
ភ្នំពេញ៖ បុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ប្រដាប់ដោយកាំភ្លើងខ្លី បន្លំខ្លួនចូលរួម ក្នុង វេទិកា របស់លោក រ៉ុង ឈុន ប្រធានសមាគម គ្រូបង្រៀន កម្ពុជាឯករាជ្យ លើទីលានប្រជាធិបតេយ្យ ត្រូវបាន ឃាត់ខ្លួន និងវាយតប់យ៉ាងដំណំនាព្រឹកថ្ងៃទី១៣ ខែតុលា នេះ។
បុរសរូបនេះ ត្រូវក្រុមសន្តិសុខ និងអ្នកចូលរួម ប្រារព្ធទិវាគ្រូបង្រៀនពិភពលោក បានប្រើហិង្សាវាយតប់ យ៉ាងដំណំ តែសំណាងល្អ ត្រូវបានសមត្ថកិច្ច ចូលមកអន្តរាគមន៍ និងនាំខ្លួន យកទៅសួរនាំនៅស្នងការដ្ឋាននគរ បាលរាជធានី ភ្នំពេញ។
សូមបញ្ជាក់ថា លោក រ៉ុង ឈុន រួមនិងសមាជិក សមាជិកា ព្រះសង្ឃ និងមន្ត្រីជាន់ខ្ពស់គណបក្ស សង្រ្គោះជាតិផង ដែរ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ បានប្រារព្ធទិវា គ្រូបង្រៀនពិភពលោក នៅលើ ទីលានប្រជាធិបតេយ្យ។
ការប្រារព្ធនូវទិវានេះ ត្រូវបានលោក រ៉ុង ឈុន អះអាងថា ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលដំឡើង បៀវត្សរ៍អប្បរមា ចំនួន ១លានរៀល ក្នុងមួយខែជូនគ្រូបង្រៀន, ផ្តល់សិទ្ធិសេរីភាពជូនលោកគ្រូ អ្នកគ្រូ ឲ្យបាន ពេញលេញ និង បញ្ឈប់ការរើសអើងគ្រូបង្រៀននៅកន្លែងការងារ, ត្រូវវិនិយោគលើគ្រូបង្រៀន ចាប់ពីពេលនេះ តទៅ ដើម្បីលើក កម្ពស់គុណភាពអប់រំ ចំណេះដឹងទូទៅ និងឧត្តមសិក្សា៕

ប្រភព៖ Khmerload
