក់នៅចាំដីជាអតីតការិយាល័យសង្កាត់ បឹងកក់ មួយ និងឥឡូវជារបស់ក្រុមហ៊ុន ឃុន សៀ បានរត់ចេញយ៉ាងលឿន ទៅខាងក្រៅផ្ទះ។ នៅពេលនោះ អ្នកស្រីក៏បានឃើញពស់វែកក្នុងការុងមួយ ហើយពស់មួយក្បាល បានវារចេញទៅក្រៅផ្ទះ និងមួយក្បាលទៀតត្រូវសមត្ថកិច្ចមកដល់ហើយបានជួយវាយរហូត ងាប់ ខណៈមួយក្បាលទៀតត្រូវចាប់បានទាំងរស់។ អ្នកស្រីថ្លែងថា៖ «ពួកវាលែងពស់ ដោយមានបំណងចង់ធ្វើបាបយើង ចង់ឲ្យពស់ចឹកយើងស្លាប់តែម្តង។ ពស់ហ្នឹងធំប៉ុនកដៃ ហើយប្រវែងជាង ១ មួយម៉ែត្រកន្លះ វាបើកវែកប៊ិះចឹកប្តីខ្ញុំទៀតផង»។
អ្នកស្រី ម៉ក់ ស៊ាវហ៊ូ ជាម្ចាស់ផ្ទះទំហំ ៤៨០ ម៉ែត្រការ៉េ ដែលគ្រួសារអ្នកស្រី បានរស់នៅចាប់តាំងពីឆ្នាំ ១៩៨៣ រហូតមក។ ប៉ុន្តែដីផ្ទះរបស់អ្នកស្រី និងផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៦ គ្រួសារផ្សេងទៀត បានកើតមានជម្លោះជាមួយក្រុមហ៊ុន ឃុន សៀ កាលពីឆ្នាំ ២០១២ ខណៈក្រុមហ៊ុននេះ ទទួលបានដីសាលាសង្កាត់ បឹងកក់ មួយនៅក្បែរផ្ទះអ្នកស្រី។ អ្នកស្រី ស៊ាវហ៊ូ បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋចំនួន ៤ គ្រួសារ ក្នុងចំណោម ៧ គ្រួសារ បានយល់ព្រមទទួលយកសំណងពីក្រុមហ៊ុន ឃុន សៀ ហើយបានចាកចេញ។ ប៉ុន្តែគ្រួសារអ្នកស្រី និងប្រជាពលរដ្ឋ ២ គ្រួសារទៀត មិនព្រមទទួលយកសំណង ដែលមានទឹកប្រាក់ត្រឹមតែ ១ ម៉ឺន ៥ ពាន់ដុល្លារនេះទេ។ អ្នកស្រី ស៊ាវហ៊ូ បានគូសបញ្ជាក់ទៀតថា ដោយសារតែអ្នកស្រីមិនព្រមចាកចេញពីដីនេះទើបក្រុមហ៊ុន បានជួលយុវជនជាក្មេងទំនើង ឲ្យមកកាងអុកឡុកធ្វើទុក្ខ រករឿងធ្វើយ៉ាងម៉េចឲ្យក្រុមគ្រួសាររបស់អ្នកស្រីចាកចេញពីដី នេះ រហូតដល់បានបំពុលឆ្កែ ងាប់ ២ ក្បាល កាលពីពេលថ្មីៗកន្លងទៅនេះ ហើយចុងក្រោយនេះទៀត បានយកពស់វែកមកបោះចូលក្នុងផ្ទះឲ្យចឹកសម្លាប់។
អ្នកស្រីបានឲ្យដឹងទៀតថា៖ «ឆ្កែទីពីររបស់ខ្ញុំ ត្រូវបានពួកគេបំពុលងាប់ម្សិលម៉្ងៃទើបខ្ញុំដឹងខ្លួនថា ពួកគេគ្មានបំណងល្អឡើយ នឹងបន្តធ្វើអ្វីកាន់តែសាហាវដល់ជីវិតពួកយើងទៀត។ ខ្ញុំដាច់ខាតមិនចេញពីផ្ទះនេះទេ ទោះរស់នៅទាំងភ័យខ្លាចក៏ដោយ»។ អ្នកស្រី ស៊ាវហ៊ូ បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរដែនដីពាក់ព័ន្ធ កាលពីម្សិលមិញ ចំពោះជនដែលយកពស់វែកបោះចូលក្នុងផ្ទះអ្នកស្រីនេះ។
លោក សុខ ហេង អាយុ ៥៧ ឆ្នាំ ដែលនៅជាប់ផ្ទះស្រ្តីរងគ្រោះ ហើយដែលបានជួយដេញចាប់ពស់ ឲ្យដឹងថា ភ្នែករបស់លោកត្រូវពស់ព្រួសពិសដាក់ចំភ្នែកខាងស្តាំតែមិនធ្ងន់ធ្ងរទេ។ លោកបន្តថា៖ «ពេលពស់ព្រួសពឹសភ្លាមៗ ខ្ញុំព្រិលភ្នែក តែពេលនេះអត់អីទេ គ្រាន់តែក្រហមបន្តិច ហើយក៏ខ្ញុំឲ្យហ្វាម៉ាស៊ី ផ្សំថ្នាំឲ្យរួចហើយដែរ អត់ទៅពេទ្យទេ ព្រោះអត់មានលុយ»។
នាយនគរបាលប៉ុស្តិ៍សង្កាត់ បឹងកក់ ១ លោក ហម គា បានឲ្យដឹងថា គ្រួសារខាងលើមិនទាន់បានប្តឹងពីករណីមនុស្សគ្រវែងសត្វពស់ចូលក្នុងផ្ទះគាត់នៅឡើយទេ។
