![]() |
| ក្រុមគ្រួសារ បួងសួងដល់ដួងព្រលឹងរបស់អាកាសយានិកដែលបានបាត់បង់ជីវិតនៅក្នុងការធ្លាក់យន្តហោះនៅឡាវ ក្នុងពិធីបុណ្យសពនៅក្នុងខេត្តកណ្ដាលពីម្សិលមិញ |
កណ្តាលៈ សាកសពអាកាសយានិក កម្ពុជា ដែលស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់ យន្តហោះនៅក្នុងប្រទេស ឡាវ ពីថ្ងៃពុធសប្ដាហ៍មុន ត្រូវក្រុមគ្រួសារធ្វើបុណ្យបូជារួចហើយកាលពីម្សិលមិញ គឺមួយថ្ងៃបន្ទាប់ពីបញ្ជូនសពគាត់មកដល់ប្រទេស កម្ពុជា តាមជើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ឡាវ។
លោក យង់ សំ អាយុ ៥៨ឆ្នាំ អាកាសយានិកប្រចាំក្រុមហ៊ុនអាកាសចរណ៍ ឡាវ បានស្លាប់នៅក្នុងបេសកកម្មហោះហើរកាលពីរសៀលថ្ងៃពុធ ខណៈជើងយន្តហោះនោះដឹកអ្នកដំណើរ ៤៩ នាក់ ពីរដ្ឋធានី វៀងចន្ទន៍ ប្រទេស ឡាវ ទៅក្រុង ប៉ាក់សេ ភាគខាងត្បូងនៃប្រទេសនេះ ហើយបានជួបនឹងអាកាសធាតុអាក្រក់ បណ្ដាលឲ្យយន្តហោះ ATR 72-600 ដ៏ថ្មីសន្លាង ដែលផលិតនៅដើមឆ្នាំ ២០១៣ដោយក្រុមហ៊ុន បារាំង ហើយដែលក្រុមហ៊ុនអាកាសចរណ៍ ឡាវ ទើបតែនាំចូលកាលពីខែ មីនា ឆ្នាំ ២០១៣ កន្លងទៅធ្លាក់ចូលទឹកទន្លេមេគង្គបណ្ដាលឲ្យអ្នកដំណើរនិងអាកាសយានិកសរុបចំនួន ៤៩ នាក់ស្លាប់។
នៅក្នុងពិធីបុណ្យបូជាសព នៅឯគេហដ្ឋានសពក្នុងភូមិ-សង្កាត់ កំពង់សំណាញ់ ក្រុង តាខ្មៅ ខេត្ត កណ្ដាល គេសង្កេតឃើញមានការចូលរួមយ៉ាងច្រើនពីសំណាក់អ្នកភូមិនិង អាជ្ញាធរ រួមទាំងតំណាងក្រុមហ៊ុនអាកាសចរណ៍ ឡាវ ផង។
អ្នកស្រី សុខ ចន្ធូ អាយុ ៥៥ឆ្នាំ ជាភរិយាសពបានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ទាំងក្ដុកក្ដួល ថា នៅថ្ងៃប្ដីគាត់ជួបនឹងឧបទ្ទវហេតុ គាត់កំពុងស្នាក់នៅជាមួយចៅស្រីនៅទីក្រុង វៀងចន្ទន៍ ហើយមានអាការរងាញាក់ចម្លែកខុសពីធម្មតា បើទោះជាគាត់បិទទ្វារផ្ទះនិងកង្ហារនិងម៉ាស៊ីនត្រជាក់ក៏មិនបាត់រងាដែរ។
អ្នកស្រី និយាយថា៖ «នៅម៉ោងជាងបីរសៀលថ្ងៃនោះ ខ្ញុំស្តាប់ឮព័ត៌មានថា មានយន្តហោះមួយធ្លាក់ចូលទន្លេ នៅភាគខាងត្បូងទីក្រុង ប៉ាក់សេ ប្រទេស ឡាវ ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍ទេថា នោះជាយន្តហោះដែលប្ដីខ្ញុំបើក ព្រោះមានយន្តហោះជាច្រើនដែលទៅកាន់តំបន់នោះ។ មួយសន្ទុះមក ស្រាប់តែខ្ញុំមានអារម្មណ៍រងាញាក់ខុសពីធម្មតា ខ្ញុំខំបិទកង្ហា ម៉ាស៊ីនត្រជាក់ និងទាញទ្វារបន្ទប់បិទប៉ុន្តែ ខ្ញុំនៅតែរងា។ ក្រោយមកម៉ោង ៨:៣០ នាទីយប់ខណៈខ្ញុំនិងចៅកំពុងញ៉ាំបាយ ក៏មានមនុស្សជាច្រើនមកដល់ផ្ទះខ្ញុំស្នាក់នៅ ហើយពួកគេបានប្រាប់ថា ប្ដីខ្ញុំជួបឧបទ្ទវហេតុធ្លាក់យន្តហោះស្លាប់ហើយ ហើយអាជ្ញាធរ ឡាវ កំពុងស្វែងរកសពគាត់។ ពេលនោះខ្ញុំគាំងធ្មឹងនិយាយអ្វីមិនចេញទាំងអស់»។
អ្នកស្រីបន្ថែមថា៖ «គាត់គឺជាប្ដីដ៏ល្អរបស់ខ្ញុំ។ ចាប់តាំងពីរៀបការមក គាត់មិនដែលរករឿងឈ្លោះប្រកែកជាមួយប្រពន្ធកូនទេ»។
កូនប្រុសពៅសពលោក យង់ សាវល័ក្ខ អាយុ ២៣ឆ្នាំ បានប្រាប់ថា កាលពីថ្ងៃ ទី១៤ តុលា ឪពុកគាត់បានផ្ញើសារមកឲ្យកូនៗទៅលេងគាត់នៅប្រទេស ឡាវ ដោយប្រាប់ថា នៅថ្ងៃ ទី១៨ តុលា ប្រទេស ឡាវ គេរៀបចំពិធីបុណ្យចេញព្រះវស្សា និងមានពិធីប្រណាំងទូកផង។
លោក សាវល័ក្ខ បន្តថា៖ «ពួកយើងបាននាំគ្នាដាក់ច្បាប់និងរៀបចំប៉ាស្ព័រនិងសំបុត្ររថយន្តរួចរាល់ហើយដោយរំពឹងថា ក្រុមគ្រួសារខ្ញុំនឹងបានសប្បាយជុំគ្នាក្នុងពិធីបុណ្យចេញព្រះវស្សានិងទស្សនាការប្រណាំងទូក ក្នុងប្រទេស ឡាវ។ ប៉ុន្តែ ស្រាប់តែនៅថ្ងៃ ទី១៦ តុលា ពួកខ្ញុំក៏ទទួលដំណឹងថា លោក ប៉ាស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ»។
លោក សាវល័ក្ខ រៀបរាប់ទាំងរលីងរលោងទឹកភ្នែកថា៖ «ខ្ញុំនិងបងស្រីពីរនាក់ បាននាំគ្នាជិះរថយន្តទៅកាន់ប្រទេស ឡាវ ហើយខ្ញុំបានចូលរួមរុករកសពប៉ារបស់ខ្ញុំ ជាមួយក្រុមនគរបាលជើងទឹក ឡាវ ថៃ និង បារាំង រហូតដល់ថ្ងៃ ទី១៨ តុលា ក្រោយពួកខ្ញុំជាកូននាំគ្នារៀបចំពិធីសែនព្រេននិងបួងសួង ទើបពួកគេរកឃើញសពគាត់។ នៅថ្ងៃ ទី១៩ តុលា ក្រោយពីសមត្ថកិច្ច ឡាវ ធ្វើកោសល្យវិច័យរួច ខាងក្រុមហ៊ុនបានជួយដល់ពួកយើងក្នុងការបញ្ជូនសពគាត់មកកាន់កម្ពុជា»។
ដោយមានបំណងចង់ក្លាយជាអ្នកបើកយន្តហោះដូច ឪពុកលោក សាវល័ក្ខ ដែលឆ្នាំនេះកំពុងរៀនឆ្នាំ ទី៤ ផ្នែក អេឡិចត្រូនិក និងកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនក្នុងស្រុកមួយក្នុងក្រុង តាខ្មៅ និយាយថា៖ «គាត់បានស្លាប់ក្នុងបេសកកម្ម ក្នុងនាមខ្ញុំជាកូន ពិតជាមានមោទនភាពណាស់ដែលមានប៉ាដ៏ល្អដូចគាត់។ ខ្ញុំក៏មានបំណងបន្តជាអ្នកបើកយន្តហោះដូចគាត់ដែរ»។
លោក អ៊ឹម ថន អាយុ ៦៥ឆ្នាំ អ្នកនៅជិតខាងគ្នាបាននិយាយថា កាលពីនៅរស់លោក យង់ សំ ជាមនុស្សរួសរាយនិងមានចិត្តល្អ ចេះឈឺឆ្អាលនឹងអ្នកភូមិទូទៅ គាត់មិនរើសអើងទេ។ ក្រៅពីធ្វើជាអ្នកបើកយន្តហោះ គាត់ចូលចិត្តដាំដំណាំនិងធ្វើចម្ការ។
លោក អ៊ឹម ថន បន្តថា៖ «កាលពីជាងដប់ឆ្នាំមុន ពេលគាត់អត់ការងារជាអ្នកបើកយន្តហោះ គាត់បាននាំប្រពន្ធកូនធ្វើចម្ការ ដាំដំណាំហូបផ្លែ និងបន្លែបង្ការជាមួយអ្នកភូមិ ហើយពេលខ្លះគាត់ទៅរត់ម៉ូតូឌុបទៀត។ គាត់ធ្វើការងារមិនប្រកាន់ខ្លួនទេ ហើយអ្នកភូមិចូលចិត្តគាត់ណាស់។ ពួកយើងពិតជាមានការសោកស្ដាយគាត់ខ្លាំងណាស់»។
នៅម៉ោង ៣:៣០ នាទី បុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនអាកាសចរណ៍ ឡាវ មួយក្រុមបានអញ្ជើញចូលរួមសម្តែងមរណទុក្ខក្នុងពិធីបុណ្យសព។ ក្នុងខណៈនោះលោក Somsamay Visounnarath អនុប្រធានក្រុមហ៊ុន អាកាសចរណ៍ ឡាវ បានប្រាប់ថា ក្រុមហ៊ុននឹងទទួលខុសត្រូវទាំងស្រុងក្នុងការចំណាយទៅលើការរៀបចំពិធីបុណ្យសព ហើយក្រុមហ៊ុននឹងផ្ដល់សំណងមួយចំនួនទៀត បន្ទាប់ពីពិធីបុណ្យបញ្ចប់ គឺក្រោយការស៊ើបអង្កេតដែលធ្វើឡើងដោយក្រុមហ៊ុនធានារ៉ាប់រង ដែលជាដៃគូ។
លោក ឃឹម សារុន្ធ អនុប្រធាននាយកដ្ឋានសន្តិសុខ សុវត្ថិភាពនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល កម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នៅពេលនេះក្បាលយន្តហោះត្រូវគេរកឃើញ ហើយនិងបានបញ្ជូនយកប្រអប់ខ្មៅរបស់យន្តហោះនោះយកទៅសិក្សា ស្រាវជ្រាវនៅឯប្រទេស បារាំង ហើយ គឺក្រុមហ៊ុនផលិតយន្តហោះគេយកទៅពិនិត្យផ្ទាល់។
លោកបន្តថា៖ «មកទល់ពេលនេះគ្មាននរណាម្នាក់អាចវាយតម្លៃបានថា ការធ្លាក់នេះមកពីកំហុសបច្ចេកទេសឬមកពីអាកាសធាតុនោះទេ។ គ្រប់ភាគីពាក់ព័ន្ធកំពុងរង់ចាំលទ្ធផលនៃការពិនិត្យប្រអប់ខ្មៅរបស់យន្តហោះនេះ ពីក្រុមហ៊ុនផលិតយន្តហោះរបស់ប្រទេស បារាំង។ ទោះជាបែបណាអាកាសចរណ៍កម្ពុជាមិនមានពាក់ព័ន្ធនឹងករណីនេះទេ ថ្វីបើអាកាសយានិកជាជនជាតិ ខ្មែរ ប៉ុន្តែគាត់គ្រាន់តែជាបុគ្គលិកជាប់កិច្ចសន្យាម្នាក់ ជាមួយក្រុមហ៊ុនអាកាសចរណ៍ ឡាវ ដែលគាត់ត្រូវទទួលបានសំណងផ្សេងតាមកិច្ចសន្យា»។
គ្រោះថ្នាក់ ធ្លាក់យន្តហោះនៅប្រទេស ឡាវ កាលពីថ្ងៃ ទី១៦ ខែ តុលា ឆ្នាំ ២០១៣ បានសម្លាប់ជីវិតមនុស្សទាំងអស់ ៤៩ នាក់ ដែលរួមមានជនជាតិ ឡាវ កម្ពុជា ថៃ ម៉ាឡេស៊ី វៀតណាម កូរ៉េ បារំាង អូស្រ្តាលី អាមេរិក កាណាដា ចិន និង ចិន តៃវ៉ាន់៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍


