
ភ្នំពេញ៖ យុវជនពីរនាក់បានរងរបួសធ្ងន់ធ្ងរដោយសារថយន្ដម៉ាកកូរ៉ូឡាមួយគ្រឿងបានបុកម៉ូតូជនរង គ្រោះពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះទាំងពីរនាក់ត្រូវផ្លោងជិត ១០ម៉ែត្រ រងរបួសធ្ងន់ហើយម៉ូតូ និងរថយន្ដបានរងការខូចខាតយ៉ាង ដំណំ អ្នកឃើញហេតុការណ៍និយាយថានេះជាសំណាងមួយដែលជនរង គ្រោះមិនស្លាប់ពីព្រោះបើមើលតាមការបុកផ្លោងនោះមិនសមថានិងរស់នោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣នៅតាមបណ្ដោយផ្លូវជាតិលេខ៤ត្រង់ចំណុចមុខភូមិអង្គ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះអ្នកបើកម៉ូតូមានឈ្មោះសុខ វិសាល ភេទប្រុសអាយុ២០ឆ្នាំមុខរបរកម្មកររោងចក្រនិងអ្នកជិះពីក្រោយមានឈ្មោះ ហុង សីភេទប្រុសអាយុ២០ឆ្នាំមុខរបរកម្មកររោងចក្រ រងរបួសជើងទាំងអស់គ្នាហើយទាំងពីរនាក់រស់នៅភូមិស្ដុក ឃុំ មានជ័យ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។
ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១០ពាក់ស្លាកលេខភ្នំពេញ1AL4180 រថយន្ដបង្កម៉ាកកូរ៉ូឡាពណ៍ស្ករពាក់ស្លាកលេខកំពង់ចាម2A 0845អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះឡើយ រថយន្ដនេះរងការខូចខាតផ្នេកខាងមុខផងដែរ។
បើយោងតាមអ្នកឃើញហេតុការណ៍និយាយថាមុនពេលកើតហេតុគេឃើញម៉ូតូជនរងគ្រោះជិះឌុបគ្នាក្នុង ទិសដៅពីលិចមកកើត ហើយយរថយន្ដបើកបរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុរថយន្ដនេះបានបត់ឆ្វេងគោលបំណងចូលទៅភូមិអង្គ ប៉ុន្ដែខណៈពេលបត់ក្បាលចូលនោះស្រាប់ម៉ូតូមកដល់ក៏បុកគ្នាតែម្ដង បណ្ដាលឲ្យជនរងគ្រោះត្រូវផ្លោងមកធ្លាក់នៅចិញ្ចើមប្រឡាយទឹកស្អុយរងរបួសធ្ងន់ទាំងពីរនាក់តែម្ដង។ ក្រោយពេលកើតហេតុគេបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ហើយរថយន្ដនិងម៉ូតូត្រូវប៉ូលិសយកមករក្សាតទុករងចាំដោះស្រាយគ្នាជាក្រោយ៕

ប្រភព៖ កម្ពុជាថ្មី
