ជាបឋម យើងត្រូវទទួលស្គាល់ថា រហូតដល់បច្ចុប្បន្នភាព បញ្ហាពាក់ព័ន្ធទៅនឹងសម្លៀកបំពាក់ខ្មែរ នាសម័យបុរេប្រវត្តិសាស្ត្រ ពុំទាន់បានទទួលយកចិត្តទុកដាក់ប៉ុន្មាន ពីអ្នកស្រាវជ្រាវនៅឡើយ។ មូលហេតុចម្បងគឺបណ្តាមកពី តាំងពីសម័យអាណានិគមបារាំង ពួកអ្នកស្រាវជ្រាវជាប់រវល់ តែនឹងវិស័យសិល្បៈស្ថាបត្យកម្មប្រាង្គប្រាសាទបុរាណ។
ដូច្នេះបញ្ហានេះជាការងារស្រាវជ្រាវមួយថ្មីសន្លាងចំពោះយើង។ ដើម្បីសិក្សាយ៉ាងល្អិតល្អន់អំពីបញ្ហានេះ យើងត្រូវពិនិត្យនូវទិន្នន័យខាងបុរាណវិទ្យា តាមស្ថានីយមួយចំនួន ទាំងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ទាំងប្រទេសជិតខាងមួយចំនួន ដែលធ្លាប់មានលំនៅដ្ឋាន របស់បុព្វការីជន មន-ខ្មែរ។ ម្យ៉ាងវិញទៀត ការសិក្សាអំពីបុរាណវិទ្យា ត្រូវផ្សារភ្ជាប់ជាមួយជាតិពន្ធុវិទ្យាផងដែរ។
ក្នុងឋានៈជាជនជាតិចាស់ ដែលធ្លាប់មានវប្បធម៌ប្រចាំជាតិរបស់ខ្លួនជាច្រើនពាន់ម៉ឺនឆ្នាំមុនការទទួលឥទ្ធិពលពីឥណ្ឌា សហគមន៍ខ្មែរដែលមានលក្ខណៈជាកុលសម្ព័ន្ធ បានចេះស្លៀកពាក់រួចទៅហើយ ។
ដូចទើបពោល ចំពោះសម្លៀកបំពាក់ នាមស័យប្រវត្តិសាស្ត្រ ការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា កាលពីដើមរៀងមក ជាពិសេស ចាប់ពីសម័យលោហធាតុ ប្រជាជនខ្មែររមែងតែចេះបិទបាំងរូបរាងកាយ ដោយសម្លៀកបំពាក់ ទោះបីសម្លៀកបំពាក់ទាំងនោះ មានលក្ខណៈខុសប្លែកពីប្រទេសអឺរ៉ុបក៏ដោយ។ យ៉ាងណាមិញ ការស្រាវជ្រាវខាងជាតិពន្ធុវិទ្យា ជាពិសេសជនជាតិខ្មែរដើមភាគតិច ក៏ជាតឹកតាងស្តីនិរន្តភាពនៃខឿនវប្បធម៌ខ្មែរដែរ។
១- ត្រាដីដុត សំរោងសែន (ឯកសារ Mansuy), ២-៤ ត្រា និង ផ្លែត្រុល មកពីភូមិស្នាយ សារមន្ទីរជាតិពន្ធុវិទ្យាទួលគោក (ម.ត ២០០៦)
