
ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មលើកំណាត់ផ្លូវជាតិលេខ ៥ ខណៈដែលត្រូវរថយន្តបុក ។ ការប្រទះឃើញសាកសពនេះកាលថ្ងៃទី០៨ វិច្ឆិកា ២០១៣ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខរោងចក្រអគ្គិសនី ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះអាយុប្រហែល២២ឆ្នាំ ភេទប្រុស សម្បុរខ្មៅស្រអែម ស្លៀកខោខ្មៅ ជើងវែង ពាក់អាវយឺត ខ្មៅដៃខ្លី និងពាក់ស្បែកជើងសម្រែកស៊ក ត្រូវរថយន្តបុក និងកិនក្បាលធ្លាយខួរ បាក់ដៃជើង ស្លាប់យ៉ាងអាណោចអាធ័ម ដោយពុំមានអ្នកណាស្គាល់អត្តសញ្ញាណទេ ។
បើតាមការផ្តល់ដំណឹងពីកន្លែងកើតហេតុបានឱ្យដឹងថា ពួកគាត់មិនបានឃើញផ្ទាល់នឹងភ្នែកទេ ប៉ុន្តែម៉ោងប្រហែល ៤ និង ៣០ នាទីទៀបភ្លឺ ឃើញរថយន្តតូចធំបង្អង់ល្បឿនឈប់តែមិនដឹងមើលអ្វីនោះទេ ។ លុះម៉ោងប្រហែល ៦ ព្រឹកពួកគាត់ដើរទៅមើលស្រាប់តែឃើញបុរសម្នាក់ត្រូវរថយន្តបុកធ្លាយខួរស្លាប់នៅលើផ្លូវក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទំនងជាមនុស្សវិកលចរិត ព្រោះដើរលើថ្នល់ម្នាក់ឯង ពុំមានអ្នកណាស្គាល់អត្តសញ្ញាណនោះទេ ។ ចំណែករថយន្តអាចជារថយន្តធុនធំ ហើយយើងកំពុងធ្វើការស្រាវជ្រាវ រកទាំងរថយន្តបង្កហេតុ និងក្រុមគ្រួសារជនរងគ្រោះ ៕
ប្រភព៖ កំណើតថ្មី
