Sunday, October 20, 2013

បើក​រថយន្ត​​បុក​ក្មេងស្រី​អាយុ​៥​ឆ្នាំ​រង​របួស​ធ្ងន់​​រួច​ព្យាយាម​បើក​រត់​​ ​ត្រូវ​​​​​សមត្ថកិច្ច​ស្ទាក់​បាន

By on 10:10 PM
ឧត្តរមានជ័យ ​៖ ​កុមារី​​​អាយុ​៥​ឆ្នាំ​ម្នាក់​បាន​សន្លប់​​ស្ដូកស្ដឹង​នៅ​កន្លែង​កើតហេតុ​ បន្ទាប់​រថយន្ត​កាមរី​​​បាឡែន​បើក​បុក ​រួច​ព្យាយាម​រត់​គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ដេញ​ស្ទាក់​ចាប់​បាន​វិញ។
ហេតុការណ៍​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​រសៀល​ ថ្ងៃទី​២០ ​ខែ​តុលា​ ឆ្នាំ​២០១៣ នៅ​​ចំណុច​ក្បាលស្ពាន ស្ថិត​ក្នុងភូមិ​បន្ទាយ​ចាស់ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រសាទ ខេត្ត​ឧត្តរមានជ័យ ហើយ​​នៅ​វេលា​ម៉ោង​២​និង​២០​នាទី​ថ្ងៃ​ដដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​នៅ​ចំណុច​ស្ពាន​អូរ​តា​ខៀវ ​ព្រំប្រទល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រវាង​ខេត្តព្រះវិហារ។
កុមារី​រងគ្រោះ​ឈ្មោះ វ៉ាន់ រច្នី អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រង​របួស​បែកក្បាល​និង​របួស​ដៃជើង ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​បន្ទាប់ពី​កើតហេតុ។ រីឯ​រថយន្ត​បង្ក​ម៉ាក​កាមរី​បាឡែ​ន​ពណ៌​ស្ករ​ស៊េរី​ឆ្នាំ​២០០៧​ពាក់​ស្លាក​លេខ ភ្នំពេញ​២X-៤៣២៣ បាន​បើក​បុក​ក្មេងស្រី​រងគ្រោះ​ពី​ចំហៀង​ខណៈ​ពេល​ដែល​កុមារី​នោះ​កំពុង​រត់​ឆ្លងថ្នល់។
តាម​របាយការណ៍​ពី​មន្ត្រី​នគរបាល​ចរាចរ​ស្រុក​ត្រពាំង​ប្រាសាទ​បញ្ជាក់​ថា ​គ្រោះ​ចរាចរ​ខាងលើ​រថយន្ត​បង្ក​បាន​បើក​រត់​គេចខ្លួន​បាត់​ក្នុង​កំណាត់​ផ្លូវជាតិ RP174ឆ្ពោះទៅ​ខេត្តព្រះវិហារ។ ពេលនោះ​សមត្ថកិច្ច​បាន​ស្ទាត់​ឃាត់​បាន​នៅ​ព្រំប្រទល់​ខេត្ត ដោយ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ហាន ស្រី​លីន ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​ជាជាង​សំអាង​រស់​នៅក្នុង​ផ្សារ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។
បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​កុមារី​រងគ្រោះ​ខាងលើ​រត់​ឆ្លងថ្នល់​មានបំណង​ទៅ​មើល​បងប្រុស​របស់​ខ្លួន​ស្ទូចត្រី​នៅ​លើ​ក្បាល​លូ ក្បែរ​ចិញ្ចើមថ្នល់ លុះ​រត់​ជិត​ផុត​ថ្នល់​ទៅ​ហើយ​ស្រាប់​តែ​មាន​រថយន្ត​កាម​រី​បា​ឡែ​ន​ ដែល​កំពុងតែ​បើកបរ​ពី​លិចទៅ​កើត​​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​បុក​ក្មេង​ស្រី​ផ្នែក​ចំហៀង​​​រថយន្ត​ខាងស្តាំ បណ្តាល​​​​​​​ផ្លោង​ទៅ​ធ្លាក់​ចិញ្ចើម​ផ្លូវ​ប្រវែង​៥​ម៉ែត្រ​រង​របួស​បែកក្បាល​យ៉ាងដំណំ​ព្រមទាំង​របួស​ដៃជើង។ បន្ទាប់​ពី​កើតហេតុ​ភ្លាមៗ​​​រថយន្ត​បង្ក​ក៏​បន្ថែម​ល្បឿន​ទៅ​មុខ​ទៀត​ក្នុង​បំណង​រត់​គេចខ្លួន​ឆ្ពោះទៅ​ខេត្ត​ព្រះវិហារ ​ប៉ុន្តែ​ដោយ​មន្ត្រី​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​បាន​សហ​ការ​​ជាមួយ​មន្ត្រី​កងរាជអាវុធ​ហត្ថ​ឈរជើង​នៅ​ចំណុច​អូរ​តា​ខៀវ​ ក៏​បាន​​ធ្វើការ​ស្ទាក់​ចាប់​បាន​រថយន្ត​បង្ក​​នៅ​ចំណុច​ព្រំប្រទល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​ រួច​ក៏​​​បញ្ជូន​រថ​យន្ត​នោះ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិ​វិធី៕
a2