កន្លងមកនេះគឺក្នុងរវាងឆ្នាំ ១៩៦៩ និង ១៩៧១ លោក ដាំឈឿន បានរកឃើញតាមរយៈការជីអណ្តូងទឹកមួយ ក្នុងភូមិព្រីងទុំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នូវរូបចម្លាក់មួយចំនួន ដែលក្នុងបណ្តាវត្ថុបុរាណទាំងនោះ មានរូបសត្វដំរីនិងទមាក់ដំរីមួយ ដែលបានទាក់ទាញការចាប់អារម្មណ៍របស់យើង។ ការរកឃើញនូវចម្លាក់ទាំងនោះ ដែលស្ថិតក្នុងចុងយុគសម័យសំរិទ្ធិ និងដើមសម័យប្រវត្តិសាស្ត្រ ពោលគឺ ពីស.វទី២ មុនគ.ស និង ២-៣ ក្រោយគ.ស ឆ្លុះបញ្ចាំងឲ្យដឹងថា បុព្វការីជនខ្មែរគ្រាន់តែចេះផ្សាំងសត្វដំរីតែប៉ុណ្ណោះទេ ពួកថែមទាំងចេះស្លៀកប៉ឹង ជាសម្លៀកបំពាក់ប្រចាំជាតិរបស់ខ្លួនរួចទៅហើយផងដែរ ។
យើងសង្កេតឃើញថា ការរីកចម្រើននៃសហគមន៍មន-ខ្មែរ ក៏បានលាតសន្ធឹងពីខេត្ត បន្ទាយមានជ័យរហូតដល់ឧត្តនរ៉ាជធ៉នី នគររាជសីមា និងកញ្ចនៈបុរីផងដែរ ។ ដូចនេះ ដោយសារការឆ្លងគ្នា ទៅវិញទៅមក នៃវប្បធម៌ដែលជាសភាវធម្មតា ក្នុងសហគមន៍មនុស្ស មន-ខ្មែរ នាជំនាន់នោះ យើងដឹងថា ចម្លាក់សំរិទ្ធឬក៏គំនូរចាត់ពណ៌ លើគុហាភ្នំទាំងឡាយ មានលក្ខណៈបុគ្គលិកដូចគ្នា ។ មួយទៀត នៅស្ថានីយស្នាយឯណោះវិញ ក្នុងខេត្តបន្ទាយមានជ័យដូចគ្នា មនុស្សក្នុងសម័យនោះ ក៏មានការនិយមប៉ឹងដូចគ្នាដែរ ។
ក្នុងបណ្តាភស្តុតាងជាច្រើនទៀត ក៏មានការឆ្លាក់រូបមនុស្ស ស្លៀកប៉ឹងលើចំហៀងនៃថាស់ស្គរមហោរធឹកសំរិទ្ធិដែរ ដូចករណីមួយនៅភូមិព្រហារ ខេត្តព្រៃវែង ដែលអ្នកស្រុកបានយកលក់ទៅឯប្រទេសវៀតណាម ដោយខុសច្បាប់រួចបាត់ទៅហើយ (កាលពី ឆ្នាំ ២០០៨) ។
ប៉ុន្តែ ទោះជាមានការនិយមប៉ឹងដោយមនុស្សភេទប្រុស យ៉ាងច្រើនយ៉ាងណាក៏ដោយ ក៏យើងពុំទាន់បានជួបប្រទះចម្លាក់ស្ត្រី ស្លៀកសំពត់នៅឡើយ ។ លុះកាលពីឆ្នាំ ១៩៩៣ ទើបអ្នកស្រុកនៅភូមិស្នាយ បានរកឃើញកាំបិទស្នៀតមួយ ដែលនៅខាងចុងដង លំអរដោយរូបមនុស្សភេទស្រីម្នាក់ ដែលដងខ្លួនស្លៀកសំពត់ខ្លីមួយ ។ សូមជម្រាបថា យើងក៏ប្រញាប់ប្រញាល់ទិញកាំបិតស្នៀតនេះហើយ បានធ្វើអំណោយជូនឲ្យទៅសារមន្ទីរជាតិភ្នំពេញដែរ ដើម្បីទុកជាសម្បត្តិវប្បធម៌ជាតិ ។
ដូច្នេះ តាមរបកគំហើញថ្មីនេះ សំពត់កើតបានជារូបរាងឡើង ប្រហែលជាសម័យថ្មរំលីង ត្រូវបានបន្តរហូតដល់ចុងយុគសំរិទ្ធិ ក្នុងខណៈដែលសហគមន៍ហៀបនឹងឈាន ទៅកាន់សកលភាវូបនីយកម្ម តាមរយៈពាណិជ្ជកម្មអន្តរជាតិ ជាមួយចិន ឥណ្ឌា និងចក្រភពហ្គ្រិច្កូ-រ៉ូម៉ាំង ។
១-២ សំណល់ អំបោះ ភ្ជាប់វត្ថុបុរាណ, ភូមិបានឈៀង (ឯកសារនាយកដ្ឋានវិចិត្រសិល្បៈថៃ) - ៣-៤ ភូមិស្នាយ (ថត ២០០៧)
នៅដើមសម័យប្រវត្តិសាស្ត្រ មានគំនូរមួយលើជញ្ជាំងភ្នំ នៅខេត្តក្របី ក្នុងឈូងសមុទ្រសៀមសព្វថ្ងៃ ដែលបង្ហាញឲ្យឃើញពីការនិយមអាវវែងដែរ ។ តែនៅទីនោះ សំពត់រុំដងខ្លួនមនុស្សពី ក រហូតដល់កំភួនជើង ។ បើតាមការរាយការណ៍ខាងបុរាណវិទ្យា យើងក៏ដឹងដែរថា នៅអតីតដែនដីកម្ពុជាក្រោម បុព្វការីជននាសម័យបុរេប្រវត្តិសាស្ត្រ ក៏បាននិយមប៉ឹងនិងសំពត់ដូចគ្នាដែរ ។
សរុបសេចក្តីមក សិល្បៈទាំងនោះ ដែលគេបានជួបប្រទះ សុទ្ធតែត្រូវបានកើតឡើង អាស្រ័យតែជំនឿលើបុព្វការីជន ក៏មែនពិត តែទន្ទឹមជាមួយនេះ ជាភស្តុតាងបង្ហាញអំពីសម្លៀកបំពាក់ របស់មនុស្សខ្មែរយ៉ាងប្រាកដ ។
មុននឹងបញ្ចប់រឿងសម្លៀកបំពាក់ របស់មនុស្សទាំងពីរភេទ នាសម័យបុរេប្រវត្តិសាស្ត្រ និងដើមសម័យប្រវត្តិសាស្ត្រ គប្បីយើងលើកករណីផ្លែត្រល់ និងត្រាសម្រាប់ប្រថាប់លើសម្លៀកបំពាក់ ឬក៏សំណល់ខ្សែអំបោះ នៅជាប់ទៅនឹងគ្រោងឆ្អឹងឬក៏វត្ថុប្រើប្រាស់ មកពិពណ៌នា ។ សូមបញ្ជាក់នៅទីនេះថា ដូចនៅប្រទេសចិន ឬនៅអឺរ៉ុប វត្តមានរបស់ឧបករណ៍ប្រើប្រាស់ទាំងនោះ គឺជាភស្តុតាងជាប្រយោលនៃការត្បាញសម្លៀកបំពាក់នាសម័យបុរាណ ដោយឥតប្រកែក ។
គំនូរបុរេប្រវត្តិសាស្ត្រ (Cf. នាយកដ្ឋានវិចិត្រសិល្បៈថៃ), ចម្លាក់ស្ត្រីភេទ ស្លៀកសំពត់ ភូមិស្នាយ និងបុរស និយមប៉ឹងលើស្គរមហោរធឹក ភូមិព្រហារ ដាក់លក់នៅផ្សារទួលទំពូង ស.វ ទី ៣-៤ នៃ គ.ស (ថត ឆ្នាំ ២០០៧)
ដោយសំអាងទៅលើវត្ថុវប្បធម៌តាំងនោះ យើងអាចសន្និដ្ឋានបានថា ការនិយមសម្លៀកបំពាក់ ដែលផ្តើមចេញពីសម័យថ្មរំលីង ត្រូវបានបន្តរហូតដល់សម័យប្រវត្តិសាស្ត្រ ដោយអម្បូរមន-ខ្មែរ រួមមានប្រជាជនមន, ខ្មែរ និងមនុស្សដើមភាគតិច ក្នុងភូមិភាគអាស៊ីអាគ្នេយ៍នេះ ។ ព្រោះតាមធម្មតាសម្រាប់ប្រជាជនខ្មែរ ក៏ដូចគ្រប់សញ្ជាតិនៅលើពិភពលោកយើងនេះដែរ តែងតែចេះស្លៀកពាក់រួចទៅហើយ តាំងតែសម័យបុរេប្រវត្តិសាស្ត្រមកម្ល៉េះ៕
