
បន្ទាយមានជ័យ ៖ ជនសង្ស័យមានគ្នីគ្នាចំនួន៣នាក់ បានប្រើល្បិចជួលរថយន្តជនរងគ្រោះពីប៉ោយប៉ែតទៅបាត់ដំបង លុះជិះមកដល់ស្រុកម៉ាឡៃដល់កន្លែងស្ងាត់ជនសង្ស័យចំនួន៣នាក់នោះបានធ្វើសកម្មភាពកាប់ និងចាក់វាយទៅលើ ជនរងគ្រោះដែលជាម្ចាស់រថយន្តតាក់ស៊ី ប៉ងប្លន់យករថយន្ត តែសំណាងអាក្រក់ជនសង្ស័យទាំង៣នោះប្លន់ពុំបានសម្រេចគេចខ្លួនបាត់អស់បន្សល់ទុករថយន្តនិងជនរងគ្រោះនៅកន្លែងកើតហេតុ។
ហេតុការណ៍ប៉ងប្លន់យករថយន្តនេះបាន កើតឡើងនៅវេលាម៉ោងជិត៩យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាម ផ្លូវជាតិលេខ៥៧ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
មន្ត្រីអាវុធហត្ថដែលបានចូលរួម ជួយអន្តរាគមន៍ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ឌីណា ភេទប្រុស អាយុជាង៣០ឆ្នាំ រស់នៅ ខេត្តបាត់ដំបង មានមុខរបរ ជាអ្នករត់តាក់ស៊ីបានរងរបួសត្រង់.កយ៉ាងធ្ងន់ធ្ងរដោយត្រូវជនសង្ស័យទាំង៣អារ.ក។ តែសំណាងល្អណាស់ជនរងគ្រោះពុំមានគ្រោះថ្នាក់ដល់អាយុជីវិតព្រោះជនសង្ស័យបានអារពុំដាច់បំពង់.កឡើយ។
សមត្ថកិច្ចខាងលើបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យទាំង៣នាក់នោះ បានទៅជួលរថយន្ត របស់ជនរងគ្រោះម៉ាក កាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6155 ពីទីក្រុងប៉ោយប៉ែត ទៅខេត្តបាត់ដំបង។ លុះពេលធ្វើដំណើរដល់កន្លែងស្ងាត់ នៅស្រុកម៉ាឡៃ ស្រាប់តែជនសង្ស័យទាំង៣នោះ បានចាប់ផ្ដើមធ្វើសកម្មភាពចាប់ជនរងគ្រោះវាយ និងយកកាំបិតទៅអារ.កបណ្ដាលឲ្យជនរងគ្រោះធាក់ធ្លាក់ពីលើរថយន្តតែម្តង។ តែសំណាងល្អ ជនរងគ្រោះពុំទាន់ស្លាប់ដឹងខ្លួនទាន់ក៏បានស្រែកហៅឲ្យអ្នកនៅក្បែរនោះជួយទើបមានភ្ញាក់ផ្អើលមកចោមរោមមើលជនរងគ្រោះដែលត្រូវជនសង្ស័យអារ.កនោះ ហើយធ្វើការបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុកម៉ាឡៃដើម្បីធ្វើការសង្គ្រោះជីវិត និងបានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចស្រុកម៉ាឡៃឲ្យមកជួយធ្វើអន្តរាគមន៍។ ចំណែកជនសង្ស័យទាំង៣បាននាំគ្នារត់ចូលព្រៃបាត់អស់។ ក្រោយកើតហេតុរួច លោក ខេង ស៊ុំ ស្នងការខេត្តបន្ទាយមានជ័យនិងលោក ឱបូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្រោយពីមានករណីនេះកើតឡើងលោកទាំង២បានបញ្ជាឲ្យកម្លាំងនគរបាលនិងកងរាជអាវុធហត្ថជំនាញ សហការជាមួយកម្លាំងស្រុកម៉ាឡៃ ចុះជួយអន្តរាគមន៍ភ្លាមៗ ហើយអាចសង្គ្រោះជនរងគ្រោះនិងយករថយន្ត មកវិញ ខណៈជនសង្ស័យទាំង៣បានរត់គេចខ្លួន ហើយកំពុងតែស្ថិតនៅក្រោមការតាមចាប់ខ្លួន។ លុះរហូតមកដល់ម៉ោង១០យប់ថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ចមិនទាន់ចាប់ខ្លួនជនសង្ស័យទាំងនោះនៅឡើយទេ៕

ប្រភព៖ កម្ពុជាថ្មី