ប៉ុន្តែ លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌ ទួលគោក បាននិយាយថា លោកបានឲ្យអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ចុះពិនិត្យទីតាំងផ្ទះគេបោះពស់វែកចូលទាំងយប់ ហើយកំពុងស្រាវជ្រាវពីមូលហេតុនេះ។ លោកថ្លែងថា៖ «ពេលឮមានពស់ ខ្ញុំឲ្យគេចុះធ្វើការហើយ ឥឡូវយើងកំពុងស្រាវជ្រាវ»។
លោក ហម គា បានថ្លែងថា ករណីជម្លោះដីធ្លីនេះ លោកមិនបានដឹងច្បាស់ទេ តែគ្រាន់តែដឹងថា តំបន់នេះ ជាដីចាស់របស់សង្កាត់ តែសង្កាត់បានផ្លាស់ប្តូរ និងបានផ្ទេរឲ្យក្រុមហ៊ុន ឃុន សៀ។ ចំណែកឯប្រជាពលរដ្ឋដែលរស់នៅក្នុងដីសង្កាត់ ដែលជាដីរដ្ឋ ក៏បានចាកចេញហើយផងដែរ ដោយទទួលសំណងពីក្រុមហ៊ុន ឃុន សៀ។ លោកបន្តថា៖ «បួនគ្រួសារដែលចាកចេញក្រុមហ៊ុនឲ្យក្នុងមួយគ្រួសារ ១ ម៉ឺន ៥ ពាន់ដុល្លារ ឯបីគ្រួសារនៅសល់ គាត់ថា តិចពេក និងចង់បានម្នាក់ ៣០ ម៉ឺនដុល្លារ អ៊ីចឹងក្រុមហ៊ុន មិនព្រម»។
កាលពីខែ សីហា ប្តីអ្នកស្រី ស៊ាវ ហ៊ូ ត្រូវបានក្រុមយុវជនរបស់ក្រុមហ៊ុន វាយបែកក្បាល និងកូនស្រី ត្រូវវាយឲ្យរងរបួសជើង។ នេះបើតាមអ្នកច្បាប់ របស់ក្រុមការងារសិទ្ធិលំនៅឋាន លោក ណន អូនី។ លោកបន្តថា ក្រុមហ៊ុននេះ ឈ្មោះ ឃុន សៀ គ្រុប ឌីវើឡុបមិន ដែលមានអ្នកតំណាងក្រុមហ៊ុន ធ្លាប់បានហៅពលរដ្ឋទៅចរចាគ្នា នៅបន្ទាយអង្គរក្ស គឺលោកឧត្តមសេនីយ៍ យឹម លាង ប្រធានកងអង្គរក្សលោក ជា ស៊ីម ដែលជាកូនរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាកូនប្រសាប្រុសលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ។
មិនមានប្រភពទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុន ឃុន សៀ ឡើយ។ប៉ុន្តែ លោកឧត្តមសេនីយ៍ យឹម លាង កាលពីម្សិលមិញ បានថ្លែងយ៉ាងខ្លីថា លោកគ្រប់គ្រងដីមួយកន្លែងនៅតំបន់នោះមែន តែមិនបានដឹងពីបញ្ហាអ្វីឡើយ និងសូម្បីសំណងក៏ជាការដោះស្រាយរបស់អាជ្ញាធរ «សង្កាត់» ផងដែរ។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារសិទ្ធិលំនៅឋាន បានថ្លែងថា ករណីនេះ ជាចេតនារបស់អ្នកចង់បានដីរបស់ប្រជាពលរដ្ឋ។
លោកបន្តថា៖ «នេះជាចេតនារបស់ក្រុមហ៊ុនចង់បានដីពួកគាត់ ព្រោះកន្លងមក គេប្រើគ្រប់មធ្យោបាយ ដូចជា ធ្វើរបងដែក បំពុលឆ្កែ និងជួលជើងកាងទៅអុកឡុក ប្រើហិង្សាលើពលរដ្ឋ តែពួកគាត់នៅតែមិនចេញ។ ចំណែកអាជ្ញាធរមិនចាត់ការអ្វីឡើយ ឃើញដល់មានស្នងការក្រុងចុះទៅមើលទៀតផង»។
លោកបន្តថា បញ្ហាជម្លោះដីធ្លីនៅកម្ពុជា នៅតែបន្តកើតមាននិងមានរូបភាពធ្ងន់ធ្ងរខ្លាំងទៅៗនៅក្នុង អាណត្តិ ទី៥ នេះ។ លោកបន្ថែមថា៖ «ដីប៉ះអ្នកមានអំណាច នៅតែមិនអាចដោះស្រាយបាន ហើយបញ្ហាដីធ្លីនៅតែខ្លាំងដដែល គឺរដ្ឋាភិបាល អាជ្ញាធរ ប្រើយុទ្ធសាស្ត្រគំរាម បំបែក និងចាប់ដាក់គុក»៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍


