Sunday, October 13, 2013

សង្គ្រោះជាតិ​ស្នើ​សុំ​ចូលរួម​បង្សុកូលថ្វាយ​ព្រះ​បរម​រតន​កោដ្ឋ​​ក្នុង​រាជវាំង ​​ព្រឹក​ថ្ងៃ​១៥​តុលា​ដែរ

By on 10:30 PM
លោក គឹម សុខា អនុប្រធាន CNRP


ប្រសិន​បើ ​ថ្នាក់​ដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ព្រះ​បរមរាជវាំង​ អោយ​ថ្នាក់​ដឹកនាំ​សង្គ្រោះជាតិ​ចូលរួម​ក្នុង​ព្រះរាជពិធី​បង្សុកូល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​​រតន​កោដ្ឋ​​ក្នុង​ព្រះ​បរម​រាជវាំ​ង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​តុលា​ដែរ​នោះ គណបក្ស​សង្គ្រោះជាតិ​នឹង​បាន​ធ្វើ​ពិធី​បង្សុកូល​នេះ​២​ដង។ ពី​ព្រោះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៤​តុលា គណបក្សសង្គ្រោះជាតិ​ក៏​នឹង​រៀបចំ​ពិធី​បង្សុកូល​នេះ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​ខណ្ឌ​ទួលគោក​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក​យ៉ែម បុញ្ញ​រិទ្ធ​បាន​ប្រាប់​គេហទំព័រ​ថ្មីៗ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ថា ពិធី​បង្សុកូល​ឧទ្ទិស​ដល់ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះបរម​រតនកោដ្ឋ​​នឹង​ត្រូវ​ដឹកនាំ​ដោយ​លោកកឹម សុខា។ «យើង​ក៏​បាន​ស្នើ​សុំ​ចូលរួម​ព្រះរាជពិធី​បង្សុកូល​នៅ​ក្នុង​ព្រះបរម​រាជវាំងនៅ​ព្រឹក​ថ្ងៃទី​១៥​ដែរ។ តែ​ខ្ញុំ​នៅ​មិនទាន់បាន​ទទួល​​ដំណឹង​ថា ព្រះបរមរាជវាំង​ឆ្លើយ​យ៉ាង​ណា​នៅឡើយទេ។ គឺ​មាន​តែ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ ៥ ឬ​៦​នាក់​ប៉ុណ្ណោះទេ​ដែល​ត្រូវ​ចូលរួម​ក្នុង​ព្រះរាជពិធី​នោះ ប្រសិន​បើ​យើងទទួល​បាន​ការ​អនុញ្ញាត» នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​យ៉ែម បុញ្ញរិទ្ធ។

តាមពិត ក្រៅ​ពី​រៀបចំ​ពិធី​បង្សុកូល​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៤​តុលា គណបក្ស​សង្គ្រោះជាតិ​មាន​គម្រោង​ស្នើ​សុំ​ទៅ​គោរព​ព្រះបរមរូប​ព្រះបរម​រតនកោដ្ឋ​នៅ​រសៀល​ថ្ងៃ​ចន្ទ​ស្អែក​នេះ។ ប៉ុន្តែ​សំណើរ​នេះ​ត្រូវបានបដិសេធ​ហើយ។ បើតាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក​យ៉ែម បុញ្ញរិទ្ធ​ដដែល នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​១៤​តុលា​នេះ គណបក្ស​សង្គ្រោះជាតិ​នឹង​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​វិញ។ តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​រូប​នេះ​ប្រាប់អោយ​ដឹង​យ៉ាងដូច្នេះថា៖«​យើង​នឹងពិភាក្សា​អំពី​ការ​រៀបចំ​មហាបាតុកម្ម​ថ្ងៃទី​២៣​តុលា និង​គម្រោង​របស់​យើង​សម្រាប់​ពេល​ខាង​មុខ​ទៀត»៕

ប្រភព៖ ThmeyThmey